ភ្នំពេញៈ អគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) បានលើកឡើងថា ការតភ្ជាប់ជាមួយប្រព័ន្ធ CamDX កាលពីពេលថ្មីៗនេះ នឹងអនុញ្ញាតដល់សាធារណជនអាចធ្វើការបើកគណនីជូញដូរបានភ្លាមៗ ដែលជាកត្តាជំរុញដ៏សំខាន់មួយក្នុងការសម្រួលដល់វិនិយោគិនសាធារណៈលើផ្សារហ៊ុនកម្ពុជា។
លោក ហុង សុហួរ បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា គោលដៅដែល CSX ចូលជាសមាជិក CamDx គឺដើម្បីជំរុញការបើកគណនីជូញដូរឱ្យកាន់តែមានភាពរលូនជាងមុនតាមរយៈអនឡាញ ដូច្នេះសាធារណជន ដែលគាត់ចង់បើកគណនីតាមបណ្តាញអនឡាញយ៉ាងងាយស្រួល និងបញ្ចៀសការភាន់ច្រឡំនានា និងគ្មានការ Hack ចូលគណនីឡើយ។ ដូច្នេះចូលសមាជិកនៃ CamDX នេះ ដោយសារតែ CSX ទទួលបាន E-KYC (ស្គាល់អតិថិជនរបស់អ្នក) ក្នុងការផ្ទៀងផ្ទាត់អត្តសញ្ណាប័ណ្ណបានភ្លាមៗតែម្តង។
លោកបានថ្លែងថា៖«ជាមួយសេវាបែបនេះ ប្រជាពលរដ្ឋយើងនៅទូទាំងប្រទេសឬនៅបរទេសក៏ដោយ ឱ្យតែពួកគាត់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរពិតប្រាដកនៅក្នុងទិន្នន័យរបស់ក្រសួងមហាផ្ទៃគឺគ្រប់គ្នាសុទ្ធតែអាចបើកគណនីជួញដូរបានភ្លាមៗដើម្បីជូញដូរភ្លាមៗផងដែរ»។
«ដូច្នេះការចុះបញ្ជីតាមអនឡាញនេះយើងបាន យើងក៏ទើបតែភ្ជាប់បណ្តាញជាមួយនិយ័តករមូលបត្រកម្ពុជាដើម្បីអនុញ្ញាតឱ្យវិនិយោគិនទទួលបានអត្តសញ្ញាណវិនិយោគិនភ្លាមៗ។ ឥឡូវយើងភ្ជាប់ជាមួយ CamDX គឺដើម្បីផ្ទៀតផ្ទាត់អត្តសញ្ញាណរបស់អតិថិជនបានភ្លាមៗ»។ នេះបើយោងតាមលោក សុហួរ។
លោកថា នាពេលខាងមុខ យើងនឹងបន្តភ្ជាប់ជាមួយធនាគារផ្សេងៗ ដើម្បីធ្វើការផ្ទេរប្រាក់ឬទិញភាគហ៊ុនបានភ្លាមៗ
កាលពីថ្ងៃទី២៥ ខែតុលា CSX និង និយ័តករមូលបត្រកម្ពុជា បានធ្វើការរតភ្ជាប់ប្រព័ន្ធផ្តល់លេខអត្តសញ្ញាណវិនិយោគិនរបស់និយ័តករមូលបត្រកម្ពុជា និងប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញរបស់ផ្សារមូលបត្រកម្ពុជា។
ការតភ្ជាប់ប្រព័ន្ធនេះ គឺជាការពង្រឹងចំណងការងាររវាង និយតករ និងប្រតិបត្តិករ ដើម្បីផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន, ការត្រួតពិនិត្យមើលទីផ្សារ, និងពិសេសគឺ ការអនុញ្ញតឱ្យមានការទទួលបានលេខអត្តសញ្ញាណវិនិយោគិន និងបើកគណនីជួញដូរបានភ្លាមៗបន្ទាប់ពីវិនិយោគិនបានស្នើសុំទៅកាន់ក្រុមហ៊ុនមូលបត្រ។
លើសពីនេះទៅទៀត ការតភ្ជាប់នេះ បានបង្កើតនូវភាពពេញលេញនូវការបង្កើតប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញនិងប្រព័ន្ធថ្មីមួយ សម្រាប់ក្រុមហ៊ុនមូលបត្រ ក្នុងការស្នើសុំលេខអត្តសញ្ញាណវិនិយោគិន និងបើកគណនីជូនវិនិយោគិនបានភ្លាមៗ ក្នុងប្រព័ន្ធតែមួយ។
បើយោងតាមលោក សុហួរ បច្ចុប្បន្ន មានក្រុមហ៊ុនមូលបត្រចំនួន ៥ បានចុះឈ្មោះប្រើប្រាស់ប្រព័ន្ធរបស់ CSX ដែលមានក្រុមហ៊ុនមូលបត្រអអេចប៊ី ស៊ីឃ្យួរឹធី,កាណា ស៊ីឃ្យួរឹធី, អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី,ខេមបូឌា ស៊ីឃ្យួរឹធី,និងកម្ពុ ស៊ីឃ្យួរឹធី។
លោកបានថ្លែងថា៖«ចាប់ពីដើមឆ្នាំរហូតដល់ដំណាច់ឆ្នាំ ២០២៣ នេះ យើងនឹងទទួលបានវិនិយោគិនថ្មី សរុបប្រមាណ ១៣០០០ នាក់ ប៉ុន្តែនៅឆ្នាំ ២០២៤ យើងរំពឹងថា នឹងទទួលបានវិនិយោគិនថ្មី ប្រមាណ ៣ ម៉ឺន ដល់ ៥ ម៉ឺននាក់ បន្ទាប់ពីវិនិយោគិន អាចបើកគណនីតាមអនឡាញបានដោយងាយស្រួល»៕