ការលើកលែងពិន័យអន្តរការណ៍ នឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ឡើងវិញ។ ហុង មិនា
ភ្នំពេញៈ ផ្នែកឯកជនលើកឡើងថា យន្តការលើកលែងការពិន័យអន្តរការណ៍ជាប្រាក់នៃការហួសសុពលភាពអាជ្ញាប័ណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសា ដែលរាជរដ្ឋាភិបាលទើបប្រកាសដាក់ឱ្យអនុវត្ត នឹងក្លាយជាកម្លាំងចលករក្នុងការជួយលើកទឹកចិត្តមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសា ឱ្យនាំគ្នាចូលមកបម្រើការក្នុងវិស័យនេះឡើងវិញ។
សេចក្តីជូនដំណឹងក្រសួងទេសចរណ៍ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ស្តីពីការលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពនៃអាជ្ញាប័ណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ ឱ្យដឹងថា ដើម្បីជាយន្តការលើកទឹកចិត្តដល់លោកលោកស្រីជាមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់សំដៅចូលរួមស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាពីវិបត្តិជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលបានសម្រេចលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាប័ណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត និងការហួសសុពលភាពបណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្ត ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤។
ទោះបីយ៉ាងណាសេចក្តីជូនដំណឹងបញ្ជាក់ថា៖«មគ្គុទ្ទេសក៍ទេសចរណ៍និងអ្នកបកប្រែភាសាបន្ត ដែលមានអាជ្ញាប័ណ្ណទេសចរណ៍ និងបណ្ណអនុញ្ញាតហួសសុពលភាពត្រូវរួសរាន់មកដាក់ពាក្យស្នើសុំបន្ដអាជ្ញាប័ណ្ណទេសចរណ៍ ឬបណ្ណអនុញ្ញាតនៅតាមមន្ទីរទេសចរណ៍រាជធានី ខេត្ត»។
សេចក្តីជូនដំណឹងនេះបានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី ១៩ កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា លើកឡើងថា រាជរដ្ឋាភិបាលនឹងផ្តល់ការអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាប័ណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទេសក៍ទេសចរណ៍ដោយទុកពេលដល់ដំណាច់ខែមីនា ឆ្នាំ ២០២៤។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បានប្រាប់ថា វិបត្តិកូវីដ ១៩ រយៈពេលជាង ៣ ឆ្នាំមកនេះ បានធ្វើឱ្យអ្នកធ្វើការផ្ទាល់ក្នុងវិស័យទេសចរណ៍ដូចជា មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាជាច្រើនងាកចេញទៅចាប់មុខរបរផ្សេង ដែលធ្វើឱ្យអាជ្ញាប័ណ្ណពួកគាត់ហួសសុពលភាព។
លោកបន្តថា ការផ្តល់ភាពអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពនេះ នឹងជួយលើកទឹកចិត្តអតីតមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសា ឱ្យចូលមកបម្រើការក្នុងវិស័យទេសចរណ៍ឡើងវិញទោះបីក្នុងពេលនេះចំនួនភ្ញៀវបរទេសធ្វើដំណើរមកកម្សាន្តនៅកម្ពុជា នៅមានចំនួនតិចតួចធៀបនឹងមុនវត្តមានវិបត្តិជំងឺកូវីដ ១៩។
លោកអះអាងថា៖«ការលើកលែងការពិន័យជាប្រាក់សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសានាពេលនេះ គឺពិតជាល្អណាស់ ព្រោះថាទោះពេលនេះចំនួនទេសចរបរទេសកើនជាងរយៈពេល ២-៣ ឆ្នាំមុន និងការដាក់ឱ្យដំណើរការព្រលានយន្តហោះសៀមរាបអង្គរ ប៉ុន្តែបើនិយាយពីចំណូលដែលពួកគាត់ទទួលធ្លាប់រកបានមុនពេលមានវិបត្តិជំងឺកូវីដ ១៩ គឺនៅខុសគ្នាឆ្ងាយណាស់»។
ប្រធានសមាគមទេសចរណ៍អាស៊ីបាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បានសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាល ដោយលោកលើកឡើងថា ការលើកលែងការពិន័យនេះនឹងជួយឱ្យប្រតិបត្តិករផ្នែកនេះមានលទ្ធភាពកាន់តែច្រើនក្នុងការបម្រើដល់វិស័យទេសចរណ៍ដែលកំពុងមានការងើបឡើងវិញជាបណ្តើរៗ។
លោកថ្លែងថា៖«ខ្ញុំស្វាគមន៍ចំពោះចំណាត់ការនានារបស់រដ្ឋាភិបាលជាពិសេសចំពោះការលើកលែងពន្ធសម្រាប់សម្រាលបន្ទុកដល់ភាគីពាក់ព័ន្ធដែលជាប្រតិបត្តិករនៅក្នុងវិស័យនេះ។ ការណ៍នេះក៏ជួយជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ដែលកំពុងមានសន្ទុះឡើងវិញនៅក្នុងរយៈពេលចុងក្រោយនេះដែរ»។
ក្រសួងទេសចរណ៍ ឱ្យដឹងថា រយៈពេល ៩ ខែ ឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវបរទេសសរុបជាង ៣,៩២ លាននាក់ កើន ២១០,២ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។
ឆ្នាំ ២០១៩ គឺជាពេលដែលកម្ពុជា ទទួលបានភ្ញៀវអន្តរជាតិច្រើនបំផុតដោយមានចំនួន ៦,៦១ លាននាក់ កើន ៦,៦ ភាគរយធៀបឆ្នាំ ២០១៨។ ក្នុងចំណោមនោះភ្ញៀវមកពីប្រទេសថៃ វៀតណាម ចិន និងឡាវ មានសរុប ៣,៩៧ លាននាក់ ស្មើ ៦០,០៦ ភាគរយនៃចំនួនភ្ញៀវបរទេសសរុប៕

ភ្ញៀវអន្តរជាតិកម្សាន្តនៅកម្ពុជា កន្លងមក។ រូប Sihanaoukville Autonomous Port