ភ្នំពេញៈ ថាមពលស្អាតដែលកំពុងប្រើប្រាស់ក្នុងបណ្តាញជាតិនៅប្រទេសកម្ពុជា បានកើនដល់ជាង ៦២ ភាគរយនៃបរិមាណប្រើប្រាស់សរុបប្រមាណ ២៤០០ មេហ្គាវ៉ាត់ ខណៈកម្ពុជា ក៏មានផែនការនាំចេញថាមពលដែលផលិតបានទៅលក់ឱ្យប្រទេសមួយចំនួនក្នុងតំបន់ផងដែរ។ នេះបើតាមលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
ថ្លែងក្នុងវេទិកាពិភាក្សាស្តីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជាសហការជាមួយក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី២១ ខែវិច្ឆិកា លោក កែវ រតនៈ បានលើកឡើងថា បន្ទាប់ពីការខិតខំរយៈពេលប្រមាណ ៣ ទសវត្សរ៍បច្ចុប្បន្នកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីទៅស្ទើរគ្រប់ភូមិនៅទូទាំងប្រទេស។
អ្វីដែលជាមោទនភាពមួយទៀតទាក់ទងនឹងសមត្ថភាពខាងលើ កម្ពុជា ក៏បានចូលរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយការបំភាយឧស្ម័ន ដែលចេញពីចំហេះហ្វូស៊ីលដូចជាធ្យូងថ្ម និងប្រេងខ្មៅ ទៅក្នុងបរិយាកាសផងដែរ តាមរយៈការប្រើប្រាស់ថាមពលស្អាត ឬកកើតឡើងវិញ (ថាមពលពីពន្លឺព្រះអាទិត្យ ខ្យល់ ទឹក និងរលកទឹក ជាដើម)។
លោកបន្ថែមថា លើឆាកអន្តរជាតិ កម្ពុជា ត្រូវបានប្រទេសនានា ទទួលស្គាល់ពីការសម្រេចបានជោគជ័យដ៏ធំធេងក្នុងការផ្លាស់ប្តូរពីការពឹងផ្អែកលើថាមពលហ្វូស៊ីល ទៅជាថាមពលស្អាត។ ជាក់ស្តែងក្នុងគោលការណ៍របស់អាស៊ាន គឺគេចង់ឱ្យប្រទេសសមាជិកទាំងអស់ប្រើប្រាស់ថាមពលពីប្រភពស្អាត ឬកកើតឡើងវិញឱ្យបាន ៣៥ ភាគរយនៅត្រឹមឆ្នាំ២០៣០ ប៉ុន្តែសម្រាប់កម្ពុជា គិតត្រឹមឆ្នាំ២០២២ បានឡើងដល់ជាង ៦០ ភាគរយទៅហើយ។
លោកថ្លែងថា៖«កាលពីមុនយើងប្រើភ្លើងដែលចេញពីប្រេងម៉ាស៊ូត ឬប្រេងខ្មៅមានផ្សែងហុយទ្រលោម និងថ្លង់គ្រប់កន្លែង ប៉ុន្តែឥឡូវនេះភ្លើងនៅក្នុងបណ្តាញជាតិរបស់យើងមាន ៦២ ភាគរយ បើគិតត្រឹមចុងឆ្នាំ២០២២ ដែលជាភ្លើងយកចេញមកពីប្រភពថាមពលស្អាត និងកកើតឡើងវិញ។ ក្នុងនោះរួមមានពីប្រភពវារីអគ្គិសនី នៅក្នុងប្រទេសយើងជាង ៤០ ភាគរយ ដែលជាថាមពលស្អាត និងកកើតឡើងវិញថាមពលពន្លឺព្រះអាទិត្យ ជាង ១០ ភាគរយ រួមផ្សំជាមួយនឹងថាមពលជីវម៉ាស់បន្តិចបន្តួច និងរួមផ្សំជាមួយការនាំចូលថាមពលស្អាតពីប្រទេសឡាវ ផ្គុំគ្នាមកបាន ៦២ ភាគរយ»។
លោកបន្តថា៖«វិស័យថាមពលរបស់យើងបានដើរលើសពីមធ្យមភាគអាស៊ាន ដែលដាក់ផែនការនៅឆ្នាំ២០២៣ ជិតពាក់កណ្តាលរួចទៅហើយ»។
លោកប្រាប់ទៀតថា អ្វីៗដែលកើតមានបាននៅពេលនេះ ក៏ដោយសារតែកម្ពុជាមានសុខសន្តិភាពផងដែរ ព្រោះតំបន់ដែលធ្លាប់ជាកន្លែងប្រយុទ្ធគ្នា ឬតំបន់មីន ពេលនេះបានប្រែក្លាយជាកន្លែងបង្កើតថាមពល ឬកន្លែងឆ្លងកាត់របស់ខ្សែបញ្ជូនអគ្គិសនី។
យោងតាមលោក រតនៈ បច្ចុប្បន្នកម្ពុជា មានសមត្ថភាពផលិតថាមពលបានប្រមាណ ៤ ០០០ មេហ្គាវ៉ាត់ ខណៈការប្រើប្រាស់ប្រចាំថ្ងៃនៅពេលនេះ មានត្រឹមតែ ២ ៤០០ មេហ្គាវ៉ាត់ ប៉ុណ្ណោះ ដូច្នេះជាឱកាសដែលកម្ពុជាត្រូវគិតគូរពីការនាំចេញថាមពលរបស់ខ្លួនទៅលក់ឱ្យប្រទេសក្នុងតំបន់នាពេលខាងមុខ។
លោកលើកឡើងថាប្រទេសសិង្ហបុរី ដែលបច្ចុប្បន្នពឹងផ្អែកលើថាមពលពីឧស្ម័នធម្មជាតិប្រមាណ ៩៥ ភាគរយនោះ បានបង្ហាញការចាប់អារម្មណ៍ទិញថាមពលពីកម្ពុជា តាមរយៈការតខ្សែបញ្ជូនក្រោមបាតសមុទ្រ ដោយឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី និងប្រទេសវៀតណាម ភ្ជាប់មកកម្ពុជា និងឡាវ ដើម្បីបានថាមពលពីវៀតណាម កម្ពុជា និងឡាវ។
លោកប្រាប់ទៀតថា មូលហេតុដែលសិង្ហបុរីចង់ទិញថាមពលពីប្រទេសទាំង ៣ គឺដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលពីហ្វូស៊ីល និងជួយឱ្យតម្លៃថាមពលចុះទាបជាងមុន។
លោកអះអាងថា សព្វថ្ងៃនេះសិង្ហបុរី កំពុងប្រប្រាស់ថាមពលប្រមាណ ៧-៨ ពាន់មេហ្គាវ៉ាត់ ហើយចង់ពង្រីកបន្ថែមទៀត ដូច្នេះគេមើលឃើញកម្ពុជា ដែលជាប្រទេសកំពុងមានប្រភពថាមពលស្អាតច្រើន។
លោកថា៖ «សិង្ហបុរី បបួលយើងហើយយើងគឺជាដៃគូពិសេសមួយ ដែលយើងធ្វើកិច្ចការជាមួយប្រទេសសិង្ហបុរី ដើម្បីបបួលប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម ប្រទេសឡាវ ចូលរួមរួមគ្នាដើម្បីធ្វើថាមពលក្នុងតំបន់ ពីព្រោះអាស៊ានបានដាក់គោលដៅជាច្រើនទសវត្សរ៍មកហើយ ក្នុងការចង់ធ្វើខ្សែបណ្តាញព័ទ្ធអាស៊ាន ប្រទាក់ក្រឡាគ្នា លើវិស័យថាមពល»។
បើតាមលោក កែវ រតនៈ ការប្រើប្រាស់អគ្គិសនីពីប្រភពស្អាតបែបនេះ ក៏ជាសក្តានុពលមួយសម្រាប់កម្ពុជាក្នុងការទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗឱ្យចូលមកបណ្តាក់ទុនកាន់តែច្រើនផងដែរ៕