ភ្នំពេញៈ ផ្សារមូលបត្រកម្ពុជា (CSX) បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញដំណាក់កាលទី២ ជាមួយក្តីរំពឹងថា ចំនួនគណនីជួញដូរនៅ CSX នឹងកើនដល់ ៥ ម៉ឺនគណនី ត្រឹមដំណាច់ឆ្នាំ ២០២៣ ហើយនឹងបន្តកើនឡើងទ្វេដងនៅចុងឆ្នាំ ២០២៤ ខាងមុខ។
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ ត្រូវបានធ្វើឡើងក្នុងពេលជាមួយនឹងកម្មវិធីពិព័រណ៍ផ្សារហ៊ុនកម្ពុជា «My First STOCK» ឆ្នាំ ២០២៣ នៅផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា។
អគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) លោក ហុង សុហួរ បានលើកឡើងថា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលផ្សារមូលបត្រកម្ពុជាបានឈានមកដល់ជំនាន់ថ្មីមួយទៀត គឺផ្សារមូលបត្រកម្ពុជាជំនាន់ទី ៣ (CSX 3.0) តាមរយៈការបើកគណនីជួញដូរតាមអនឡាញដោយទទួលបានគណនីជួញដូរភ្លាមៗបន្ទាប់ពីភ្នាក់ងារក្រុមហ៊ុនមូលបត្រពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានរួចរាល់។
នេះជាវឌ្ឍនភាពថ្មីមួយទៀតរបស់ផ្សារមូលបត្រកម្ពុជា ដោយមកដល់ពេលនេះមានគណនីជួញដូរប្រមាណ ៤៤ ០០០ បានបើកដំណើរការរួចហើយ។ តាមរយៈការដាក់ឱ្យដំណើរការនេះ លោករំពឹងថា នៅដំណាច់ឆ្នាំ ២០២៣ ចំនួនគណនីនឹងកើនឡើងដល់ ៥០ ០០០ គណនី និងឆ្នាំ ២០២៤ កើនដល់ ១០ ម៉ឺនគណនី។
លោកបញ្ជាក់ថា៖ «មុនការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញជំនាន់ទី២ នេះ វិនិយោគិនត្រូវចំណាយពេលច្រើនថ្ងៃ និងត្រូវបំពេញនីតិវិធីជាច្រើនដើម្បីទទួលបានលេខអត្តសញ្ញាណវិនិយោគិន និងគណនីជួញដូរ។ ការណ៍នេះបង្កជាឧបសគ្គរារាំងដល់ការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា»។
តាមរយៈសមិទ្ធផលថ្មីនេះ លោក សុហួរ អះអាងថា នៅពេលបើកគណនីជួញដូរកាន់តែងាយស្រួល និងរហ័ស ចំនួននៃការជួញដូរ និងទំហំប្រាក់ជួញដូរប្រាកដជាកើនឡើង។
បើតាមលោក សុហួរ បន្ទាប់ពីផ្សារហ៊ុនកម្ពុជាបើកដំណើរការរយៈពេល ១១ ឆ្នាំកន្លងមក លោកសង្កេតឃើញថា ចំណេះដឹងរបស់សាធារណជនទាក់ទងនឹងការជួញដូរនៅផ្សារហ៊ុនបានកើនឡើងជាលំដាប់។
សម្រាប់សកម្មភាពនៅទីផ្សារហ៊ុនឆ្នាំ ២០២៣ ធៀបនឹងឆ្នាំ ២០២២ គឺបរិមាណនៃការជួញដូរមានការកើនឡើង ប៉ុន្តែទឹកប្រាក់ជួញដូរធ្លាក់ចុះ ដែលបញ្ហានេះ គឺដោយសារតែមានការជួញដូរលក្ខណៈតូចៗច្រើន។
អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ បានឱ្យដឹងថា ទីផ្សារមូលបត្រ គឺជាច្រកវិនិយោគដ៏សំខាន់មួយផ្សេងទៀតដែលផ្តល់ឱកាសដល់ប្រជាជនក្នុងការវិនិយោគជាមួយដើមទុនតិចតួច ប៉ុន្តែអាចពង្រីកសំណុំវិនិយោគរបស់ខ្លួនដើម្បីបង្កើនចំណូលអាជីវកម្មបន្ថែម។
លោកប្រាប់ថា៖ «ការបើកគណនីជួញដូរមូលបត្រតាមអនឡាញនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ផងដែរ»។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលផ្សារមូលបត្រកម្ពុជា ហ៊ាន សាហ៊ីប បានឱ្យដឹងដែរថា ផ្សារមូលបត្រកម្ពុជាតែងផ្តល់អាទិភាពខ្ពស់លើការធ្វើទំនើបកម្ម និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យមូលបត្រ។
ជាក់ស្តែង ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃ «CSX Trade» (ខែឧសភា ឆ្នាំ ២០២២) ដែលជាកម្មវិធីមួយផ្តល់នូវភាពងាយស្រួលដល់វិនិយោគិនក្នុងការជួញដូរមូលបត្រ ពិសេសផ្តល់ភាពងាយស្រួលក្នុងការតាមដាន និងទទួលបានព័ត៌មានពាក់ព័ន្ធនឹងវិស័យមូលបត្របានទាន់ពេលវេលា និងគ្រប់ទីកន្លែង។
លោកថ្លែងថា៖ «ការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញជំនាន់ទី ២ នេះគឺជាសក្ខីភាពមួយទៀតបង្ហាញពីភាពរីកចម្រើនមួយជំហានធំនៃវិស័យមូលបត្រនៅកម្ពុជា ស្របតាមបរិវត្តកម្មឌីជីថល»។
លោកបន្ថែមទៀតថា ទោះបីបច្ចុប្បន្នចំនួនក្រុមហ៊ុនចុះបញ្ជី និងការជួញដូរមិនទាន់សកម្មខ្លាំងក៏ដោយ ការអភិវឌ្ឍរបស់ទីផ្សារនេះកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់តាមរយៈការបង្កើតផលិតផល និងសេវាកម្មថ្មីៗជាបន្តបន្ទាប់៕