ភ្នំពេញៈ ក្រុមហ៊ុន មូលនិធិ BAMC Asia Equity Fund (BAEF) ត្រូវបានដំណើរការជាផ្លូវការក្នុងប្រទេសកម្ពុជា បានក្លាយជាមូលនិធិលក់រាយដំបូងគេដែលអាចឱ្យវិនិយោគិនសាធារណៈធ្វើពិពិធកម្មលើការវិនិយោគរបស់ពួកគេទៅក្នុងវិស័យផ្សេងៗទាំងនៅក្នុង និងក្រៅប្រទេស។
ក្រុមហ៊ុនក៏ទើបធ្វើការបោះផ្សាយលក់ឯកតាមូលនិធិជាសាធារណៈនៅកម្ពុជា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ក្នុងទំហំទឹកប្រាក់ ២០០ លានដុល្លារផងដែរ។
ក្រុមហ៊ុន Banjaran Asset Management (Cambodia) PLC (BAMC) បានទទួលជោគជ័យក្នុងការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) ដើម្បីបើកដំណើរការមូលនិធិ BAEF គឺជាមូលនិធិវិនិយោគដែលវិនិយោគលើពិពិធកម្មផលបត្រនៃក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនសំខាន់ៗនៅ Asia Pacific Ex-Japan។ មូលនិធិនេះមានគោលដៅផ្តល់អត្ថប្រយោជន៍នៃការវិនិយោគនៅតំបន់អាស៊ី ផងដែរ។
ក្រុមហ៊ុន BAMC បានចូលមកប្រទេសកម្ពុជា កាលពីឆ្នាំ ២០២២ ហើយទទួលបានអាជ្ញាប័ណ្ណគ្រប់គ្រងមូលនិធិដែលចេញដោយ SERC ដើម្បីបង្កើត និងគ្រប់គ្រងមូលនិធិសាធារណៈនៃគម្រោងវិនិយោគរួម។
BAMC គឺជាអ្នកគ្រប់គ្រងមូលនិធិរបស់ BAEF ជាមួយក្រុមហ៊ុនBanjaran Asset Management Pte Ltd (BAMPL) នៃប្រទេសសិង្ហបុរី ដែលជាអ្នកផ្តល់ប្រឹក្សាលើការវិនិយោគ។ ចំណែកឯក្រុមហ៊ុនStronghold Trustee Co., Ltd (ST) គឺជាក្រុមហ៊ុនថែរក្សាមូលនិធិជំនួស។
លោកស្រី ចាន់ ធានី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនBAMC បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៥ខែវិច្ឆិកាថា ជាមួយនឹងចំនួនអ្នកជំនាញក្នុងការគ្រប់គ្រងមូលនិធិ ក្រុមហ៊ុន BAEF នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រវិនិយោគិន ដើម្បីធ្វើពិពិធកម្មលើការវិនិយោគរបស់ពួកគេ។
លោកស្រីបានមានប្រសាសន៍ថា៖«យើងខ្ញុំមានកិត្តិយសនិងរីករាយដែលបានក្លាយជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានជោគជ័យក្នុងការដាក់ឱ្យដំណើរការមូលនិធិវិនិយោគរួមសាធារណៈដែលទទួលបានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា»។
លោកស្រីថា៖« នៅក្នុងដំណើរការទទួលបានអាជ្ញាប័ណ្ណនិងការអនុញ្ញាតផ្សេងៗ គឺយើងបានបណ្តុះបណ្តាលក្រុមការងារដែលជាប្រជាជនកម្ពុជានៅក្នុងប្រទេសដើម្បីកាន់កាប់តួនាទីផ្សេងៗនៅក្នុងផ្នែកនៃការគ្រប់គ្រងទ្រព្យសកម្ម។សម្រាប់ការដាក់ឱ្យដំណើរការមូលនិធិBAEF យើងបាននាំយកនូវជំនាញគ្រប់គ្រងមូលនិធិអន្តរជាតិ និងការអនុវត្តអភិបាលកិច្ចល្អបំផុត។ យើងខ្ញុំសង្ឃឹមថាវានឹងកំណត់ស្តង់ដាខ្ពស់សម្រាប់ឧស្សាហកម្មគ្រប់គ្រងទ្រព្យសកម្មឱ្យកាន់តែឆ្ពោះទៅមុខ»។
លោក ស៊ូ សុជាតិ អគ្គនាយកនៃ SERC ថ្លែងក្នុងពិធីសន្និសីទសារព័ត៌មានថា ក្រុមហ៊ុន BAMC ដែលទទួលបានអាជ្ញាប័ណ្ណធ្វើជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ក្រុមហ៊ុនអភិបាលមូលនិធិ និងក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់វិញ ឬទូទាត់សងពី SERC កាលពីខែមីនា ឆ្នាំ២០២៣ និងជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិដំបូងគេដែលទទួលបានការអនុញ្ញាតលើការបង្កើតមូលនិធិនៃគម្រោងវិនិយោគរួម ដើម្បីបោះផ្សាយលក់ឯកតាមូលនិធិជាសាធារណៈនៅកម្ពុជាកាលពីថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៣នេះ ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ។
លោកបានថ្លែងថា គិតមកត្រឹមខែវិច្ឆិកានេះ វិស័យនេះមានក្រុមហ៊ុនសរុបចំនួន ២០ក្រុមហ៊ុន ដែលបានចុះបញ្ជីលក់មូលបត្រនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ក្នុងនោះមានក្រុមហ៊ុនចំនួន ១១ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិក្រុមហ៊ុនចុះបញ្ជីក្នុងទីផ្សារគោល មានចំនួន ៩និងទីផ្សារកំណើនមានចំនួន ២និងក្រុមហ៊ុនចំនួន ៩ បានចុះបញ្ជីលក់មូលបត្របំណុល ខណៈដែលក្រុមហ៊ុនមួយចំនួនទៀតកំពុងរៀបចំខ្លួន និងស្ថិតក្នុងដំណើរការនៃការដាក់ពាក្យស្នើសុំបោះផ្សាយលក់មូលបត្រជាបន្តបន្ទាប់។
លោកថ្លែងបន្តទៀតថា៖« ផលិតផលទាំង ២ នេះនៅពុំទាន់គ្រប់គ្រាន់សម្រាប់ទីផ្សារមូលបត្រនៅឡើយទេ ដូចនេះក្នុងគោលដៅជំរុញសកម្មភាពជួញដូរ និងឆ្លើយតបតាមតម្រូវការរបស់ទីផ្សារ និងភាពសម្បូរបែបនៃជម្រើសក្នុងការវិនិយោគរបស់វិនិយោគិននៅលើទីផ្សារមូលបត្រកម្ពុជា ការដាក់ចេញនូវផលិតផលថ្មីៗស្របតាមបរិបទជាក់ស្តែងនៃស្ថានភាពទីផ្សារមូលបត្រក្នុងតំបន់ក៏ដូចជាសកល គឺជាកត្តាចាំបាច់ក្នុងការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា»។
លោកថា SERC បានដាក់ចេញនូវឧបករណ៍ហិរញ្ញវត្ថុមួយទៀតដែលហៅថាមូលនិធិនៃគម្រោងវិនិយោគរួម តាមរយៈការដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រកាសស្ដីពីការបោះផ្សាយលក់ឯកតាមូលនិធិនៃគម្រោងវិនិយោគរួម ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។
លោកបានថ្លែងបញ្ជាក់ថា៖ «ការបោះផ្សាយលក់ឯកតាមូលនិធិនៃគម្រោងវិនិយោគ គឺអនុញ្ញាតឱ្យក្រុមហ៊ុនគ្រប់គ្រងមូលនិធិអាចធ្វើការបង្កើតនូវគម្រោងវិនិយោគមួយ ដើម្បីប្រមូលមូលនិធិពីវិនិយោគិនយកទៅវិនិយោគក្នុងគម្រោងដែលបានកំណត់ដើម្បីទទួលបាននូវប្រាក់ចំណេញហើយធ្វើការបែងចែកប្រាក់ចំណេញឬអត្ថប្រយោជន៍ត្រឡប់ទៅវិនិយោគិនដែលអ្នកកាន់កាប់ឯកតាមូលនិធិវិញទៅតាមកិច្ចសន្យានៃគម្រោងវិនិយោគរួមដែលបានកំណត់»។
លោក ស៊ូ សុជាតិ បានថ្លែងបញ្ជាក់ថា៖ «គម្រោងវិនិយោគរួមគឺជាចលករដ៏សំខាន់មួយដែលជួយគាំទ្រដល់ទីផ្សារមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល តាមរយៈការវិនិយោគរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិទៅលើផលិតផលនៅក្នុងទីផ្សារទាំងនោះ»។
លោកថា ក្រុមហ៊ុន BAMCក៏មានគម្រោងយកមូលនិធិដែលប្រមូលបានចំនួន ១០ នៃមូលនិធិ យក%ទៅវិនិយោគលើមូលបត្រដែលបានចុះបញ្ជីនៅលើទីផ្សារមូលបត្រកម្ពុជាប្រាក់បញ្ញើដែលមានកាលកំណត់នៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុរបស់កម្ពុជា និងមូលនិធិទីផ្សាររូបិយវត្ថុដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជា៕