ភ្នំពេញៈ ប្រតិបត្តិករ និងអ្នកជំនាញនៅក្នុងវិស័យទេសចរណ៍លើកឡើងថា ការត្រៀមកញ្ចប់ថវិកា ៥០ លានដុល្លាររបស់រាជរដ្ឋាភិបាលតាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank (Cambodia) ទៅដល់ម្ចាស់អាជីវកម្មក្នុងខេត្តសៀមរាបនឹងក្លាយជាកម្លាំងចលករមួយដ៏សំខាន់ និងទាន់ពេលវេលាក្នុងការជួយគាំទ្រ និងស្រោចស្រង់ដល់ការចាប់ផ្តើមដំណើរការឡើងវិញ និងបន្តនិរន្តរភាពនៃអាជីវកម្មនានាក្នុងខេត្តនេះ ហើយក៏ជាការឆ្លើយតបទៅនឹងការមកដល់នៃភ្ញៀវទេសចរបរទេសនារដូវរងានេះ។
កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី១៩ បានលើកឡើងថា រាជរដ្ឋាភិបាលតាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank (Cambodia) នឹងរៀបចំកម្មវិធីផ្តល់កម្ចីដោយផ្ទាល់ជាមួយប្រាក់បឋម ៥០លានដុល្លារដល់ប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តសៀមរាប ជាមួយអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀត ដើម្បីអនុញ្ញាតឱ្យប្រតិបត្តិករទេសចរណ៍ទទួលបានហិរញ្ញប្បទានក្នុងទឹកប្រាក់សមស្របតាមអាជីវកម្ម។
ជាមួយគ្នានេះរដ្ឋាភិបាលក៏បានលើកទឹកចិត្តផ្នែកពន្ធដារ ដើម្បីជួយរក្សាលំនឹង និងសម្រួលបន្ទុកហិរញ្ញវត្ថុសម្រាប់អាជីវកម្មទេសចរណ៍ ដោយរាជរដ្ឋាភិបាលសម្រេចដាក់ចេញវិធានការមួយចំនួន គឺលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទលើកលែងអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងភោជនីយដ្ឋាន ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅខេត្តសៀមរាបពីខែតុលា ឆ្នាំ ២០២៣ រហូតដល់ចប់ឆមាសទី១ ឆ្នាំ ២០២៤ ផងដែរ។
អ្នកនាង ធឿន ធារិទ្ធិ បុគ្គលិករបស់សណ្ឋាគារ The Aviary Hotel នៅខេត្តសៀមរាប បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកាថា ស្របពេលវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបចាប់ផ្តើមមានភាពល្អប្រសើរឡើងវិញជាមួយនឹងការមកដល់នៃភ្ញៀវអឺរ៉ុប ការជួយជ្រោមជ្រែងពីសំណាក់រដ្ឋាភិបាលគឺពិតជាផ្តល់លទ្ធភាពបន្ថែមទៀតទៅដល់ប្រតិបត្តិករទេសចរណ៍ និងម្ចាស់អាជីវកម្មនានាដើម្បីបង្កើនសមត្ថភាពអាជីវកម្មពួកគេ។
អ្នកនាងបានថ្លែងថា៖ «ខ្ញុំយល់ឃើញថា ការរៀបចំកញ្ចប់កម្មវិធីថវិកាពិសេសនេះ គឺជាការឆ្លើយតបទាន់ពេលវេលាសម្រាប់ម្ចាស់អាជីវកម្មក្នុងខេត្តសៀមរាបដែលកំពុងត្រូវការថវិកាសម្រាប់កែលម្ហសណ្ឋាគារ ឬភោជនីយដ្ឋានពួកគេ ដើម្បីឆ្លើយតបនឹងការមកដល់នៃភ្ញៀវទេសចរអន្តរជាតិនារដូវត្រជាក់នេះ»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានសម្តែងការគាំទ្រសម្រាប់ការជួយជ្រោមជ្រែង និងការបញ្ចេញថវិកាសង្គ្រោះដល់វិស័យទេសចរណ៍ ជាពិសេសផ្តល់លទ្ធភាពបន្ថែមដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់នៅខេត្តសៀមរាបដែលទទួលរងគ្រោះពីការរីករាលដាលជំងឺកូវីដ ១៩ អស់រយៈប៉ុន្មានឆ្នាំមកនេះ ដែលធ្វើឱ្យវិស័យនេះធ្លាក់ដល់ចំណុចសូន្យ ខណៈមានអាជីវកម្មជាច្រើនបានបិទទ្វារ។
លោកថ្លែងថា៖ «ការជួយរបស់រដ្ឋាភិបាលគឺពិតជាការឆ្លើយតបដ៏ល្អសម្រាប់ប្រតិបត្តិករនៅក្នុងខេត្តសៀមរាប។ ទោះបីថវិកានេះមិនមានទំហំធំក្តី ប៉ុន្តែវាក៏ផ្តល់លទ្ធភាពបន្ថែមដល់ពួកគេដើម្បីយកមកបន្តនិរន្តរភាពអាជីវកម្ម ស្របពេលដែលការមកដល់នៃភ្ញៀវទេសចរបរទេសមកខេត្តសៀមរាបចាប់ផ្តើមមានកំណើននារដូវត្រជាក់នេះ»។
ជាមួយគ្នានេះដែរ លោកក៏បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជននានាត្រូវរួមគ្នាកែច្នៃផលិតផលទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញ និងច្នៃប្រឌិតខ្ពស់ដើម្បីរក្សាបាននិរន្តរភាព។
លោកបានបន្ថែមថា៖ «អ្វីដែលខ្ញុំលើកទឹកចិត្តដល់ទាំងរដ្ឋាភិបាល និងវិស័យឯកជនគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ត្រូវសិក្សាឡើងវិញទៅលើការកែទម្រង់នៃផលិតផលទាំងអស់ដែលជារបស់ខ្មែរទាំងផលិតផលជាទំនិញ ផលិតផលសាសនា ផលិតផលភាពយន្តជាដើម ព្រោះវាទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ធ្វើការកែតម្រូវដើម្បីធ្វើយ៉ាងណាឱ្យមានភាពប្លែក ទាក់ទាញ ព្រោះសម័យនេះយើងមិនអាចលក់តែផលិតផលដដែលឡើយ ដោយសារយើងលក់ផលិតផលប្រាសាទអង្គរវត្តយូរឆ្នាំហើយ ដូច្នេះយើងត្រូវតែរួមគ្នាគិតឱ្យស៊ីជម្រៅលើរឿងនេះទើបវិស័យនេះរីកចម្រើនប្រកបដោយនិរន្តរភាព»។
ទិន្នន័យមន្ទីរទេសចរណ៍ខេត្តសៀមរាប ឱ្យដឹងថា គិតត្រឹមរយៈពេល ៩ ខែ ឆ្នាំ ២០២៣ ខេត្តសៀមរាបមានអាជីវកម្មទេសចរណ៍កំពុងដំណើរការសរុប ៨៣១ កន្លែង ស្មើនឹងជាង ៧១ ភាគរយនៃអាជីវកម្មសរុបក្នុងខេត្តសៀមរាបចំនួន ១ ១៦៥ កន្លែងមានដូចជា សេវាកម្មស្នាក់នៅសណ្ឋាគារ និងភោជនីយដ្ឋាន ជាដើម៕