ភ្នំពេញៈ បរធនបាលកិច្ចកំពុងចូលរួមចំណែកសំខាន់ក្នុងការរក្សាស្ថិរភាពវិស័យអចលនទ្រព្យនៅកម្ពុជា ព្រមទាំងជួយឱ្យវិស័យនេះអាចងើបឡើងវិញជាបណ្តើរៗពីផលអវិជ្ជមានដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ន។
លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៥ ខែវិច្ឆិកាថា បរធនបាលកិច្ចក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបានរីកចម្រើនគួរឱ្យកត់សម្គាល់ ពិសេសក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះដែលធ្វើឱ្យការចុះបញ្ជីបរធនបាលកិច្ច គិតត្រឹមសប្តាហ៍ទី ២ នៃខែវិច្ឆិកា ឆ្នាំ ២០២៣ កើនដល់ ៦៨៣ ករណី ជាមួយនឹងទំហំទឹកប្រាក់វិនិយោគ ១ ២២៣ លានដុល្លារ ខណៈមុនឆ្នាំ ២០២១ ការចុះបញ្ជីស្របច្បាប់នៃវិស័យនេះមានតែ ១៧ ករណី និងមានទុនវិនិយោគប្រមាណ ១៥៦ លានដុល្លារ។
លោកបន្តថាផ្អែកតាមទិន្នន័យការចុះបញ្ជីស្របច្បាប់នៃវិស័យបរធនបាលកិច្ចសរុបចំនួន ៦៨៣ ករណី ក្នុងនោះមាន ៦០៥ ករណី ជាបរធនបាលកិច្ចវិនិយោគក្នុងវិស័យអចលនទ្រព្យ ហើយក្នុងនោះមាន ៥៥២ករណី ត្រូវបានចុះបញ្ជីដោយជនបរទេស ដែលមានទំហំទុន ៥៨០ លានដុល្លារ។
ក្នុងចំណោមការចុះបញ្ជីបរធនបាលកិច្ចរបស់ជនបរទេសទាំងនោះ គឺ ៥៤១ ករណីជាបរធនបាលកិច្ចវិនិយោគលើវិស័យអចលនទ្រព្យ និង ១១ ករណីផ្សេងទៀត ជាបរធនបាលកិច្ចពាក់ព័ន្ធនឹងការវិនិយោគអចលនទ្រព្យដោយប្រើប្រាស់យន្តការរក្សាទុក ឬរក្សាសុវត្ថិភាព (Escrow Services)។
លោកបានថ្លែងថា៖ «បរធនបាលកិច្ច គឺយន្តការមួយដែលពេញនិយម និងមានសេចក្តីត្រូវការនៅលើទីផ្សារ ជាពិសេសគឺការវិនិយោគដោយប្រយោលទៅលើវិស័យពាក់ព័ន្ធរួមទាំងវិស័យអចលនទ្រព្យផងដែរ»។
បើតាមលោក សុខ ដារ៉ា យន្តការបរបាលធនកិច្ចមានសារៈសំខាន់មួយចំនួនក្នុងការចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយទី១ បរធនបាលកិច្ច គឺជាយន្តការមួយបង្កើនថ្នាលទំនុកចិត្តរវាងភាគីពាក់ព័ន្ធទាំងម្ចាស់ទ្រព្យ, អ្នកចាត់ចែងថែសុវត្ថិភាពជំនួស, និងអ្នកទទួលបានផលពីការវិនិយោគទៅលើសកម្មភាពសេដ្ឋកិច្ចដែលពាក់ព័ន្ធរួមទាំងវិស័យអចលនទ្រព្យ, និងទី២ គឺជាយន្តការមួយដែលមានភាពស្របច្បាប់ ដោយបង្កើតតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។
លោកអះអាងថា៖ «ការកើនឡើងដ៏គួរភ្ញាក់ផ្អើលនៃវិស័យបរធនបាលកិច្ចនាពេលនេះ ដោយសារវិនិយោគិន ជាពិសេសវិនិយោគិនបរទេស មានទំនុកចិត្ត និងយល់ដឹង ក៏ដូចជាមានសេចក្តីត្រូវការពីបរធនបាលកិច្ចក្នុងការជួយគាំទ្រការវិនិយោគរបស់ពួកគេ ពិសេសលើវិស័យអចលនទ្រព្យ»។
គិតមកដល់បច្ចុប្បន្ន ន.ប.ធ. បានផ្តល់អាជ្ញាប័ណ្ណ និងការអនុញ្ញាតដល់ក្រុមហ៊ុនបរធនបាលចំនួន ៩, ធនាគារពាណិជ្ជឱ្យធ្វើជាប្រតិបត្តិករបរធនបាល ផ្តល់សេវារក្សាទុក ឬសេវារក្សាសុវត្ថិភាពចំនួន ១៣, និងបានផ្តល់ការទទួលស្គាល់ដល់ក្រុមហ៊ុនផ្តល់សេវាវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ចំនួន ១២ ព្រមទាំងផ្តល់អាជ្ញាប័ណ្ណដល់រូបវន្តបុគ្គលចំនួន ៤៨ អាជ្ញាប័ណ្ណឱ្យធ្វើជាបរធនបាលរូបវន្តបុគ្គល។ នេះបើយោងតាម លោក សុខ ដារ៉ា។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោក លី ហួរ បានឱ្យដឹងក្នុងកម្មវិធី «ជជែកអំពីបរធនបាលកិច្ច» កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ដែលរៀបចំដោយនិយតករបរធនបាលកិច្ច (ន.ប.ធ.) សហការជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា (HDAC) ថា បរធនបាលកិច្ច គឺសំដៅដល់ការធានាជំនឿទុកចិត្តដល់វិនិយោគិនបរទេស ដើម្បីកុំឱ្យពួកគេព្រួយបារម្ភនៅពេលទិញអចលនទ្រព្យ ខណៈជនបរទេសអាចមានសិទ្ធិកាន់កាប់អចលនទ្រព្យនៅកម្ពុជា ចាប់ពីជាន់ទី១ ឡើងទៅ។
លោកបន្តថា បរធនបាលកិច្ចបានផ្តល់ភាពស្របច្បាប់ដល់ជនបរទេសក្នុងការកាន់កាប់អចលនទ្រព្យនៅកម្ពុជាក្នុងរយៈពេលយូរអង្វែង ដែលនឹងរួមចំណែកជំរុញដល់វិស័យអចលនទ្រព្យកាន់តែមានលំនឹង និងជាបណ្តើរៗនឹងងើបឡើងវិញ៕