ភ្នំពេញៈ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី (ឆៅ) ប្រមាណជាង ៦១ ម៉ឺនតោនទៅប្រទេសវៀតណាម ក្នុងរយៈពេល ១០ ខែ នៃឆ្នាំ ២០២៣ ដោយប្រមូលប្រាក់បានជាង ៨៣០ លានដុល្លារ ធ្លាក់ចុះជាង ១៦ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើយោងតាមសមាគមស្វាយចន្ទីកម្ពុជា។
ទិន្នន័យដែល ភ្នំពេញ ប៉ុស្តិ៍ ទើបទទួលបាននៅថ្ងៃទី ១៦ ខែវិច្ឆិកា បង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៣ ការប្រមូលផលគ្រាប់ស្វាយចន្ទី (ឆៅ) នៅកម្ពុជាសម្រេចបាន ៦៥១ ០០០ តោន ក្នុងនោះ ៩៤,៥ ភាគរយ ស្មើនឹង ៦១៥ ០០០ តោន ត្រូវបាននាំទៅលក់នៅវៀតណាម ដោយទទួលបានប្រាក់ ៨៣១ លានដុល្លារ ធ្លាក់ចុះ ១៦,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់ថា កត្តាតម្លៃទីផ្សារអន្តរជាតិចុះទាបក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះនិងកត្តាអាកាសធាតុ (ភ្លៀងធ្លាក់ច្រើន) បានជំរុញឱ្យកសិករមួយចំនួនកាប់ដើមស្វាយចន្ទីយកដីដាំដំណាំផ្សេង គឺជាមូលហេតុធ្វើឱ្យទិន្នផលស្វាយចន្ទីប្រមូលបានចុះទាប។
ជាមួយគ្នានេះក្នុងឆ្នាំ ២០២៣ នេះ តម្លៃគ្រាប់ស្វាយចន្ទីនៅទីផ្សារអន្តរជាតិក៏មិនសូវល្អដែរ (តម្លៃ ៣ ឆ្នាំមុនមិនសូវល្អ ប៉ុន្តែគ្រាន់បើបន្តិចសម្រាប់ឆ្នាំ ២០២៣)។
លោកបន្តថា ទាំងនេះជាមូលហេតុចម្បងធ្វើឱ្យប្រាក់ចំណូលក្នុងផលិតកម្មស្វាយចន្ទីកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះធ្លាក់ចុះ ទោះបីផលិតកម្មស្វាយចន្ទីត្រូវបានរដ្ឋាភិបាលដាក់ចេញជាគោលនយោបាយជាតិក៏ដោយ។
លោកថ្លែងថា៖ «ទិន្នផលប្រមូលបាន បរិមាណនាំចេញ និងប្រាក់បានពីការនាំចេញគ្រាប់ស្វាយចន្ទីក្នុងរយៈពេល ១០ ខែកន្លងមក គឺសុទ្ធតែធ្លាក់ចុះ ដែលមូលហេតុចម្បងដោយសារតែតម្លៃនៅទីផ្សារអន្តរជាតិធ្លាក់ចុះ»។
ក្រៅពីនាំទៅប្រទេសវៀតណាម គ្រាប់ស្វាយចន្ទីឆៅប្រមាណតិចជាង ៥ ភាគរយ ត្រូវបានប្រើប្រាស់សម្រាប់ការកែច្នែក្នុងស្រុក និងក្រោម ១ ភាគរយត្រូវបាននាំចេញទៅប្រទេសឥណ្ឌា និងចិន។ នេះបើតាមលោក ស៊ីឡុត។
យោងតាមលោក ស៊ីឡុត នៅកម្ពុជាបច្ចុប្បន្នមានសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីធំៗដូចជា សិប្បកម្មជ័យសំបូរ, ក្រុមហ៊ុន Santana Agro Products Co., Ltd និង Handcrafted Cashew nut Stung Treng។
លោកប្រាប់ថា៖ «ចំពោះផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃនៅតាមសិប្បកម្មក្នុងស្រុក គឺបច្ចុប្បន្នមាននាំចេញទៅប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន និងប្រទេសតំបន់អឺរ៉ុបមួយចំនួន ដែលតាមការប៉ាន់ស្មានអាចមាន ៧០០ តោន ក្នុងរយៈពេល ១០ ខែនៃឆ្នាំ ២០២៣»។
រាជរដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧» ដែលគោលនយោបាយជាតិនេះមានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែង ធានានិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងមានគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយសម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
ទិន្នន័យសមាគមស្វាយចន្ទីកម្ពុជាឱ្យដឹងថា ក្នុងឆ្នាំ ២០១៩ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីប្រហែល ៦០ ម៉ឺនតោន, ក្នុងឆ្នាំ ២០២០ ចំនួន ៩៥ ម៉ឺនតោន, ឆ្នាំ ២០២១ ចំនួន ១,១ លានតោន (២៤ ភាគរយនៃការនាំចេញសរុបលើពិភពលោក) និងឆ្នាំ ២០២២ ចំនួន ៦៧ ម៉ឺនតោន។ បច្ចុប្បន្នគ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃក្នុងរង្វង់ ១ ៩០០ ដុល្លារ ក្នុង ១ តោន រីឯគ្រាប់ស្វាយចន្ទីកែច្នៃរួចអាចមានតម្លៃប្រហែល ៨ ០០០ ដុល្លារ។
ប្រភពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ស្វាយចន្ទីគឺជាដំណាំឧស្សាហកម្មដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ ស្វាយចន្ទី ជាប់លេខ ៣ ជាកសិផលនាំចេញក្រៅប្រទេសច្រើនជាងគេ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី៕