​ក្នុងនាម​ជា​សមាជិក​អាស៊ាន កម្ពុជា​ប្ដេជ្ញាចិត្ត​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី គាំទ្រ​ពាណិជ្ជកម្ម​ដោយ​សេរី​និង​បើកចំហ ដោយបាន​គូសបញ្ជាក់ថា ការអភិវឌ្ឍ​ឥតឈប់ឈរ​របស់​អាស៊ី​ពឹង​ផ្អែកលើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ភាពជា​ដៃគូ ដោយ​ប្រើប្រាស់​ភាព​ចម្រុះ​ជា​ចំណុច​ខ្លាំ​ទើប​អាច​យកឈ្នះ​លើ​ការ​ប្រឈម​នានា​សម្រាប់​ផលប្រយោជន៍​រួម​។​
 
​ការប្តេជ្ញា​កម្ពុជា ធ្វើឡើង​នាឱកាស ទេសរដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​លោក អ៊ុច បូរ​រិ​ទ្ធ បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុង «​វេទិកា​សេដ្ឋកិច្ច និង​សង្គម​»៖ ការពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ការសម្របសម្រួល និង​រួមគ្នា​ស្វែងរក​ការអភិវឌ្ឍ​អាស៊ី ក្រោម​ប្រធានបទ «​ការរក្សា​កិច្ចសន្ទនា​អរិយធម៌ ដើម្បី​លើកតម្កើង​អរិយធម៌ និង​វឌ្ឍនភាព​មនុស្សជាតិ​» នៅ​រដ្ឋធានី​ប៉េកាំង​នៃ​ប្រទេស​ចិន​កាលពី​ថ្ងៃទី​ ១៦​ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។​ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​
 
​ក្នុងឱកាស​នោះ ទេសរដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ប្រវត្តិសាស្ត្រ​របស់​អាស៊ី ដែលជា​ទីតាំង​លំនៅ​ដំបូង និង​ជា​ប្រភពដើម​ដ៏​សំខាន់​មួយ​នៃ​អរិយធម៌​របស់​មនុស្ស​ជាតិ​។ ដោយ​រៀបរាប់​ពី​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរបែប​របស់​កម្ពុជា លោក​បាន​គូសបញ្ជាក់​ពី​ការចូលរួម​យ៉ាងសកម្ម​របស់​កម្ពុ​ជានា​សម័យបុរាណ ក្នុង​ទំនាក់ទំនង​ជាមួយ​ប្រជាជាតិ​ដទៃទៀត តាមរយៈ​ផ្លូវ​សូត្រ​សមុទ្រ​ក្នុង​ចន្លោះ​សតវត្សរ៍​ទី​១ និង​ទី​៦​។

ក្នុង​សេចក្តីប្រកាស​បញ្ជាក់ថា​៖ «​ក្នុងនាម​ជា​សមាជិក​អាស៊ាន កម្ពុជា​ប្ដេជ្ញាចិត្ត​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី គាំទ្រ​ពាណិជ្ជកម្ម​ដោយ​សេរី​និង​បើកចំហ និង​មិន​គាំទ្រ​សកម្មភាព​គាំពារ​និយម ឯកតោភាគី​និយម និង​សេដ្ឋកិច្ច​ជាតិនិយម​»​។ 


​ដោយ​រំលេច​នូវ​ភាព​សម្បូរបែប​នៃ​អរិយធម៌​អាស៊ី​និង​សកល លោក អ៊ុច បូរ​រិ​ទ្ធ បាន​កោតសរសើរ​ចំពោះ​គំនិត​ផ្តួចផ្តើម​អរិយធម៌​សកល (GCI) របស់ លោក​ប្រធានាធិបតី​ចិន ស៊ី ជី​ង​ពីង ដែល​ផ្តល់​តម្លៃ​លើ​ទំនាក់ទំនង​និង​កិច្ចសន្ទនា​ស៊ីជម្រៅ​នៃ​អន្តរ​អរិយធម៌ ក្នុងការ​លើកស្ទួយ​វឌ្ឍនភាព​មនុស្សជាតិ និង​ជំរុញឱ្យមាន​ការផ្តល់​ត​ម្លៃ​ចំពោះ​គ្នា​ទៅវិញទៅមក លើក្តី​សង្ឃឹម​និង​វិបុលភាព​រួម​។​
 
​លោក ក៏បាន​កោតសរសើរ​ចំពោះ​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​សកល (GDI) និង​គំនិត​ផ្តួចផ្តើម ខ្សែក្រវាត់​និង​ផ្លូវ (BRI) ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​គុណភាព​ខ្ពស់ និង​លើកកម្ពស់​ការតភ្ជាប់​នៅ​ទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក និង​អាមេរិក​ឡាទីន តាមរយៈ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន ការអភិវឌ្ឍ​ធនធានមនុស្ស ព្រមទាំង​កំណើន​បៃតង​ និង​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។

លោក​បញ្ជាក់ទៀតថា កម្ពុជា​ប្ដេជ្ញា​បន្ត​កិច្ចសហការ​ក្នុងការ​អនុវត្ត​គំនិត​ផ្តួចផ្តើម​ទាំងនេះ ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជាតិ​ទាំងអស់​។​
 
​នាឱកាស​នោះដែរ​លោក អ៊ុច បូរ​រិ​ទ្ធ បាន​ថ្លែង​អំពី​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​របស់​កម្ពុជា​លើ​វិស័យ​ជាច្រើន ដែល​សម្រេចបាន​តាមរ​យៈ​ការធានាបាន​នូវ​សន្តិភាព ស្ថិរភាព និង​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​ផលប្រយោជន៍​រួម ក៏ដូចជា​ការគាំទ្រ​ពី​ប្រទេស​ចិន​និង​បណ្តា​ប្រទេស​ជា​មិត្ត ព្រមទាំង​ស្ថាប័ន​ផ្សេងៗ​។  

​លោក​ក៏បាន​រំលេច​ផងដែរ​ថា​៖ «​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក អត្រា​នៃ​ភាពក្រីក្រ​របស់​កម្ពុជា​បាន​ធ្លាក់ចុះ​ជា​លំដាប់ ក្នុង​អត្រា​ប្រចាំឆ្នាំ​ជា​មធ្យម ១,៦ ភាគរយ​។ សេដ្ឋកិច្ចកម្ពុជា​បានសម្រេច​នូវ​កំណើន​ជាង ៧ ភាគរយ​ក្នុង​មួយឆ្នាំ មុនពេល​នៃ​ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វីដ​ ១៩»​។​
 
​តាមរយៈ​វេ​ទិ​នា​នេះដែរ លោក​ទេសរដ្ឋមន្ត្រី បាន​គូស​បង្ហាញ​ពី​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ថ្មី​របស់​កម្ពុជា សំដៅ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ និង​ជា​ប្រទេស​ដែលមាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។

ក្នុងន័យនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​យ៉ាង​ពេញទំហឹង​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ក្នុង​រយៈពេល​ ២៥​ ឆ្នាំ ដែល​ស្រប​ជាមួយនឹង​គោលការណ៍​បរិ​យាប​ន្ន សន្តិភាព​និង​ស្ថិរភាព និរន្តរភាព និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​បើកទូលាយ និង​ផ្អែកលើ​ច្បាប់​៕​