ភ្នំពេញៈ តម្លៃមធ្យមនៃផលិតផលទឹកមាត់ត្រចៀកកាំកម្ពុជា ក្នុងរយៈពេលជាង ១០ ខែ ឆ្នាំ ២០២៣ នេះបានរក្សាប្រហាក់ប្រហែលនឹងឆ្នាំ ២០២២ ដដែល ខណៈចំនួនផ្ទះអភិរក្ស (ផ្ទះត្រចៀកកាំ) និងទិន្នផលប្រមូលបានកំពុងកើនឡើង។ នេះបើយោងតាមលោក ណាង សុធី ប្រធានសហព័ន្ធសម្បុកត្រចៀកកាំកម្ពុជា។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា លោក ណាង សុធី ឱ្យដឹងថា ផលិតកម្មទឹកមាត់ត្រចៀកកាំនៅកម្ពុជា បានបង្ហាញពីការបោះជំហានទៅមុខជាបន្តបន្ទាប់ ទាំងចំនួនផ្ទះអភិរក្សសត្វត្រចៀកកាំ និងទិន្នផលប្រមូលបានពីត្រចៀកកាំ។
ទោះយ៉ាងណាតម្លៃក្នុងឆ្នាំ ២០២៣ នេះ គឺប្រហាក់ប្រហែលនឹងឆ្នាំមុន ដោយសម្បុកត្រចៀកកាំមិនទាន់សម្អាត មានតម្លៃពី ៥៥០-៦៨០ ដុល្លារ ក្នុង ១ គីឡូក្រាម និងសម្អាតរួចតម្លៃចន្លោះពី ១ ៥០០ ទៅ ៣ ៥០០ ដុល្លារ (អាស្រ័យលើកម្រិតសម្អាត)។
លោកបន្តថា ទោះតម្លៃមិនកើនឡើង ប៉ុន្តែនិន្នាការវិនិយោគលើផ្ទះត្រចៀកាំនៅកម្ពុជា គឺកើនឡើងជាបន្តបន្ទាប់ ដោយសារក្តីរំពឹងលើទីផ្សារនាំចេញក្រៅប្រទេស ពិសេសប្រទេសចិន។
លោកនិយាយថា៖ «សម្រាប់តម្លៃផលិតផលត្រចៀកកាំក្នុងឆ្នាំនេះ គឺប្រហែលនឹងឆ្នាំមុន ប៉ុន្តែទិន្នន័យដែលប្រមូលបានកើនឡើងក្នុងរង្វង់ពី ២០-២៥ ភាគរយរៀងរាល់ឆ្នាំ។ កំណើនទិន្នផល គឺដោយសារចំនួនសត្វត្រចៀកកាំកើនឡើង»។
បើតាមលោក សុធី នៅកម្ពុជាបច្ចុប្បន្នអាចមានផ្ទះត្រចៀកាំ ចន្លោះពី ៣ ៥០០-៥ ០០០ ខ្នងផ្ទះ និងផ្តល់ផលប្រហែល ៤,៥ តោន ក្នុង ១ ខែៗ។ ទិន្នផលដែលប្រមូលបានប្រហែល ៨០ ភាគរយ ត្រូវបាននាំចេញទៅក្រៅប្រទេស។
ទាក់ទងនឹងទីផ្សារប្រទេសចិន លោក ណាង សុធី លើកឡើងថា បើប្រទេសចិនអនុញ្ញាតឱ្យកម្ពុជានាំចូលជាផ្លូវការនោះ តម្លៃនឹងអាចកើនឡើងខ្ពស់ជាងពេលនេះ។ ទោះពេលនេះផលិតផលទឹកមាត់ត្រចៀកកាំកម្ពុជា មិនទាន់មានច្បាប់អនុញ្ញាតផ្លូវការនាំទៅប្រទេសចិន ប៉ុន្តែក៏មានការនាំចូលក្រៅផ្លូវការមួយចំនួនទៅហើយ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សំហេង បូរ៉ា ក្នុងឱកាសចូលរួម «វេទិកាធុរកិច្ចសម្បុកត្រចៀកកាំកម្ពុជា» កាលពីថ្ងៃទី ២៤-២៥ ខែតុលា ឆ្នាំ ២០២៣ លើកឡើងថា ការធ្វើអាជីវកម្មផលិតកម្មត្រចៀកកាំនៅកម្ពុជាកំពុងកើនឡើងជាបន្តបន្ទាប់ តាមរយៈកំណើននៃការសាងសង់ផ្ទះត្រចៀកកាំស្ទើរគ្រប់ខេត្តក្រុងទូទាំងប្រទេស។ លោកបន្តថា ទន្ទឹមនឹងកំណើនផ្ទះអភិរក្សនេះ គេក៏ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្លាំងផងដែរលើគុណភាព ដើម្បីធានាបានស្ថិរភាពនៃការផ្គត់ផ្គង់ និងការបំពេញបានតាមលក្ខខណ្ឌ និងនីតិវិធីតម្រូវនានាសម្រាប់ការនាំចេញ។
លោកបានថ្លែងថា៖ «វិស័យត្រចៀកកាំបានផ្តល់ការងារដល់ប្រជាពលរដ្ឋលើការងារសាងសង់ផ្ទះត្រចៀកកាំ សម្អាត កែច្នៃ ដឹកជញ្ជូន និងការងារនៅក្នុងខ្សែច្រវាក់ផលិតកម្មសម្បុកត្រចៀកកាំដទៃទៀត និងបានជួយលើកកម្ពស់កម្រិតជីវភាពរបស់អ្នកអភិរក្សផ្ទះត្រចៀកកាំ តាមរយៈការលក់សម្បុកត្រចៀកកាំ (មិនទាន់សម្អាត/មិនទាន់រើសរោមចេញ) សម្បុកសម្អាតរួច កែច្នៃសម្បុកជាភេសជ្ជៈ និងការកែច្នៃជាផលិតផលពាក់ព័ន្ធដទៃទៀត។ វិស័យនេះបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍដល់សេដ្ឋកិច្ចគ្រួសារ សហគមន៍ និងសេដ្ឋកិច្ចជាតិ»។
ក្នុងពិធីនេះផងដែរ ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នប្រទេសចិន និងកម្ពុជាកំពុងចរចាយ៉ាងសកម្មទៅលើកិច្ចព្រមព្រៀងនាំចេញសម្បុកត្រចៀកកាំកម្ពុជាទៅកាន់ប្រទេសចិន។
លោកស្រីថ្លែងថា៖ «យើងទន្ទឹងរង់ចាំការនាំចូលសម្បុកត្រចៀកកាំ ដែលមានគុណភាពខ្ពស់របស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។ ចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ខណៈផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់របស់កម្ពុជា ត្រូវបាននាំទៅប្រទេសចិន ជាបន្តបន្ទាប់ ដូចជាអង្ករ ចេក មៀន ដូង និងកសិផលផ្សេងទៀត ព្រមទាំងផលិតផលកសិកម្មជាច្រើនត្រូវបាននាំចេញទៅប្រទេសចិន ដោយជោគជ័យ»៕