ភ្នំពេញៈ កម្ពុជារកបាន​ចំណូល​ពន្ធ​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​​ (E-Commerce) ចំនួន ៦២,៨២​ លាន​ដុល្លារ ក្នុង​រយៈ​ពេល ១០ ​ខែ​ដើមឆ្នាំ ២០២៣ ដែលជា​ការឆ្លុះបញ្ចាំង​ពី​ការកើនឡើង​ប្រតិបត្តិ​ការទិញ​-​លក់ទំនិញ និង​សេវាកម្ម​តាម​អេឡិចត្រូនិក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​បើតាម​ស្ថិតិ​បាន​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ ​(GDT) ប្រាក់ចំណូល​ពន្ធ​ខាងលើ គឺ​បានមកពី​អ្នក​ជាប់ពន្ធ​មិនមែន​និវាស​ន​ជន​ចំនួន ៨២ នៃ​សហគ្រាស​ការផ្គត់ផ្គង់​ទំនិញ និង​សេវាកម្ម​តាម​អេឡិចត្រូនិក​ពី​បរទេស​។​

​អគ្គនាយក GDT លោក គង់ វិបុល បានឱ្យដឹង​ក្នុង​របាយការណ៍​ថា VAT ពី​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក​គឺជា​ប្រភព​ចំណូល​ដ៏​មាន​សក្តានុពល​មួយ​សម្រាប់​កម្ពុជា​។​

​រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​អនុវត្ត​អាករ​លើ​តម្លៃបន្ថែម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កាលពី​ខែមេសា​ឆ្នាំនេះ ហើយ​ក្រុមហ៊ុន​ដែល​ជាប់ពន្ធ​រួមមាន ក្រុមហ៊ុន Google, Facebook, YouTube, Alibaba, Microsoft និង ក្រុមហ៊ុន TikTok​។​

​លោក​ថ្លែងថា​៖ «​កម្ពុ​ជាមាន​សក្តា​នុ​ពល​ក្នុង​ការបង្កើន​ប្រាក់ចំណូល​ថវិកាជាតិ​បន្ថែមទៀត​»​។​

​លោក​បន្ថែមថា ពន្ធ​លើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក​បរទេស​ក៏​ធ្វើឱ្យ​ប្រតិបត្តិ​ករ​ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និក​នៅក្នុង​ស្រុក​មាន​កម្រិត​ស្មើគ្នា​ផងដែរ​។​
​វេទិកា​ទិញ​ទំនិញ​តាម​អ៊ីន​ធឺ​ណិ​ត​កំពុង​ក្លាយជា​និន្នាការ​របៀប​រស់នៅ​ដ៏​សំខាន់​នៅ​កម្ពុជា ដោយ​បង្កើត​ឱកាស​ជាច្រើន​សម្រាប់​អាជីវកម្ម​ខ្នាតតូច​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ (GDT)​ បានឱ្យដឹង​ទៀតថា សម្រាប់​រយៈពេល ​១០​ ខែ ឆ្នាំ ​២០២៣ គឺ​ការប្រមូល​ចំណូល​ពន្ធ​សម្រេចបាន​ចំនួន ៣ ពាន់​លាន​ដុល្លារ​ដែល​តំណាងឱ្យ ៨៥,៨ ភាគរយ​នៃ​ផែន​ការ​ថវិកា​។​

​លោក គង់ វិបុល លើកឡើង​ទៀតថា ការធ្វើ​ទំនើបភាវូបនីយកម្ម​បាន​ធ្វើឱ្យ​អត្រា​នៃ​ការចុះបញ្ជី​កាន់តែ​ប្រសើរ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សេវាកម្ម​អ្នក​ជាប់ពន្ធ និង​ការបំពេញ​ឯកសារ​ប្រកាស​ពន្ធ​បន្ថែម​លើ​ការពង្រីក​បរិក្ខារ​រក្សា​ទុក​ទិន្ន​ន័យ​ក្នុងចំណោម​របស់​ផ្សេងៗ​ទៀត​។​

​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ ឱ្យដឹងថា ការណ៍​នេះ​ឆ្លុះបញ្ចាំង​ពីអ្វី​ដែល​ក្រុមហ៊ុន​ចំណូល​ថ្មី​របស់​ប្រទេស​កម្ពុជា គឺ​ការប្រមូល​ពន្ធ​លើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ លោក​បន្តថា ការទិញ​ទំនិញ​តាម​អ៊ីន​ធឺ​ណិ​ត​កំពុង​ទទួលបាន​ចំណែក​ទីផ្សារ​ស្ទើរតែ​គ្រប់​ប្រទេស​។​

​លោក វណ្ណៈ បាន​បញ្ជាក់ថា ការ​កើន​ឡើង​ការប្រមូល​ពន្ធ​ទាំងនេះ​នឹង​បង្ហាញ​ពី​ការកើនឡើង​សកម្មភាព​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក​នៅ​កម្ពុជា​។​

​លោក​និយាយថា​៖ «​វា​គឺជា​រឿង​ជោគ​ជ័យ​មួយ​សម្រាប់ GDT ដោយ​វា​កើតចេញពី​ការកែលម្អ​ដើម្បី​ធ្វើឱ្យ​ការ​គ្រប់​​គ្រង​ពន្ធ​កាន់តែ​ច្បាស់លាស់ និង​មាន​តម្លាភាព​សម្រាប់​អ្នក​ជាប់ពន្ធ​។ ចំណូល​ពន្ធ​បាន​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក​នឹង​នៅ​ស្ថិត​លើផ្លូវ​កំណើន​ខ្ពស់​»​។ លោក​បន្តថា ជារួម​ការកើនឡើង​ការវិនិយោគ​ក្នុងស្រុក​ថ្មីៗ​បាន​នាំឱ្យ​ប្រាក់ចំណូល​ពន្ធ​កើន​ឡើងជា​លំដាប់​។​

​ក្នុង​វេទិកា​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​លើក​ទី​១៩ ដែល​ធ្វើ​កាលពី​សប្តាហ៍​មុន​ថា ដោយសារតែ​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ ចំណូល​ពន្ធ​នៅ​កម្ពុជា​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ដែល​អាចឱ្យ​រាជរដ្ឋាភិបាល​កសាង​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​សំខាន់ៗ ដូចជា​ផ្លូវថ្នល់ ស្ពាន អគារ សាលារៀន និង​មន្ទីរពេទ្យ​នៅ​ទូទាំងប្រទេស​។​


​លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​នឹងមិន​បង្កើត​ពន្ធ​ថ្មី ឬ​ដំឡើង​អត្រាពន្ធ​ដើម្បី​បន្ថែម​បន្ទុក​ដល់​ប្រជាជន​នោះទេ​»​។​

​កម្ពុជាមាន​ស្ថាប័ន ២ ​សម្រាប់​ប្រមូល​ពន្ធ គឺ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​ប្រមូល​ពន្ធ​លើ​ទំនិញ​នាំចូល​-​នាំ​ចេញពី​ប្រទេស​កម្ពុជា​។ អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ផ្តោតលើ​ការប្រមូល​ពន្ធ​ផ្ទៃក្នុង ដូច​ជា ពន្ធ​លើ​ប្រាក់ចំណូល ពន្ធ​ប្រាក់ខែ ពន្ធ​លើ​តម្លៃបន្ថែម និង​ពន្ធ​អចលនទ្រព្យ ជាដើម​។​

​នៅក្នុង​ឆ្នាំ ​២០២៣ រដ្ឋាភិបាល​កម្ពុជា​បានកំណត់​គោលដៅ​ប្រាក់ចំណូល​ពី​ពន្ធដារ និង​ពន្ធគយ​ចំនួន ៥,៥ ​ពាន់​លាន​ដុល្លារ​ កើនឡើង​ជិត ១៦ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០២២៕