ភ្នំពេញៈ វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបរំពឹងថា នឹងអាចស្រូបទាញភ្ញៀវទេសចរឱ្យទៅកម្សាន្តកាន់តែច្រើនចាប់ពីដើមឆ្នាំ ២០២៤ ខាងមុខតទៅ ខណៈប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញកម្មវិធី «ទស្សនាខេត្តសៀមរាប ឆ្នាំ ២០២៤»។
ថ្លែងក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី ១៩ ដែលរៀបចំនៅវិមានសន្តិភាព កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា ទេសចរណ៍ គឺជាវិស័យដ៏សំខាន់មួយដែលបានផ្តល់នូវការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា និងបានរួមចំណែកយ៉ាងច្រើននៅក្នុងចរន្តសេដ្ឋកិច្ចជាតិ នៅមុនពេលមានវិបត្តិជំងឺកូវីដ ១៩។ លោកបន្ថែមថាគ្រប់គ្នាដឹងហើយថា វិស័យទេសចរណ៍បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិជំងឺកូវីដ ១៩ ដែលបានអូសបន្លាយពេលមកដល់ពេលនេះ។
ជាការពិតទោះពេលនេះចំនួនភ្ញៀវទេសចរ (បរទេស) មានកំណើន ប៉ុន្តែមិនទាន់ដល់កម្រិតមុនពេលមានវត្តមានជំងឺកូវីដទេ ហើយការកើនឡើងនេះទៀតសោតក៏មានស្ថានភាពមិនដូចគ្នានៅតាមគោលដៅទេសចរណ៍សំខាន់ជាពិសេសខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ដ៏ធំមួយនៅកម្ពុជា។
លោកថ្លែងថា៖ «យើងទាំងអស់គ្នាទទួលស្គាល់ថា ខេត្តសៀមរាបទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេនៅក្នុងចំណោមបណ្តាគោលដៅទេសចរណ៍ផ្សេងទៀតក្នុងប្រទេសកម្ពុជា ពិសេសនាពេលបច្ចុប្បន្ន។ ក្នុងន័យនេះរាជរដ្ឋាភិបាលពិតជាមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការពិសេសនានាដើម្បីលើកស្ទួយទេសចរណ៍ក្នុងខេត្តសៀមរាបឱ្យល្អប្រសើរឡើងវិញ»។
លោកបន្ថែមថា នៅពេលស្ថានភាពវិស័យទេសចរណ៍ខេត្តសៀមរាបមានភាពល្អប្រសើរឡើងវិញ ក៏នឹងជះឥទ្ធិពលដល់ខេត្តផ្សេងៗទៀតនៅទូទាំងប្រទេសផងដែរ។ ពិតណាស់ការផ្តោតលើខេត្តសៀមរាប មិនមែនមានន័យថា រាជរដ្ឋាភិបាលមិនគិតគូរពីវិស័យទេសចរណ៍នៅកន្លែងផ្សេងនោះទេ ប៉ុន្តែជាជំហានចំពោះមុខ គឺការផ្តោតការយកចិត្តទុកដាក់ជាពិសេសខេត្តសៀមរាប តាមការដាក់ចេញវិធានការផ្សេងៗ ដើម្បីយើងឈានទៅដល់ការទាញទេសចរមកកម្ពុជា។
លោកបានបន្ថែមថា៖ «នៅក្នុងន័យនេះខ្ញុំសូមប្រកាសជូនជនរួមជាតិ ទាំងនៅទីនោះថា រាជរដ្ឋាភិបាលបានផ្តួចផ្តើមដាក់ចេញនូវកម្មវិធីពិសេសមួយគឺ«ទស្សនាសៀមរាប ឆ្នាំ២០២៤» ដែលក្នុងកម្មវិធីនេះរាជរដ្ឋាភិបាលនឹងដាក់ចេញវិធានការមួយចំនួនសំដៅជំរុញឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបមានសម្ទុះងើបឡើងវិញ»។
យោងតាមលោកនាយករដ្ឋមន្ត្រី វិធានការសំខាន់ៗដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប មានដូចជា ការលើកកម្ពស់ការធ្វើបដិសណ្ឋារកិច្ចតាមព្រំដែន, ការបំពេញឯកសារតាមអនឡាញ, ការពង្រឹងសន្តិសុខ, ការតភ្ជាប់កាមេរ៉ាសុវត្ថិភាព, ការពង្រឹងវិសាលភាពនៃបណ្ណព្រំដែន, ការពិនិត្យលើលទ្ធភាពក្នុងការផ្តល់ឥណទានសម្រាប់ប្រតិបត្តិការទេសចរណ៍នៅខេត្តសៀមរាប, ការលើកលែងពន្ធមួយចំនួនសម្រាប់អាជីវកម្មនៅក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប, ការលើកលែងប្រាក់ពិន័យអន្តរកាលលើអាជ្ញាប័ណ្ណមគ្គុទ្ទេសក៍ទេសចរ និងអ្នកបកប្រែ... ជំរុញការតភ្ជាប់ជើងហោះហើរពីគោលដៅសំខាន់ៗ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសោភណភាព និងការផ្សព្វផ្សាយជាដើម។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បានប្រាប់ថា ផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ពិតជារីករាយក្នុងការរង់ចាំទទួលភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្តសៀមរាប ខណៈបច្ចុប្បន្នចំនួនភ្ញៀវបរទេសដែលមកកម្សាន្តនៅតាមប្រាសាទបុរាណនានានៅមានចំនួនតិចតួចនៅឡើយបើធៀបនឹងមុនឆ្នាំ ២០២០។ លោកបន្តថា ផ្នែកឯកជនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការទទួលភ្ញៀវទេសចរពីគ្រប់តំបន់។
លោកនិយាយថា៖ «យើងពិតជារីករាយចំពោះអ្វីដែលរាជរដ្ឋាភិបាលបានកំណត់ នឹងរំពឹងថានឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនចូលមកកម្សាន្តនៅក្នុងខេត្តសៀមរាប»។
លោកបន្ថែមថា ទោះយ៉ាងណាអាជ្ញាធរក៏ត្រូវពិនិត្យឱ្យបានហ្មត់ចត់លើបញ្ហាអនាម័យ និងការគ្រប់គ្រងសំណល់នៅតាមទីសាធារណៈផងដែរ។
ទិន្នន័យមន្ទីរទេសចរណ៍ខេត្តសៀមរាប ឱ្យដឹងថា គិតត្រឹមរយៈពេល ៩ ខែ នៃឆ្នាំ ២០២៣ ខេត្តសៀមរាបមានអាជីវកម្មទេសចរណ៍កំពុងដំណើរការសរុប ៨៣១ កន្លែងស្មើនឹងជាង ៧១ ភាគរយនៃអាជីវកម្មសរុបក្នុងខេត្តសៀមរាប ចំនួន ១ ១៦៥ កន្លែងមានដូចជា សេវាកម្មស្នាក់នៅសណ្ឋាគារ និងភោជនីយដ្ឋាន ជាដើម។
យោងតាមក្រសួងទេសចរណ៍ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ៣,៩២ លាននាក់ កើនឡើង ២១០,២ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមានចំនួន ១,២៦ លាននាក់។
ក្នុងចំណោមភ្ញៀវខាងលើ គឺភ្ញៀវជនជាតិថៃ មានចំនួន ១,៣៣ លាននាក់ (ស្មើ ៣៤,១ភាគរយនៃចំនួនភ្ញៀវបរទេសសរុប) កើនឡើង ១៨៩,៥ ភាគរយ, វៀតណាម ៧៣០ ០៧៥ នាក់ (១៨,៦ ភាគរយ) កើន ១៥៦ ភាគរយ, ចិន ៤០៥ ៥១៤ នាក់ (១០,៣ភាគរយ) កើន ៥៤៩,៦ ភាគរយ, និងឡាវ ២៥១ ៦៥៨ នាក់ (៦,៤ភាគរយ) កើន ៥៤៨,៩ ភាគរយ។
ចំពោះភ្ញៀវមកពីប្រទេសសំខាន់ៗផ្សេងទៀតមានដូចជា អាមេរិក, កូរ៉េ, ឥណ្ឌូនេស៊ី, បារាំង, រុស្ស៊ី, និងចក្រភពអង់គ្លេស ជាដើម។ ឆ្នាំ ២០១៩ គឺជាពេលដែលកម្ពុជាទទួលបានភ្ញៀវអន្តរជាតិច្រើនបំផុត ដោយមានចំនួន ៦,៦១ លាននាក់ កើនឡើង ៦,៦ភាគរយធៀបឆ្នាំ ២០១៨។ ក្នុងនោះភ្ញៀវមកពីប្រទេសជាប់ព្រំប្រទល់ទាំង ៣ មានចំនួនសរុប ១ ៦០៨ ៦២៥ នាក់៕