Grand Twins International (Cambodia) Plc (GTI) ជារោងចក្រកាត់ដេរសម្លៀកបំពាក់តៃវ៉ាន់ ដែលបានចុះបញ្ជីនៅប្រទេសកម្ពុជា បានរាយការណ៍ពីដំណើរការអាជីវកម្មដែលធ្លាក់ចុះជាបន្តនៅក្នុងត្រីមាសទី៣ ឆ្នាំនេះ គិតត្រឹមខែកញ្ញា ចំពេលមានការធ្លាក់ចុះតម្រូវការជាសកលដែលបណ្តាលមកពីការអូសបន្លាយជម្លោះនៅអ៊ុយក្រែន និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងចំណោមបណ្ដាប្រទេសមហាអំណាច។
នៅក្នុងឯកសារដែលផ្ញើទៅផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី១៥ ខែវិច្ឆិកាក្រុមហ៊ុន GTI បានប្រកាសប្រាក់ចំណូលចំនួន ៦៦ ៤៣២ លានរៀល (ឬ ១៦,១៩៥ លានដុល្លារ) ពី ១០០,៤៨១ លានរៀល (ឬ ២៤,៧១២ លានដុល្លារ) ធ្លាក់ចុះ ៣៤,៤៦ ភាគរយ និងបានបង្ហាញប្រាក់ចំណេញមុនបង់ពន្ធចំនួន ៥១២ លានរៀល (១២៤ ៧៤៨ ដុល្លារ) ធៀបនឹង ១,០៩១ លានរៀល (ឬ ២៦៨,៥៥៣ ដុល្លារ) ធ្លាក់ចុះ ៥៣,៥៤ ភាគរយធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុនបានរាយការណ៍ពីប្រាក់ចំណូលសរុបអវិជ្ជមានចំនួន ២៨១,១៤៩ លានរៀល (៦៨,៥៣៩ ដុល្លារ) នៅត្រីមាសនេះ ធៀបនឹងចំនួនវិជ្ជមាន ១,០៩១ ពាន់លានរៀល (២៦៨,៥៥៣ ដុល្លារ) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ទ្រព្យសម្បត្តិសរុបមានចំនួន ៣៥១,៥៥៣ ពាន់លានរៀល ឬ ៨៥,២៨៧ លានដុល្លារ កើនឡើងពី ៣៤៩,៦៨៨ ពាន់លានរៀល ឬ ៨៤,៩៣៧ លានដុល្លារ។
លោក Yang Shaw-Shin ប្រធានក្រុមហ៊ុនGTI បានឱ្យដឹងនៅក្នុងឯកសារនេះថា៖ «ចាប់តាំងពីកាលបរិច្ឆេទកាលពីឆ្នាំ២០០៧ ក្រុមហ៊ុន Grand Twins បានផលិត និងពង្រីកផលិតផលដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលជាការទទួលស្គាល់ថាជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ឈានមុខគេក្នុងប្រទេសកម្ពុជា។ យើងជឿជាក់យ៉ាងមុតមាំលើសមត្ថភាពរបស់យើងលើការបង្កើត អភិវឌ្ឍ និងចែកចាយដល់អតិថិជនរបស់យើងនៅទូទាំងពិភពលោក»។
លោកថ្លែងថា៖ «យើងបន្តរក្សាទំនាក់ទំនងល្អជាមួយអតិថិជនសំខាន់ៗរបស់យើង ដើម្បីទទួលបានការបញ្ជាទិញកាន់តែច្រើននៅឆ្នាំ២០២៣ ទន្ទឹមនឹងនោះ យើងបន្តសហការជាមួយអតិថិជនផ្សេងទៀត ដើម្បីបង្កើនប្រាក់ចំណូលផ្សេងទៀតរបស់យើង ដូចជាពីកិច្ចសន្យាបន្ត និងការកាត់ដេរសម្លៀកបំពាក់ (CMP) ឱ្យមានស្ថិរភាព និង ទទួលបានប្រាក់ចំណូលខ្ពស់ជាងឆ្នាំមុនៗ»។
នៅក្នុងឯកសារ កាលពីខែមិថុនាបានកត់សម្គាល់ថាក្រុមហ៊ុនមួយនេះ បានរក្សាឈ្មោះស្របច្បាប់បច្ចុប្បន្នបន្ទាប់ពីក្លាយជាក្រុមហ៊ុនសាធារណៈមានកម្រិត កាលពីថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០១៣ ហើយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ក្រុមហ៊ុននេះបានទិញ QMI Industrial Co Ltd ជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ឈានមុខគេ ដែលបានដំណើរការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ។
កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ ក្រុមហ៊ុនមួយនេះ បានក្លាយជាក្រុមហ៊ុនចុះបញ្ជីទី២ តែ ១ គត់របស់ CSX ដែលប្រមូលមូលនិធិបានចំនួន ៧៧,១២ ពាន់លានរៀលតាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO)។នេះបើយោងតាមគេហទំព័ររបស់ផ្សារហ៊ុន។
ក្រុមហ៊ុន GTI ទិញវត្ថុធាតុដើមពីប្រទេសចិនដីគោក តៃវ៉ាន់ ថៃ និងវៀតណាម។ នៅក្នុងត្រីមាស ខែមករា ដល់ខែមីនា «ទិសដៅនាំចេញរបស់ខ្លួនរួមមានបណ្ដាប្រទេសនៅអឺរ៉ុបចំនួន ៥៨ ភាគរយ អាមេរិកចំនួន ២៦ ភាគរយ អាស៊ី និងប្រទេសផ្សេងទៀតចំនួន ១៦ ភាគរយនៃប្រាក់ចំណូលសរុប»។
លោក Yang បានឱ្យដឹងថា នៅត្រីមាសផ្សេងទៀតឆ្នាំ២០២៣ លោកនឹងប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រឹងអភិបាលកិច្ចសាជីវកម្ម និងសម្រេចបានចក្ខុវិស័យ និងបេសកកម្ម។ «គោលដៅរបស់យើង នឹងសម្រេចបានប្រាក់ចំណេញខ្ពស់ជាងឆ្នាំមុនៗ៕