ភ្នំពេញៈ នៅមុនពេលដែលការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃផ្លូវជាតិលេខ ៥ ដែលជាផ្លូវអាស៊ាន ហាយវេលេខ ១ នាចុងខែវិច្ឆិកានេះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ផ្លូវជាតិនេះនឹងជំរុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត ក្នុងការបង្កើនការនាំចេញនាំចូលសម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា។
លោក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះតាមរយៈហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ថា៖«ផ្លូវជាតិលេខ ៥ នឹងជំរុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត និងផ្តល់នូវអត្ថប្រយោជន៍យ៉ាងធំធេងដូចជា អាចបង្កើនការនាំចេញនាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា»។
លោកបន្តថា៖ «ជាពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដងផ្លូវ ១ នេះ នឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍ផងដែរ»។ លោកនាយករដ្ឋមន្ត្រីបន្ថែមថា ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងអាទិភាពគន្លឹះទី២ នៃអាទិភាពគន្លឹះទាំង ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យានៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នេះ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា បានថ្លែងនៅថ្ងៃទី ១៣ ខែវិច្ឆិកាថា ផ្លូវជាតិលេខ ៥ នេះ គឺជាផ្លូវដ៏សំខាន់ សម្រាប់កម្ពុជាក្នុងការដោះដូរទំនិញជាមួយនឹងប្រទេសថៃ ដែលនឹងធ្វើឱ្យមានកំណើននៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២។
លោកបញ្ជាក់ថា៖ «ផ្លូវជាតិលេខ ៥ នេះ ភាគច្រើនមានការនាំចូលទំនិញពីប្រទេសថៃច្រើនជាងនាំចេញទៅប្រទេសថៃ ដូចជា គ្រឿងឧបភោគបរិភោគ គ្រឿងយន្តកសិកម្ម គ្រឿងសម្អាង ខណៈកម្ពុជានាំចេញវត្ថុធាតុដើមកសិកម្មទៅដូចជា ពោត ដំឡូងមី ជាដើម»។ លោកថា វិស័យដឹកជញ្ជូនពិតជាត្រូវការចាំបាច់នូវហេដ្ឋារចនាសម្ព័ន្ធល្អ ដូចជាផ្លូវថ្នល់ ស្ពាន និងកំពង់ផែជាដើម ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងការតភ្ជាប់ពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសជិតខាង ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
ស្របគ្នានេះលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ក៏ថ្លែងដែរថា ផ្លូវជាតិលេខ៥ គឺជាបណ្តាញផ្លូវសេដ្ឋកិច្ចមួយដ៏ធំសម្រាប់ប្រទេសកម្ពុជា ជាពិសេសការដឹកជញ្ជូនទំនិញពីប្រទេសថៃ មកកម្ពុជា។
លោកថា៖ «ដូចយើងដឹងហើយថា ទំនិញស្ទើរទាំងអស់ដែលដឹកចេញពីថៃចូលមកកម្ពុជាតាមច្រកប៉ោយប៉ែត មកកាន់រាជធានីភ្នំពេញ គឺតាមផ្លូវជាតិលេខ៥នេះឯង។ ជាមួយគ្នានោះដែរ ផ្លូវបំបែក ខេត្តកោះកុង ពោធិ៍សាត់ ក៏ត្រូវឆ្លងកាត់ផ្លូវជាតិនេះដែរ ដែលនេះជាចរន្តសេដ្ឋកិច្ចមួយសម្រាប់ការតភ្ជាប់រវាងថៃ និងកម្ពុជា»។
សូមជម្រាបថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ ដែលបានប្រើពេលសាងសង់អស់រយៈពេល ៥៥ ខែ។
ផ្លូវនេះ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ដោយបានចំណាយថវិកាសាងសង់អស់ប្រមាណ ៥០០ លានដុល្លារ អាមេរិក សាងសង់ដោយ សម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo JV និងសម្ព័ន្ធក្រុមហ៊ុន Daiho-Asanuma JV និងធ្វើការត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC និង TANCONS ។ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ នេះ មានប្រវែង ៣៦៦ គីឡូម៉ែត្រ៕