ភ្នំពេញៈ ប្រទេសកម្ពុជា បាននាំចូលដែក និងដែកថែប ក្នុងទឹកប្រាក់សរុបជិត ៣០៦ លានដុល្លារ នៅក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៣ កើនឡើងតិចតួចបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ខណៈទឹកប្រាក់នាំចូលនៅក្នុងខែចុងក្រោយបែរជាធ្លាក់ចុះជាង ១៥ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
GDCE ឱ្យដឹងថា ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ ២០២៣ ការនាំចូលទំនិញក្នុងជំពូក (HS ២ ខ្ទង់) លេខកូដ ៧២ ដែលរួមមានដែក និងដែកថែប មានតម្លៃសរុប ៣០៥,៩៧ លានដុល្លារ កើនឡើង ១,៤ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមាន ៣០១,៨៧ លានដុល្លារ។ ទឹកប្រាក់នេះស្មើ ១,៥ ភាគរយនៃទឹកប្រាក់នាំទំនិញចូលសរុបរបស់កម្ពុជារយៈពេល ១០ ខែ ឆ្នាំ ២០២៣ ដែលមាន ២០,០៧ ពាន់លានដុល្លារ។
អ្នកគ្រប់គ្រងទូទៅសមាគមអ្នកសាងសង់កម្ពុជា លោក ជីវ ស៊ីវផេង ថ្មីៗនេះបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ទោះបីពេលនេះស្ថានភាពសេដ្ឋកិច្ចពិភពលោក និងចរន្តនៃការធ្វើដំណើរមានភាពល្អប្រសើរជាងអំឡុងពេលការរីករាលដាលជំងឺកូវីដ ១៩ ក៏វិស័យសំណង់នៅកម្ពុជាមិនទាន់មានដំណើរការលឿនវិញភ្លាមៗទេ ដោយត្រូវការពេលថែមទៀត។
ជាទូទៅវិស័យសំណង់តែងតែត្រូវការពេលយូរជាងវិស័យផ្សេងៗទៀតសម្រាប់ការងើបឡើងវិញ ខណៈការសាងសង់បញ្ចប់គម្រោងធំៗក៏ត្រូវការពេលយូរផងដែរ។
លោកបន្តថា វិបត្តិសេដ្ឋកិច្ច និងនយោបាយពិភពលោក រយៈពេលជិត ៤ ឆ្នាំមកនេះ បានធ្វើឱ្យសាងសង់គម្រោងធំៗជាច្រើនត្រូវបន្ថយល្បឿន ឬជាប់គាំង។ នៅពេលវិស័យសំណង់ដំណើរការមិនល្អ តម្រូវការសម្ភារសំណង់ដូចជា ដែក ស៊ីម៉ងត៍ និងគ្រឿងអគ្គិសនី ក៏ចុះថយដែរ។
លោកប្រាប់ថា៖ «ការថមថយល្បឿនការសាងសង់ ព្រមទាំងកំណើនផលិតផលក្នុងស្រុក អាចជាមូលហេតុចម្បងធ្វើឱ្យទឹកប្រាក់នាំចូលដែក និងដែកថែបពីក្រៅប្រទេសកើនឡើងតិចតួចក្នុងរយៈពេលខាងលើ»។
លោកបន្តថា ទោះយ៉ាងណាការនាំចូលដែក និងដែកថែប អាចនឹងមានបរិមាណច្រើនចាប់ពីឆ្នាំ ២០២៤ តទៅ។ដែក និងដែកថែប ភាគច្រើននាំចូលពីប្រទេសវៀតណាម ចិន និងថៃ។នៅកម្ពុជាសំណង់ធំៗត្រូវបានគេដឹងថា មានភាគច្រើននៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
លោក អ៊ឹម សេងហួ ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តព្រះសីហនុ បានឱ្យដឹងថា ការត្រឡប់មកវិញជាបណ្តើរៗរបស់វិនិយោគិនបរទេស ពិសេសជនជាតិឥណ្ឌូនេស៊ី និងចិន បានធ្វើឱ្យការដ្ឋានសំណង់មួយចំនួនដែលជាប់គាំងជាង ៣ ឆ្នាំកន្លងមកក្នុងខេត្តព្រះសីហនុចាប់ផ្តើមដំណើរការសាងសង់ឡើងវិញខ្លះៗ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការទីតាំងជួល។
លោកបាននិយាយថា៖ «មួយរយៈចុងក្រោយនេះ ខ្ញុំសង្កេតឃើញអគារដែលគេទុកចោលរយៈពេល ២-៣ ឆ្នាំចុងក្រោយ បានចាប់ផ្តើមបន្តការសាងសង់ឡើងវិញ ព្រោះតែកំណើននៃតម្រូវការជួល ជាពិសេសពីសំណាក់វិនិយោគិនឥណ្ឌូនេស៊ី និងចិន ទាំងកន្លែងស្នាក់នៅ និងបើកអាជីវកម្ម»។
កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យគម្រោងវិនិយោគលើរោងចក្រផលិតដែករបស់ក្រុមហ៊ុន Huale Steel (Cambodia) Co.,Ltd ដែលមានទុនវិនិយោគ ៤០ លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ។ កន្លងមកនៅខេត្តបន្ទាយមានជ័យ និងកំពង់ស្ពឺ ក៏មានរោងចក្រផលិតដែក បើកដំណើរការផងដែរ៕