ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃអាកាសចរស៊ីវិលកម្ពុជា (SSCA) បានប្រាប់ឱ្យដឹងថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោសម្រេចបានប្រមាណ ៥៥ ភាគរយហើយ ដែលអាចនឹងបញ្ចប់តាមការគ្រោងទុកនៅត្រឹមដំណាច់ឆ្នាំ ២០២៤ ខាងមុខ។
លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការនៃ SSCA បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២១ ខែវិច្ឆិកាថា ជំហានទី ១ នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោសម្រេចបានប្រមាណ ៥៥ ភាគរយគិតមកត្រឹមពាក់កណ្តាលខែវិច្ឆិកា ដែលគម្រោងនេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២៤ និងបើកឱ្យដំណើរការនៅឆមាសទី ១ ឆ្នាំ ២០២៥។
លោកបន្តថា សម្រាប់គម្រោងសាងសង់ដំណាក់កាលទី១ នេះ គឺមានទឹកប្រាក់សាងសង់ចំនួន ៨០០ លានដុល្លារ ទៅលើការងារសំខាន់ៗ ខណៈស្ថានីយអ្នកដំណើរដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឆៃណា ខនស្ត្រាក់សិន អង្គភាពទី ៣ (CCTEB) សម្រេចការសាងសង់បាន ៤៧,៤ ភាគរយ, មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពលសម្រេចការសាងសង់បាន ៧៣,៧ ភាគរយ, ការងារទាក់ទងនឹងទីលានចតយន្តហោះ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន សៀងហៃ ប៉ោយៀក (MCC/CAIC) បាន ៥២,២ ភាគរយ។ សម្រាប់ការសាងសង់ប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសដែលស្ថិតក្រោមការគ្រប់គ្រងរបស់កាណាស៊ីណូ (CSCC) សម្រេចការសាងសង់បាន ៩០,៨ ភាគរយ។
លោកថ្លែងថា៖ «បើមិនមានអ្វីប្រែប្រួល គម្រោងនេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២៤។ យើងរំពឹងព្រលានយន្តហោះនេះនឹងបើកដំណើរការនៅឆមាសទី១ ឆ្នាំ ២០២៥ ដោយសារតែយើងត្រូវការតេស្តសាកល្បង និងការទទួលបានវិញ្ញាបនបត្រសម្រាប់ការហោះហើរ»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញថាការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិឱ្យមានស្តង់ដា និងទទួលបានការហោះហើរត្រង់ពីបណ្តាប្រទេសនានាជាពិសេសមកពីទិសដៅឆ្ងាយៗគឺជាការចូលរួមចំណែកមួយដ៏សំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា។
លោកថ្លែងថា៖ «ស្របពេលដែលវិស័យទេសចរណ៍កំពុងតែងើបឡើងវិញសន្សឹមៗការអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិនេះនឹងឆ្លើយតបកំណើននៃការត្រឡប់មកវិញនៃភ្ញៀវទេសចរអន្តរជាតិនាប៉ុន្មានឆ្នាំខាងមុខ។ យើងក៏រំពឹងថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះនឹងមានការហោះហើរត្រង់ពីបណ្តាប្រទេសឆ្ងាយៗជុំវិញពិភពលោក»។
លោកបន្ថែមថា ការចាប់ផ្តើមដំណើរការសាងសង់កាលពីឆ្នាំ ២០១៩ ព្រលានយន្តហោះ TIA ដែលពីមុនមានឈ្មោះ ព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ នឹងត្រូវបញ្ចប់ក្នុងដំណាក់កាលទី១ នៅពាក់កណ្តាលឆ្នាំ ២០២៤។ នេះបើតាមផែនការមេដែលធ្វើបច្ចុប្បន្នភាពរបស់ក្រុមហ៊ុន CAIC។
CAIC ជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុនសាជីវកម្មវិនិយោគកម្ពុជាបរទេស (OCIC) និង SSCA ដោយភាពជាម្ចាស់ត្រូវបានបង្កើតឡើងលើមូលដ្ឋាន ៩០:១០។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន OCIC នៅក្នុងកំណត់ត្រានៅលើគេហទំព័ររបស់ខ្លួន។
ទិន្នន័យ SSCA បង្ហាញថា នៅចន្លោះពីខែមករា-ខែកញ្ញា ព្រលានយន្តហោះអន្តរជាតិទាំង ៣ របស់កម្ពុជា បានទទួលអ្នកដំណើរសរុប ៣ ៦៨៥ ៣៥៤ នាក់ កើន ១៦២ ភាគរយធៀបនឹងឆ្នាំមុន។ ក្នុងនោះព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានទទួលអ្នកដំណើរ ២,៩ លាននាក់, ព្រលានយន្តហោះសៀមរាប ៧៤០ ៨៨៤ នាក់ និងព្រលានយន្តហោះខេត្តព្រះសីហនុ ៣៩ ៧១៥ នាក់៕