ភ្នំពេញៈ​ អភិបាល​ខេត្តកោះកុង​បាន​សាទរ​ជាមួយនឹង​ផែនការ​សាងសង់​គម្រោង​វិនិយោគ​វា​រី​អគ្គិសនី​ចំនួន ២ ​កន្លែង ដែលមាន​ទុនវិនិយោគ​សរុប​ជិត ៤៥០​ លាន​ដុល្លារ ​មាន​ថាមពល​ប្រមាណ​ ១៧០ ​មេ​ហ្គា​វ៉ា​ត់​ ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​ថ្មី​នេះ​នៅក្នុង​ខេត្ត​របស់ខ្លួន​ដែល​ការវិនិយោគ​លើ​វិស័យ​ថាមពល​នេះ​មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​ការផ្គត់ផ្គង់​ថាមពល​សម្រាប់​ខេត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ចូលរួមចំណែក​ដល់​ការផ្គត់ផ្គង់​ថាមពល​ថ្នាក់ជាតិ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​អនុម័ត​កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ឱ្យ​ក្រុមហ៊ុន​Khmer Electrical Power Co., Ltd លើ​គម្រោង​សាងសង់​វា​រី​អគ្គិសនី​ចំនួន ២ គឺ​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រំ​កណ្តាល មាន​អានុភាព ៧០​មេ​ហ្គា​វ៉ា​ត់ នៅ​ស្រុក​មណ្ឌលសីមា និង​គម្រោង​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​វាល​ថ្ម​កំបុត អានុភាព ១០០​មេ​ហ្គា​វ៉ា​ត់ នៅ​ស្រុក​ថ្មបាំង ខេត្តកោះកុង ក្រោមរូបភាព​សាងសង់​, អាជីវកម្ម​, និង​ផ្ទេរ (BOT) ក្នុង​ទុនវិនិយោគ​ប្រមាណ ៤៤៧,៥​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ២៣០​កន្លែង​។​

​អភិបាលខេត្ត​កោះកុង លោកស្រី មិថុនា ភូ​ថង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ថា គម្រោង​វិនិយោគ​វា​រី​អគ្គិសនី​ចំនួន ២ កន្លែង​ដែលមាន​អានុភាព​សរុប ១៧០​មេ​ហ្គា​វ៉ា​ត់​នៅក្នុង​ទឺ​កដី​ខេត្តកោះកុង​នឹងចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា រួមទាំង​ខេត្តកោះកុង ឱ្យ​រីកចម្រើន​ទៅមុខ​កាន់តែ​លឿន ព្រោះ​នៅពេល​មាន​អគ្គិសនី​កាត់​តែ​ច្រើន វា​នឹង​ផ្តល់ឱកាស​កាន់តែច្រើន​ស​ម្រា​ប់​អ្នកវិនិយោគ​ក្នុងការ​ចូលមក​បណ្តាក់​ទុន ក៏ដូចជា​ការមកដល់​របស់​ភ្ញៀវទេសចរ​ផងដែរ​។​

​លោកស្រី​បាន​បញ្ជាក់ថា​៖«​គ្រប់​ចង្វាក់​ផលិតកម្ម រួមទាំង​សេវាកម្ម គឺ​សុទ្ធតែ​ត្រូវការ​អគ្គិសនី ដូច្នេះ​នៅពេល​មាន​ថាមពល​អគ្គិសនី​កាន់តែច្រើន វា​នឹង​ជួយ​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​»​។​

​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ នៅក្នុង​វេទិកា​«​គោលនយោបាយ​រ៉ែ និង​ថាមពល​នៅ​កម្ពុជា​» កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា បានឱ្យដឹងថា​វិស័យ​ថាមពល​នៅ​កម្ពុជា​ដែល​បានចាប់ផ្តើម​ពី​ចំណូ​ច​សូន្យ​កាលពី​ឆ្នាំ​១៩៧៩ នោះបាន​នឹង​កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​លឿន​។

ជាក់ស្តែង​កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ និង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០​ភ្លើងអគ្គិសនី​មានតែ​នៅ​ទីប្រជុំជន​រដ្ឋធានី​-​ខេត្ត និង​អាច​អគ្គិសនី​ប្រើប្រាស់​ប្រហែល ៣​ម៉ោង​ប៉ុណ្ណោះ​ចន្លោះ​ពី​ម៉ោង ៧-១០​យប់​។

ទោះយ៉ាងណា​បន្ទាប់ពី​មាន​សន្តិភាព​ពេញលេញ វិស័យ​ថាមពល​នៅ​កម្ពុជា​បានចាប់ផ្តើម​បោះជំហាន​ទៅមុខ​លឿន ដោយ​ចាប់ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០២២ អានុភាព​ថាមពល​នៅ​កម្ពុជា​បាន​កើនឡើង​ពី ១៥០​មេ​ហ្គា​វ៉ា​ត់ដល់​ជាង ៤ ០០០​មេ​ហ្គា​វ៉ា​ត់ ដែល​គិត​ជា​កំណើន​គឺ​ជិត ៣០​ដង​។​

​លោក​ប្រាប់ទៀតថា ក្នុងចំណោម​អគ្គិសនី​ដែល​កំពុង​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន គឺមាន​ជាង ៦២​ភាគរយ​មាន​ប្រភពពី​ថាមពល​ស្អាត ឬ​កកើត​ឡើងវិញ ក្នុងនោះ​ពី​ប្រភព​វា​រី​អគ្គិសនី មាន​ជាង ៤០​ភាគរយ​។​

​លោក​ថ្លែងថា​៖ «​កាលពីមុន​យើង​ប្រើ​ភ្លើង​ដែល​ចេញពី​ប្រេងម៉ាស៊ូត ឬ​ប្រេង​ខ្មៅ​មាន​ផ្សែងហុយ​ទ្រលោម និង​ថ្លង់​គ្រប់កន្លែង ប៉ុន្តែ​ឥឡូវនេះ​ភ្លើង​នៅក្នុង​បណ្តាញ​ជាតិ​របស់​យើង​មាន ៦២​ភាគរយ​បើ​គិត​ត្រឹម​ចុងឆ្នាំ​២០២២ ដែលជា​ភ្លើង​យកចេញ​មកពី​ប្រភព​ថាមពល​ស្អាត និង​កកើត​ឡើងវិញ​។ ក្នុងនោះ​រួមមាន​ពី​ប្រភព​វា​រី​អគ្គិសនី នៅក្នុង​ប្រទេស​យើង​ជាង ៤០​ភាគរយ ដែលជា​ថាមពល​ស្អាត និង​កកើត​ឡើងវិញ ... ថាមពល​ពន្លឺព្រះអាទិត្យ ជាង ១០​ភាគរយ រួមផ្សំ​ជាមួយនឹង​ថាមពលជីវម៉ាស់​បន្តិច​បន្តួច និង​រួមផ្សំ​ជាមួយ​ការនាំ​ចូល​ថាមពល​ស្អាត​ពី​ប្រទេស​ឡាវ ផ្គុំ​គ្នា​មក​បាន ៦២​ភាគរយ​»​។ 

លោក​បន្តថា​៖ «​វិស័យ​ថាមពល​របស់​យើង​បាន​ដើរ​លើសពី​មធ្យម​ភាព​អាស៊ាន ដែល​ដាក់​ផែនការ​នៅ​ឆ្នាំ​ ២០២៣ ជិត​ពាក់កណ្តាល​រួចទៅហើយ​»​។​

​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លោក​តែ តាំង​ប៉ បាន​និយាយថា ឱកាស​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់ទុន​នឹងមាន​កាន់តែច្រើន​បន្ថែម​ទៀត ប្រសិនបើ​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​អាច​ធ្លាក់ចុះ​ទាប​ជាង​ពេលនេះ ឬ​ប្រហាក់ប្រហែល​ប្រទេសជិតខាង​។ គ្រប់​ចង្វាក់​ផលិតកម្ម គឺ​សុទ្ធតែ​ត្រូវការ​ប្រើប្រាស់​ថាមពល ដូច្នេះ​បើ​តម្លៃ​អគ្គិសនី​ទាប ថ្លៃដើម​ផលិត​ក៏​ទាប ដែល​នេះ​នឹង​ជួយ​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​កើនឡើង​។​

​លោក​ថ្លែងថា​៖ «​តម្លៃ​ប្រេង និង​តម្លៃ​អគ្គិសនី ជា​កត្តា​គួបផ្សំ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​វិនិយោគិន ព្រោះ​ប្រេង និង​អគ្គិសនី គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​ផ្នែក​ផលិតកម្ម ក្រៅពី​ការចំណាយ​លើ​វត្ថុធាតុដើម និង​កម្លាំង​ពលកម្ម​។ កាលណា​តម្លៃ​ប្រេង រួមទាំង​តម្លៃ​អគ្គិសនី​មាន​ស្ថិរភាព និង​តម្លៃ​ទាប វិនិយោគិន​នឹង​មើលឃើញ​ឱកាស​ផ្សេងៗ​ចេញពី​កត្តា​ទាំងអស់នោះ​»​។​

​របាយការណ៍​របស់​ក្រសួង​រ៉ែ និង​ថាមពល បានឱ្យដឹងថា គិត​ត្រឹម​ឆ្នាំ​២០២២ កម្ពុ​ជាមាន​ទំហំ​ប្រភព​អគ្គិសនី​សរុប ៤ ២៤៦,៧៧​មេ​ហ្គា​វ៉ា​ត់​ក្នុងនោះ ៣ ១១៦,៤២​មេ​ហ្គា​វ៉ា​ត់ ស្មើនឹង​ជាង ៧៣​ភាគរយ​ជា​ប្រភព​អគ្គិសនី​បាន​ពី​ការអភិវឌ្ឍ​ក្នុងស្រុក ហើយ ១ ១៣០,៧៥​មេ​ហ្គា​វ៉ា​ត់ ស្មើនឹង​ជាង ២៦​ភាគរយ​ជា​ប្រភព​អគ្គិសនី​ដែល​បាន​នាំចូល​ពី​ប្រទេសជិតខាង​។​របាយការណ៍​ឱ្យដឹងទៀតថា គិត​ត្រឹម​ចុងឆ្នាំ​២០២២ ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​សរុប​ប្រមាណ ៣,៧២​លាន​ខ្នង​ផ្ទះ ទទួលបាន​ការផ្គត់ផ្គង់​អគ្គិសនី​ពី​បណ្តាញ​ជាតិ ស្មើនឹង​ប្រមាណ​ជិត ៩០​ភាគរយ​។​

​ក្រៅពី​គ្រោង​សាងសង់​វា​រី​អគ្គិសនី​ទាំង ២​ខាងលើ CDC ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះ ក៏បាន​អនុម័ត​ឱ្យ​គម្រោង​វិនិយោគ​លើ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ចំនួន ៦​ផ្សេងទៀត​ដោយមាន​ទុនវិនិយោគ​សរុប ៣២,២៦​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៨ ៧៨៤​នាក់​៕