ភ្នំពេញៈ អាជីវករក្នុងប្រទេសកម្ពុជានៅពេលនេះអាចធ្វើការទូទាត់ឆ្លងដែនតាមរយៈបណ្តាញ KHQR Code នៃប្រព័ន្ធបាគងធនាគារជាតិនៃកម្ពុជា (NBC) ជាមួយនឹងពាណិជ្ជករក្រុមហ៊ុន AliPay ចំនួន ៨៣ លាននាក់នៅទូទាំងពិភពលោក ខណៈកម្ពុជា និងចិនកំពុងពង្រីកការទូទាត់ឆ្លងដែន។
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី និងលោក Douglas Feagin អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Ant Group ដែលជាក្រុមហ៊ុនមេរបស់ AliPay កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) នៅឯប្រទេសសិង្ហបុរី។
សេចក្ដីប្រកាសព័ត៌មាន NBC ត្រូវបានគេដកស្រង់សម្ដីដោយលើកឡើងថា៖ «អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងជំរុញប្រតិបត្តិការទូទាត់ឆ្លងប្រទេសតាមរយៈ QR Code រវាងបណ្តាញ KHQR Code ប្រព័ន្ធបាគង និងបណ្តាញ QR Code របស់ក្រុមហ៊ុន AliPay ឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព។ តាមរយៈភាពជាដៃគូនេះ អ្នកប្រើប្រាស់ប្រព័ន្ធបាគងអាចធ្វើការទូទាត់ជាមួយពាណិជ្ជករក្រុមហ៊ុន AliPay ចំនួន ៨៣ លាននាក់នៅទូទាំងពិភពលោក»។
ដូចគ្នានេះដែរភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាក៏អាចធ្វើការទូទាត់តាមរយៈប្រព័ន្ធ KHQR យ៉ាងងាយស្រួល និងទទួលបានបទពិសោធន៍ទូទាត់កាន់តែប្រសើរនៅក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចកាន់តែប្រសើរ។អាជីវករខ្មែរត្រូវមានគណនីជាប្រាក់រៀល និងទទួលយកប្រាក់រៀល។
ទន្ទឹមនឹងនេះ គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់គួរតែលើកទឹកចិត្តអាជីវករឱ្យបើកគណនីជាប្រាក់រៀល (រូបិយប័ណ្ណក្នុងស្រុក) និងធ្វើការទូទាត់ជាប្រាក់រៀល ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីប្រព័ន្ធនេះ។ នេះបើតាមលោកស្រី ជា សិរី។
លោកស្រី ជា សិរី បានឱ្យដឹងថា អនុស្សរណៈយោគយល់គ្នានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការទូទាត់ឆ្លងដែន។ ប្រទេសកម្ពុជាបានក្លាយជាគោលដៅដ៏ពេញនិយមរបស់ភ្ញៀវទេសចរចិន និងអន្តរជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយសម្រាប់សេដ្ឋកិច្ច ការទូទាត់តាមរយៈ QR ឆ្លងប្រទេសអាចបង្កើតភាពខុសគ្នាដ៏ធំមួយតាមមធ្យោបាយឌីជីថល និងផ្តល់ភាពកាន់តែងាយស្រួល។
លោកស្រីបានថ្លែងថា៖ «ភាពងាយស្រួលនៃការទូទាត់នេះ ផ្តល់ឱ្យពាណិជ្ជករនូវការបង្កើនប្រាក់ចំណូល ជួយជំរុញសកម្មភាពសេដ្ឋកិច្ច។ ខ្ញុំមានទំនុកចិត្តថា កិច្ចសហការជាមួយ AliPay នឹងមានប្រយោជន៍សម្រាប់គ្រប់ភាគីទាំងអស់ ហើយខ្ញុំចង់ជូនពរឱ្យទទួលបានជោគជ័យបន្តទៀតចំពោះភាគីពាក់ព័ន្ធទាំងអស់ នៅពេលយើងចាប់ផ្តើមដំណើរការកិច្ចសហប្រតិបត្តិការ និងសមិទ្ធផលនេះ»។
លោក Douglas Feagin ឱ្យដឹងថា ភាពជាដៃគូនេះនឹងជំរុញឱ្យដៃគូក្រុមហ៊ុន Alipay អាចធ្វើការទូទាត់តាម KHQR បានយ៉ាងងាយស្រួល។
លោក Douglas ត្រូវបានដកស្រង់សម្ដីដោយលើកឡើងថា៖«សម្រាប់ភាពជាដៃគូ និងការគាំទ្រនេះពួកគេអនុញ្ញាតឱ្យមានការទទួលយកដៃគូទូទាត់ប្រាក់ AliPay+ នៅទូទាំងបណ្តាញ KHQR។ យើងជឿថា វានឹងនាំមកភាពងាយស្រួលបន្ថែមទៀតដល់ភ្ញៀវទេសចរ ដែលមានចំណូលចិត្តក្នុងការ «ទូទាត់ប្រាក់ដូចអ្នកស្រុក» ដោយប្រើរបៀបបង់ប្រាក់ដែលងាយស្រួលរបស់ពួកគេគ្រប់ទីកន្លែង»។
នៅខែតុលា ឆ្នាំ ២០២៣ យីហោប្តូរប្រាក់បរទេស Travelex បានប្រកាសភាពជាដៃគូរបស់ខ្លួនជាមួយ NBC ដើម្បីជួញដូររូបិយប័ណ្ណជាតិរបស់កម្ពុជា គឺប្រាក់រៀល (KHR) នៅព្រលានយន្តហោះ Changi Airport ប្រទេសសិង្ហបុរី ផងដែរ។
លោកស្រី ជា សិរី បញ្ជាក់ថា ជាមួយនឹងការកើនឡើង fintech ធនាគារកណ្តាលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគងដែលមានមូលដ្ឋានលើ blockchain ដែលអាចឱ្យប្រតិបត្តិការរលូនរវាងគ្រឹះស្ថានហិរញ្ញវត្ថុតាមរយៈ QR Code ដែលនៅពេលនេះបម្រើអ្នកប្រើប្រាស់ជាង ១០ លាននាក់។
លោកស្រី សិរី បានកត់សម្គាល់ថា ក្នុងឆមាសទី១ ឆ្នាំនេះ បាគងមានប្រតិបត្តិការជាង ៣៥,៤ លាន ដែលមានចំនួនជាង ១២ ពាន់លានដុល្លារ ស្មើនឹង ៦៧ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។ ប្រតិបត្តិការទូទាត់ឌីជីថលក្នុងអំឡុងពេលនេះមានចំនួន ៨៩២ ភាគរយ នៃផលិតផលក្នុងស្រុកសរុប៕