ភ្នំពេញៈ ធនាគារពិភពលោក (WB) បានផ្តល់ការយល់ព្រមលើគម្រោង ១ ដែលមានតម្លៃ ១៦៣ លានដុល្លារ សម្រាប់ជួយដល់ប្រទេសកម្ពុជា នៅក្នុងកិច្ចប្រឹងប្រែងពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជាប្រយោជន៍ដល់ប្រជាជនជាង ១៧៥ ០០០ នាក់ នៅក្នុងខេត្តចំនួន ៤។
យោងតាមសេចក្តីប្រកាសធនាគារផ្តល់ប្រាក់កម្ចីពហុភាគីដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនមួយនេះ បានអនុម័តកាលពីថ្ងៃទី ២១ ខែវិច្ឆិកាសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ខេត្តចំនួន ៤ រួមមានបាត់ដំបង ពោធិ៍សាត់ កណ្តាល និងមណ្ឌលគិរី។
ធនាគារបញ្ជាក់ថា ទោះបីប្រទេសកម្ពុជា មានវឌ្ឍនភាពច្រើននៅក្នុងការបង្កើនលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យគួរឱ្យកត់សម្គាល់ ប៉ុន្តែវានៅមានកិច្ចខិតខំដែលចាំបាច់ត្រូវធ្វើថែមទៀតដើម្បីឈានទៅសម្រេចនូវគោលដៅទី៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDG 6) ស្តីពីទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នាត្រឹមឆ្នាំ ២០៣០។ គិតត្រឹមឆ្នាំ ២០២២ មានមិនដល់ ១/៣ នៃប្រជាជនកម្ពុជាទេដែលមានលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាព ហើយមានលើសពី ១/៣ បន្តិចដែលមានលទ្ធភាពប្រើប្រាស់សេវាអនាម័យដែលមានការគ្រប់គ្រងល្អ។
«គម្រោងពន្លឿនការផ្គត់ផ្គង់ទឹកនិងអនាម័យ នឹងគាំទ្រដល់សកម្មភាពរបស់រដ្ឋាភិបាលក្នុងការបង្កើនលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការ និងការថែទាំ ប្រព័ន្ធដែលមានស្រាប់ និងធានានិរន្តរភាពសេវាកម្ម»។ នេះបើយោងតាមធនាគារនេះ។
គម្រោងនេះមានសកម្មភាពមួយសម្រាប់បង្កើនការវិនិយោគហិរញ្ញវត្ថុឱ្យអស់លទ្ធភាពសម្រាប់ការអភិវឌ្ឍ ដោយធ្វើការជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជនដែលកំពុងចូលរួមចំណែកជាងពាក់កណ្តាលនៃបណ្តាញទុយោទឹកទាំងអស់នៅកម្ពុជា នៅក្នុងការកៀរគរធនធានចំនួនប្រមាណប្រហែល ១៧,៦ លានដុល្លារ អាមេរិកបន្ថែមទៀតពីប្រភពឯកជន សម្រាប់ពង្រីកការផ្គត់ផ្គង់សេវាទឹកស្អាត។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានថា ការផ្គត់ផ្គង់ទឹកស្អាតជាវិស័យអាទិភាពមួយសម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព និងសម្រាប់ពង្រឹងសេដ្ឋកិច្ច។
លោកថ្លែងថា៖ «គម្រោងនេះនឹងជួយរដ្ឋាភិបាលក្នុងការអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់ខ្លួន ហើយយើងប្តេជ្ញាថានឹងធានាឱ្យមានកំណើនប្រកបដោយចីរភាពក្នុងវិស័យនេះ ក៏ដូចជាក្នុងការឈានទៅសម្រេចគោលដៅ SDG 6 ផងដែរ»។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានឱ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានថា ការទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជាសិទ្ធិ ជាមូលដ្ឋានរបស់មនុស្ស៕