ភ្នំពេញៈ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ (PPSP) ដែលចុះបញ្ជីជាសាធារណៈ គ្រោងនឹងធ្វើការកៀរគរមូលនិធិបន្ថែមចំនួន ១៥ លានដុល្លារ ពីការបោះផ្សាយលក់មូលបត្របំណុល (សញ្ញាបណ្ណបៃតង) នៅលើទីផ្សារមូលបត្រកម្ពុជា សម្រាប់ពង្រីកការវិនិយោគរបស់ពួកគេលើហេដ្ឋារចនាសម្ព័ន្ធបៃតង។
បើតាមការប្រកាសរបស់ក្រុមហ៊ុនផ្ញើទៅ CSX នៅថ្ងៃទី ១៣ ខែវិច្ឆិកា ក្រុមប្រឹក្សាភិបាលក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាភិបាល កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុម័តសម្រាប់ការបោះផ្សាយមូលបត្របំណុលបៃតងលើផ្សារភាគហ៊ុន ដើម្បីប្រមូលមូលនិធិបន្ថែមទៀតសម្រាប់ការពង្រីកអាជីវកម្ម។
«ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក សូមជម្រាបជូនវិនិយោគិន និងសាធារណជន ជ្រាបថា សេចក្ដីសម្រេចពីក្រុមប្រឹក្សាភិបាល លើការចេញផ្សាយលក់មូលបត្របំណុល (សញ្ញាបណ្ណបៃតង) សម្រាប់វិនិយោគិនគុណវឌ្ឍិ ដែលមានបុគ្គលធានា ជាមួយទំហំទឹកប្រាក់រហូតដល់ ១៥ លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំ ដែលបានទទួលការអនុម័តក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣»។ នេះបើយោងតាមក្រុមហ៊ុន។
ក្រុមហ៊ុនបន្តថា៖ «ទឹកប្រាក់ដែលទទួលបានពីការបោះផ្សាយលក់មូលបត្របំណុលនេះ ក្រុមហ៊ុនមានគម្រោងយកមកប្រើប្រាស់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធបៃតង។ ការបោះផ្សាយសញ្ញាបណ្ណបៃតង នឹងនៅតែត្រួតពិនិត្យ និងអនុម័តដោយភាគីពាក់ព័ន្ធ ដែលទាក់ទងក្នុងដំណើរការធានាជាអ្នកធានាសម្រាប់ការបោះផ្សាយមូលបត្របំណុលនេះ»។
ក្រុមហ៊ុនចង្អុលបង្ហាញថា បច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការស្នើសុំការអនុម័តពីនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានដែលរំពឹងថា នឹងបញ្ចប់នៅដើមឆ្នាំក្រោយនេះ។
លោក ហុង សុហួរ អគ្គនាយក CSX បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកាថា បច្ចុប្បន្នក្រុមហ៊ុនបានទទួលការយល់ព្រមសម្រាប់ការបោះផ្សាយមូលបត្រនៅកម្រិតផ្ទៃក្នុងរបស់ពួកគេ ហើយពួកគេមិនទាន់ដាក់ពាក្យស្នើសុំចុះបញ្ជីនៅ CSX ទេ។
លោក គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន PPSP បានបញ្ជាក់នៅក្នុងឯកសារដែលផ្ញើទៅ CSX នៅថ្ងៃទី ២២ ខែសីហា ថា នៅត្រីមាសទី ២ ឆ្នាំ ២០២៣ ក្រុមហ៊ុនបានរាយការណ៍ពីចំណូលសរុប ២៩,៦៦៧ ពាន់លានរៀល កើនឡើង ៩៥ ភាគរយ បើធៀបចំនួនទឹកប្រាក់ ១៥,២២៦ ពាន់លានរៀលនៅត្រីមាសទី២ ឆ្នាំ ២០២២។ ជាលទ្ធផល ក្រុមហ៊ុនចំណេញសុទ្ធជាង ២,៤៦១ ពាន់លានរៀលធៀបនឹងការខាតសុទ្ធ ៥១៥,៦៨១ ពាន់រៀល នៅត្រីមាសដូចគ្នាកាលពីឆ្នាំ ២០២២។
លោកថ្លែងថា៖ «ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅតែបន្តរឹងមាំ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ ដោយមានទ្រព្យសកម្មសរុបជាង ៥២៧,៤៥៦ ពាន់លានរៀល ដែលរួមមានទ្រព្យសកម្មរយៈពេលវែងចំនួន ២១០,១៣៩ ពាន់លានរៀល និងទ្រព្យសកម្មរយៈពេលខ្លីចំនួនជាង ៣១៧ ពាន់លានរៀល»៕