ភ្នំពេញៈ អាជ្ញាធរខេត្តកែបរំពឹងថា នឹងមានភ្ញៀវទេសចរមកចូលរួមលើសពី ១០ ម៉ឺននាក់ ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១០ នៅដើមខែធ្នូខាងមុខ ខណៈការរៀបចំទីតាំង និងការកែលម្អសោភណភាពខេត្ត ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកំពុងដំណើរការទៅមុខយ៉ាងរលូន។ នេះបើយោងតាមលោក សោមពិសិដ្ឋ អភិបាលខេត្តកែប។
ឆ្នាំ ២០២៣ គឺជាលើកទី១០ ដែលប្រទេសកម្ពុជារៀបចំពិធីបុណ្យសមុទ្រ ខណៈជាលើកទី៣ សម្រាប់ខេត្តកែបដែលធ្វើជាម្ចាស់ផ្ទះ ដោយលើកទី១ កាលពីឆ្នាំ ២០១៣ និងលើកទី២ ឆ្នាំ ២០១៧។ កាលពីឆ្នាំ ២០២២ បុណ្យសមុទ្រត្រូវបានរៀបចំនៅខេត្តព្រះសីហនុ។ បុណ្យសមុទ្រត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ (លើកលែងអំឡុងពេលរីករាលដាលកូវីដ ១៩) ដោយប្តូរវេនរវាងខេត្តនៅជាប់សមុទ្រទាំង ៤ គឺខេត្តកែប ព្រះសីហនុ កំពត និងខេត្តកោះកុង។
សេចក្តីជូនដំណឹងពីក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឱ្យដឹងថា ក្រសួងទេសចរណ៍រួមសហការជាមួយសាលាខេត្តកែប សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងផ្នែកឯកជន នឹងរៀបចំបុណ្យសមុទ្រលើកទី១០ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍»ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១-៣ ខែធ្នូ ឆ្នាំ ២០២៣ នៅខេត្តកែប។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងភរិយានឹងចូលរួមក្នុងពិធីបើកផ្លូវការពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប នាថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៣។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែវិច្ឆិកាថា តាមផែនការរបស់អាជ្ញាធរខេត្ត គឺការកសាង កែលម្អ និងសម្អាតទីតាំងនានាដើម្បីរៀបចំបុណ្យសមុទ្រ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី ២៥ ខែវិច្ឆិកា ដើម្បីទុកពេល ៥ ថ្ងៃ ធ្វើការត្រួតពិនិត្យ និងកែលម្អ មុនពិធីផ្លូវការចាប់ផ្តើម។ លោកប្រាប់ទៀតថា ពិធីបុណ្យសមុទ្រ គឺជាឱកាសមួយសម្រាប់ផ្សព្វផ្សាយឱ្យភ្ញៀវទេសចរស្គាល់ពីសក្តានុពលរបស់ខេត្តជាប់មាត់សមុទ្រកម្ពុជាកាន់តែច្រើន។
លោកបញ្ជាក់ថា៖ «រយៈពេល ៣ ថ្ងៃនៃពិធីបុណ្យសមុទ្រ យើងរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនតិចជាង ១០ ម៉ឺននាក់នោះទេដែលមកចូលរួម ខណៈអាជ្ញាធរខេត្ត និងផ្នែកពាក់ព័ន្ធបានត្រៀមលើកិច្ចការនេះរួចហើយ»។
លោកប្រាប់ទៀតថា សម្រាប់កន្លែងស្នាក់ក្នុងខេត្តកែប គឺមានជាង ១ ០០០ បន្ទប់។ ដោយឡែកការអប់រំ និងណែនាំដល់អាជីវករទាក់ទងនឹងការកំណត់តម្លៃ គឺត្រូវបានធ្វើជាប្រចាំ។
លោកថ្លែងថា៖ «យើងបានធ្វើកិច្ចការជាច្រើនដើម្បីអភិវឌ្ឍខេត្តឱ្យមានភាពស្រស់បំព្រង និងទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគឱ្យចូលមកកាន់តែច្រើន ប៉ុន្តែអ្នកនិយាយអវិជ្ជមានគឺនៅតែមាន»។
បើតាមលោក ពិសិដ្ឋ នៅក្នុងខេត្តកែប គឺមានតំបន់ទេសចរណ៍ដីគោក និងលើកោះ សរុបចំនួន ៣៨ ទីតាំង។
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក បានឱ្យដឹងថា បច្ចុប្បន្នក្រុមការងារក្រសួងទេសចរណ៍ និងផ្នែកពាក់ព័ន្ធកំពុងធ្វើការងារជាច្រើនដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រ លើកទី១០ ឱ្យដំណើរការទៅមុខដោយរលូន។ ក្នុងពិធីបុណ្យសមុទ្រនៅពេលខាងមុខ នឹងមានសកម្មភាពសំខាន់ៗជាច្រើន ដូចជា ការសម្ដែងសិល្បៈ ការប្រគំតន្ត្រី ការបាញ់កាំជ្រួច ការតាំងផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ ផលិតផលទូទៅ សកម្មភាពកីឡា និងការលក់ម្ហូបអាហារ និងភេសជ្ជៈ។
ទាក់ទងការចូលរួមរបស់ផ្នែកឯកជន លោកប្រាប់ថា៖ «មិនទាន់មានទិន្នន័យច្បាស់លាស់ទេ ដោយចំនួនក្រុមហ៊ុនមកចុះឈ្មោះបានកើនជាបន្តបន្ទាប់»។
ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប លោក ប៊ុន ណារិន កាលពីដើមខែវិច្ឆិកា បានឱ្យដឹងថា ពិធីបុណ្យសមុទ្រនាពេលខាងមុខ គឺមិនត្រឹមតែជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅដល់ភ្ញៀវជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសសម្រាប់ផ្នែកឯកជន ក្នុងការយកផលិតផល ឬសេវាកម្មរបស់ខ្លួនទៅផ្សព្វផ្សាយឱ្យគេបានស្គាល់ដែរ។
លោកថ្លែងថា៖ «ក្នុងនាមជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) យើងពិតជាចង់ផ្សព្វផ្សាយឱ្យសាធារណជនស្គាល់ពីគុណភាព និងសម្បកវេចខ្ចប់ផលិតផលអំបិលខ្មែរឱ្យបានកាន់តែច្រើន។ បើអាជ្ញាធរអាចផ្តល់កន្លែងសមរម្យ យើងនឹងចូលរួម»៕