អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានបន្ថែមជើងហោះហើរទៅមករវាងប្រទេសចិន និងកម្ពុជា ស្របពេលដែលប្រទេសកម្ពុជា ទើបតែដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី និងដាក់ចេញ«ផែនការពិសេស» ដើម្បីទាក់ទាញភ្ញៀវទេសចរ។
លោក ស៊ិន ចាន់សេរីវុត្ថា បានថ្លែងប្រាប់ថា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌រវាងចិន និងកម្ពុជា ចាប់ពីខែធ្នូ ឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines នឹងបន្ថែមជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជាចំនួន ៤ ជើងក្នុងមួយសប្តាហ៍ ដោយផ្អែកលើមូលដ្ឋាននៃជើងហោះហើរដើមចំនួន ២ ជើងក្នុងមួយថ្ងៃ។
លោកបានបញ្ជាក់ថា៖ «យោងតាមការចេញផ្សាយដោយសារព័ត៌មានChina News Service ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines នឹងបន្ថែមជើងហោះហើរត្រង់ចំនួន ៤ មកកាន់ប្រទេសកម្ពុជារៀងរាល់សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែធ្នូ។ ចាប់ពីខែធ្នូតទៅ ជើងហោះហើរក្វាងចូវ-ភ្នំពេញ របស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ជើងហោះហើរ CZ៦០៥៩ និង CZ៣២៣ នឹងដំណើរការមួយថ្ងៃម្តង»។
លោកបានបន្តថា ខណៈពេលដែលពិធីបុណ្យចូលឆ្នាំចិន និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជនចិន-កម្ពុជាឆ្នាំ ២០២៤ កំពុងខិតជិតមកដល់ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានប្រកាសពីការបន្ថែមជើងហោះហើររវាងប្រទេសចិន និងកម្ពុជាចាប់ពីខែធ្នូ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ជនជាតិចិន ភ្ញៀវទេសចរអន្តរជាតិ និងអ្នកវិនិយោគ ដែលទៅសួរសុខទុក្ខសាច់ញាតិ និងការធ្វើដំណើរកម្សាន្ត និងការធ្វើទស្សនកិច្ចអាជីវកម្មរវាងប្រទេសទាំងពីរ។
បើតាម លោក សេរីវុត្ថា ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines នឹងបន្ថែមថ្មីនូវជើងហោះហើរក្វាងចូវ-ភ្នំពេញ CZ៨៣១៣ នឹងដំណើរការមួយថ្ងៃម្តង រៀងរាល់ថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ។
នៅពេលនោះ ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines នឹងមានជើងហោះហើរប្រចាំសប្តាហ៍ចំនួន ៣៦ ជើងរវាងទីក្រុងក្វាងចូវ និងរាជធានីភ្នំពេញ។
លោកបានបញ្ជាក់ទៀតថា៖ «ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរឡាញ នឹងបើកដំណើរការជើងហោះហើរទៅមកពីភ្នំពេញទៅជីណាន ខេត្តសានទុង នៅថ្ងៃទី ២៣ ខែធ្នូ។ ក្នុងចំណោមនោះ ជើងហោះហើរពីជីណានមកភ្នំពេញ នឹងធ្វើដំណើរ នៅម៉ោង ៣រសៀល រៀងរាល់ថ្ងៃសៅរ៍ ហើយមកដល់ភ្នំពេញនៅម៉ោង ជិត៧ល្ងាច ម៉ោងក្នុងស្រុក។ នៅឆ្នាំក្រោយ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ក៏មានគម្រោងបើកជើងហោះហើរថ្មីពីភ្នំពេញទៅ ហៃគូ ហៃណាន និងសាន់យ៉ា»។
បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បច្ចុប្បន្ន ទីក្រុងរបស់ចិនដែលមានជើងហោះហើរត្រង់មកទីក្រុងភ្នំពេញ ប្រទេសកម្ពុជា រួមមានទីក្រុងប៉េកាំង សៀងហៃ ក្វាងចូវ ណាននីង ឆេងទូ គុនមីង និងកន្លែងផ្សេងៗទៀត។ នៅពេលដែលជំងឺកូវីដ ១៩ បានធូរស្រាលបន្តិចម្តងៗ ភ្ញៀវទេសចរអន្តរជាតិ និងអ្នកវិនិយោគកាន់តែច្រើនឡើងៗបានវិលត្រឡប់មកកម្ពុជាវិញ។
របាយការណ៍ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបង្ហាញថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី មាន អ្នកដំណើរទៅដល់ជាមធ្យម កើនពី ២ ៦០០ នាក់ ទៅ ៣ ២០០ នាក់ ក្នុង ១ ថ្ងៃ ដោយមានការហោះហើរជាមធ្យម ៤៤ជើងក្នុងមួយថ្ងៃ ( ទ្វេទិស)។
ភាគច្រើនជើងហោះហើរមកពីតំបន់អាស៊ាន និងចិន ដោយក្នុងនោះមានភ្ញៀវចម្រុះជាតិសាសន៍ អាស៊ាន ៧៥ ភាគរយ និងអឺរ៉ុប ២៥ ភាគរយ។
បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៨ ធ្វើការហោះហើរចេញ-ចូល ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន ៧ និងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ១ និងរំពឹងថា នឹងមានការកើនដល់ ៩ ទៅ ១០ ក្រុមហ៊ុននៅ ក្នុងរដូវកាលនេះ (Winter ២០២៣) នៅសប្តាហ៍បន្តបន្ទាប់ៗខាងមុខនេះ៕