ទីបំផុត លោក ឆែន ច័ន្ទដារ៉ា ម្ចាស់អាជីវកម្មសហគ្រាសធុនមធ្យម ផលិតប្រេងឆាកន្ទក់ ដែលទើបបោះទុនវិនិយោគលើរោងចក្រសិប្បកម្មផលិតប្រេងដោយប្រើវត្ថុធាតុដើមសំខាន់ពីអង្ករនិងកន្ទក់ មកពីខេត្តបាត់ដំបង ត្រូវបានគណៈកម្មការវាយតម្លៃឱ្យជាប់ចំណាត់ថ្នាក់លេខ ១ ពីកម្មវិធី «ពានរង្វាន់សហគ្រិន ថ្នាក់ជាតិឆ្នាំ ២០២៣» ពីក្នុងចំណោមក្រុមហ៊ុន ២៥៤ ដែលដាក់ពាក្យប្រកួតប្រជែង។
តាមសេចក្តីប្រកាសព័ត៌មាន សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាពមួយនៅក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ការលើកកម្ពស់សហគ្រាសក្នុងស្រុក បានសហការជាមួយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) រៀបចំការប្រកួតប្រជែងនេះនិងប្រគល់រង្វាន់កាលពីថ្ងៃពុធកន្លងទៅនេះ។
កម្មវិធីប្រគល់ពានរង្វាន់ដល់ម្ចាស់សហគ្រាសដែលបានចូលរួមប្រកួតក្នុងកម្មវិធី «ពានរង្វាន់សហគ្រិន ថ្នាក់ជាតិឆ្នាំ ២០២៣» បានប្រព្រឹត្តទៅក្រោមវត្តមាន លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ សហគ្រិនខ្មែរ។
សេចក្តីប្រកាសដដែលបានឱ្យដឹងថា ក្រោយពីការប្រកួតប្រជែងដ៏ស្វិតស្វាញ គណៈកម្មការវាយតម្លៃបានពិភាក្សាយ៉ាងហ្មត់ចត់ និងសម្រេចជ្រើសរើស ជយលាភី ៤ រូប ដោយម្ចាស់ជយលាភីលេខ ១ បានទៅលើ លោក ឆែន ច័ន្ទដារ៉ា ម្ចាស់អាជីវកម្មសហគ្រាសធុនមធ្យម ផលិតប្រេងឆាកន្ទក់ នៅខេត្តបាត់ដំបង។
សេចក្តីប្រកាស បានបន្តថា ម្ចាស់ជយលាភីលេខ ២ បានទៅលើ លោកស្រី ចៅ លន់មូលីការ (ម្ចាស់អាជីវកម្ម Cambodian Standard Development & Supply Co.,Ltd មកពីរាជធានីភ្នំពេញ។ ម្ចាស់ជយលាភីលេខ៣ បានទៅលើ លោក ចាន់ សិល្បសុជាតិ ម្ចាស់អាជីវកម្ម អ៊ីឆេ ង៉ូវហេង មកពីខេត្តកំពត និង ម្ចាស់ជយលាភីលេខ ៤ បានទៅលើ លោក សុទ្ធ វណ្ណៈ ម្ចាស់អាជីវកម្ម អូស្ត្រាលី ផេស៊ីហ្វិក អ៊ិនវេសម៉ិន ខូ អិលធីឌី មកពីខេត្តសៀមរាប។
សេចក្តីប្រកាសនោះ បានលើកឡើងថា ម្ចាស់ជយលាភីលេខ ១ ទទួលបានរង្វាន់ជាទឹកប្រាក់សរុប ១ ម៉ឺនដុល្លារសហរដ្ឋអាមេរិក មានឱកាសធ្វើជាទីប្រឹក្សា «វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍» ជាវាគ្មិនកិត្តិយសក្នុងកម្មវិធីសហគ្រិនរបស់វិទ្យាស្ថាន ជាតំណាង របស់វិទ្យាស្ថានចូលរួមប្រកួតប្រជែង ពានរង្វាន់សហគ្រិនក្នុងតំបន់ ជាអ្នកផ្ដល់ពិន្ទុសម្រាប់កម្មវិធី «ពានរង្វាន់ សហគ្រិនថ្នាក់ជាតិ» នៅឆ្នាំក្រោយព្រមទាំងទទួលបានលិខិតបញ្ជាក់ទទួលស្គាល់ដោយក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ។
នេះជាលើកទី៤ ហើយដែល «កម្មវិធីប្រកួតពានរង្វាន់សហគ្រិនថ្នាក់ជាតិ» ត្រូវបានរៀបចំ ឡើងដើម្បីលើកទឹកចិត្តសហគ្រិនកម្ពុជាឱ្យបើកបង្ហាញគំនិតអាជីវកម្មរបស់ខ្លួន និងសមិទ្ធផលដែលសម្រេចបានដល់គណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុដើម្បីទទួលបានដំបូន្មានល្អៗការលើកទឹកចិត្ត និងអបអរសាទរជាសាធារណៈដល់ម្ចាស់ជយលាភីដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍអាជីវកម្មរបស់ខ្លួនហើយបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ជាក់ស្តែងការប្រកួតប្រព្រឹត្តទៅដោយមានការដាក់ពាក្យចំនួន ២៥៤ ក្រុមហ៊ុន មកពីទូទាំងប្រទេសកម្ពុជាដែលការផ្សព្វផ្សាយ បានបែងចែកជា ៥តំបន់រួមមាន៖ តំបន់បាត់ដំបង តំបន់សៀមរាប តំបន់កំពង់ចាម តំបន់កំពត និងតំបន់កណ្តាល។
កម្មវិធីដែលរៀបចំឡើងដោយសហគ្រិនខ្មែរមានគោលបំណងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអ្នកពាក់ព័ន្ធនានានៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ សហគ្រិនខ្មែរមានចក្ខុវិស័យក្លាយជាថ្នាលជាតិ សម្រាប់ការលើកកម្ពស់សហគ្រិនភាពតាមរយៈការគាំទ្រទាំងហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុដល់ធុរកិច្ចថ្មី និង សហគ្រាសធុនតូចនិងមធ្យមដែលមានសក្ដានុពលនៅក្នុងវិស័យអាទិភាព ដូចជាវិស័យបច្ចេកវិទ្យាគមនាគន៍ សេវាកម្ម កសិកម្ម និងផលិតកម្ម ឱ្យបានច្រើនដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ៕