ភ្នំពេញៈ ការធ្វើពាណិជ្ជកម្មទំនិញទ្វេភាគីកម្ពុជា-វៀតណាម នៅក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៣ មានទឹកប្រាក់សរុបជិត ៥,៣ ពាន់លានដុល្លារកើនជាង ៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ដោយក្នុងនោះទំនិញដែលកម្ពុជានាំទៅវៀតណាម មានជិត ២,៣ ពាន់លានដុល្លារ កើនជិត ៣៦ ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
តារាងស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញអន្តរជាតិរបស់កម្ពុជាកត់ត្រាដោយ GDCE បានបង្ហាញថា ចន្លោះពីខែមករា-តុលា ឆ្នាំ ២០២៣ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា-វៀតណាម មានទឹកប្រាក់សរុប ៥,២៨ ពាន់លានដុល្លារ កើន ៥,៥ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលមាន ៥ ពាន់លានដុល្លារ។
ក្នុងចំនួនខាងលើគឺការនាំចេញរបស់កម្ពុជាមានចំនួន ២,២៦ ពាន់លានដុល្លារ កើន ៣៥,៩ ភាគរយ និងទំនិញវៀតណាមនាំមកកម្ពុជា ៣,០១ ពាន់លានដុល្លារ ធ្លាក់ចុះ ៩,៧ ភាគរយ។ បើផ្អែកតាមតួលេខខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាព ៧៥៣,៨៤ លានដុល្លារ ខណៈរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ មានចំនួន ១,៦៧ ពាន់លានដុល្លារ។
GDCE បានឱ្យដឹងទៀតថា សម្រាប់ខែតុលា ឆ្នាំ ២០២៣ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ មានចំនួន ៥០២,៥៧ លានដុល្លារ កើន ៣៦,៥ ភាគរយពី ៣៦៨,២លានដុល្លារកាលពីខែតុលា ឆ្នាំ ២០២២ ដោយទំនិញកម្ពុជានាំទៅវៀតណាម ២២៣ លានដុល្លារ កើនឡើង ១១៣,៥ ភាគរយ និងទំនិញវៀតណាមនាំចូល ២៧៩,៥៧ លានដុល្លារ កើន ៦ ភាគរយ។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ទឹកប្រាក់ពាណិជ្ជកម្មទ្វេភាគីកើនឡើងខាងលើ គឺបានពីការរួមចំណែកយ៉ាងច្រើននៃការនាំចេញរបស់កម្ពុជា ដែលភាគច្រើនជាផលិតផលកសិកម្ម។
កំណើននេះនឹងបន្តទៀត ព្រោះបច្ចុប្បន្នចំនួនវិនិយោគិនដែលចូលមកបណ្តាក់ទុននៅកម្ពុជាបានកើនជាបន្តបន្ទាប់ដែលធ្វើឱ្យការប្រមូលផលកើនស្ទើរគ្រប់វិស័យ។
លោកបន្តថា តាមពិតទំហំពាណិជ្ជកម្មប្រទេសទាំង ២ អាចច្រើនលើសពីនេះទៀត ព្រោះក្នុងនាមជាប្រទេសមានព្រំដែនសន្តិភាពជាប់គ្នា គឺការផ្លាស់ប្តូរទំនិញរវាងប្រជាជននៅព្រំដែនប្រាកដជាមានច្រើនលើសពីការកត់ត្រារបស់អាជ្ញាធរ។
លោកលើកឡើងថា៖ «ខ្ញុំគិតថា ទំហំទឹកប្រាក់ផ្លាស់ប្តូរទំនិញកម្ពុជា-វៀតណាម អាចមានច្រើនលើសពីតួលេខដែលកត់ត្រា ខណៈបច្ចុប្បន្នមានវិនិយោគិនវៀតណាមជាច្រើនកំពុងវិនិយោគក្នុងប្រទេសកម្ពុជាជាប់ព្រំដែនវៀតណាមផងដែរ»។
លោកបន្តទៀតថា នៅពេលការសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញទៅក្រុងបាវិត (ខេត្តស្វាយរៀង) ជាប់ព្រំដែនប្រទេសវៀតណាមរួចរាល់នោះ គឺការធ្វើពាណិជ្ជកម្មទំនិញ និងភ្ញៀវទេសចររវាងប្រទេសទាំង ២ នឹងហក់ឡើង ១ កម្រិតទៀតជាមិនខាន។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ថ្មីៗនេះនិយាយថា ការកើនឡើងសមត្ថភាពផលិតកម្មនៅកម្ពុជា បញ្ហាកង្វះខាតឃ្លាំងស្តុក/រោងចក្រកែច្នៃ និងទុនប្រមូលទិញផលិតផល ព្រមទាំងភាពល្អប្រសើរនៃទំនាក់ទំនងតាមព្រំដែនបានធ្វើឱ្យការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-វៀតណាម ពិសេសការនាំចេញរបស់កម្ពុជាកើនឡើងជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។
លោកបន្តថា បច្ចុប្បន្នក៏មានវិនិយោគិនវៀតណាមកំពុងបណ្តាក់ទុននៅកម្ពុជាលើវិស័យចម្រុះជាច្រើនដូចជា កសិកម្ម ឧស្សាហកម្ម ធនធានរ៉ែ ដឹកជញ្ជូន និងហិរញ្ញវត្ថុជាដើម។
លោកប្រាប់ទៀតថា៖ «ដោយសារប្រទេសទាំង២មានព្រំដែនគោក និងទឹកជាប់គ្នា ដូច្នេះការនាំចេញ-នាំចូលទំនិញប្រាកដជាមានច្រើនលើសពីការកត់ត្រា។ ការកើនឡើងសមត្ថភាពផលិតកម្មក្នុងស្រុក (កម្ពុជា) នឹងជួយធ្វើឱ្យការនាំចេញមានកំណើនកាន់តែខ្ពស់»។
លោកបន្តថា៖ «បច្ចុប្បន្នវៀតណាមគឺជាទីផ្សារទទួលទិញកសិផលឈានមុខគេរបស់កម្ពុជា»។
យោងតាមលោក លឹម ហេង ផលិតផលសំខាន់ៗដែលកម្ពុជា នាំទៅវៀតណាមរួមមាន ស្រូវ, ស្វាយចន្ទី, ដំឡូងមី, កៅស៊ូ, ចេក, ពោត ស្វាយ និងថ្នាំជក់ ជាដើម ចំណែកវៀតណាមនាំមកកម្ពុជា មានដូចជា សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ឧបករណ៍អេឡិចត្រូនិកអគ្គិសនី គ្រឿងទេស ជីកសិកម្ម និងបន្លែ ផ្លែឈើ ជាដើម។
ក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានចំនួនសរុប ៦,១៣ ពាន់លានដុល្លារ កើន ១៩,៦ ភាគរយបើធៀបទៅឆ្នាំ ២០២១។ ក្នុងនោះកម្ពុជានាំទៅវៀតណាម ២,១៧ ពាន់លានដុល្លារ កើន ៩,២ ភាគរយ និងទំនិញវៀតណាមនាំមកកម្ពុជា ៣,៩៧ ពាន់លានដុល្លារ កើន ២៦,២ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕