ភ្នំពេញៈ ធនាគារពិភពលោក (WB) បានកែតម្រូវការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៥,៤ ភាគរយធ្លាក់ចុះ ០,១ ភាគរយ ពីការព្យាករកាលពីខែឧសភា ដោយសារតែភាពមិនច្បាស់លាស់ជាសកល និងក្នុងតំបន់ ដែលបង្កឡើងដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងបន្ត និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងចំណោមបណ្ដាប្រទេសមហាអំណាច។
ប៉ុន្តែធនាគារមួយនេះ បានលើកឡើងពីចក្ខុវិស័យវិជ្ជមានសម្រាប់កម្ពុជានៃការកើនឡើងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់។
ក្នុងចក្ខុវិស័យពាក់កណ្តាលឆ្នាំរបស់ខ្លួនសម្រាប់បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជានៅថ្ងៃទី ២២ ខែវិច្ឆិកា សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករថា នឹងមានកំណើន ៥,៤ ភាគរយ ក្នុងឆ្នាំ ២០២៣ ហើយនឹងកើនដល់ ៥,៨ ភាគរយ ក្នុងឆ្នាំ ២០២៤ និង ៦,១ ភាគរយក្នុងឆ្នាំ ២០២៥ ជាមួយនឹងការរំពឹងទុកពីការកើនឡើងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអំពីអត្ថប្រយោជន៍ដែលនឹងកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានាដែលកម្ពុជាមានជាមួយប្រទេសនៅក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយកាលពីថ្ងៃទី ២២ ខែវិច្ឆិកា។
យោងតាមធនាគារនេះទោះបីមានការវិនិយោគច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈកន្លងមកក្តី ផ្នែកដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទិកដែលសមត្ថភាពនៅមានកម្រិត និងការផ្គត់ផ្គង់ថាមពលដែលពិបាកទុកចិត្តបាន នៅតែបន្តជាបន្ទុកខ្ពស់លើការចំណាយថ្លៃដើមរបស់ធុរកិច្ច និងរបស់អ្នកប្រើប្រាស់ជាទូទៅ។ ក្នុងរយៈពេលមធ្យម វិបត្តិខាងក្រៅដែលមាននៅក្នុងពេលតែមួយរួមបញ្ចូល ការរាតត្បាតជំងឺជាសកល, សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន និងអត្រាការប្រាក់ខ្ពស់នៅលើទីផ្សារអន្តរជាតិ។
ទន្ទឹមនឹងនេះវិស័យទេសចរណ៍ក៏មានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយទោះបីមានភ្ញៀវទេសចរអន្តរជាតិចូលប្រទេសវិញជាហូរហែក៏ដោយ ក៏ប្រាក់ចំណូលនៅតាមគោលដៅទេសចរណ៍សំខាន់ៗមួយចំនួននៅតែមានចំនួនទាបជាងកម្រិតមុនការផ្ទុះជំងឺរាតត្បាត។
ការវិនិយោគទៅលើការផលិតទំនិញ រួមទាំងសម្លៀកបំពាក់ និងការនាំចេញទំនិញសម្រេច បានធ្លាក់ចុះដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីតម្រូវការទាបនៅទីផ្សារពិភពលោក។
ជាលទ្ធផល ការងារនៅផ្នែកឧស្សាហកម្មផលិតកម្មបានធ្លាក់ចុះ ៥ ភាគរយដែលញ៉ាំងឱ្យអាជ្ញាធរធ្វើអន្តរាគមន៍ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្មករដែលត្រូវបានបញ្ឈប់ពីការងារ។
«នៅក្នុងឆ្នាំនេះកត្តារួមផ្សំរវាងសម្ពាធពីខាងក្រៅ និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធដែលដាក់សម្ពាធលើកំណើន ទោះបីជាមានការស្ទុះងើបឡើងវិញក្នុងវិស័យទេសចរណ៍ និងសេវាដទៃទៀត។ ប្រសិនបើការកែទម្រង់រចនាសម្ព័ន្ធដើរអមគ្នាជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកាលានុវត្តភាពពាណិជ្ជកម្ម នោះវានឹងនាំឱ្យកំណើនបន្តបង្កើនល្បឿននៅក្នុងរយៈពេលមធ្យម និងវែង។ ក្នុងឆ្នាំ ២០២២ សេដ្ឋកិច្ចរបស់កម្ពុជាទទួលបានកំណើន ៥,២ ភាគរយ»។ នេះបើយោងតាមធនាគារនេះ។
លោកស្រី ម៉ារីយ៉ាម សាលីម នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា ឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជានៅតែត្រូវការការគាំទ្រពីវិស័យឯកជន ដើម្បីជំរុញកំណើន ខណៈរដ្ឋាភិបាលក៏ត្រូវកែលម្អវិស័យសាធារណៈផងដែរ។
លោកស្រីបញ្ជាក់ថា៖ «ដើម្បីរក្សាបានកំណើនសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវតែជួយដល់វិស័យឯកជនឱ្យបំពេញមុខងារជាក្បាលម៉ាស៊ីនកំណើនមួយ ហើយកិច្ចការនេះអាចសម្រេចបានដោយធ្វើសកម្មភាពភ្លាមៗក្នុងការកែលម្អការបំពេញកិច្ចរបស់វិស័យសាធារណៈ»។
លោកស្រីបន្តថា៖ «ការរក្សាស្ថិរភាពហិរញ្ញវត្ថុក៏ជាអាទិភាពមួយ ហើយចាំបាច់ត្រូវតែខិតខំថែមទៀតក្នុងស្តារលម្ហសារពើពន្ធឡើងវិញ»។
កាលពីចុងខែតុលា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៥,៣ ភាគរយសម្រាប់ឆ្នាំនេះ ធ្លាក់ចុះពី ៥,៨ ភាគរយដែលបានព្យាករកាលពីខែមេសា។ នៅឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៦,០ ភាគរយ។
លោក Davide Furceri ប្រធានបេសកកម្មរបស់ IMF ប្រចាំកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីចុងខែតុលាថា ការទម្លាក់ចំណាត់ថ្នាក់នេះដោយសារវិស័យអចលនទ្រព្យធ្លាក់ចុះ ពិសេសបណ្តាលមកពីការធ្លាក់ចុះរបស់ដៃគូនាំចេញទំនិញសំខាន់ៗដូចជាអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិន ជាដើម៕