RMA (Cambodia) Plc (RMAC) ជាក្រុមហ៊ុនពហុផលិតផលផ្នែករថយន្ត បរិក្ខារធុនធ្ងន់ វិស្វកម្ម និងសេវាកម្មម្ហូបអាហារ ដែលបានបោះផ្សាយមូលបត្រសាជីវកម្មក្នុងផ្សារមូលបត្រកម្ពុជា (CSX) បានរាយការណ៍ពីការថយចុះយ៉ាងខ្លាំងនៃប្រតិបត្តិការអាជីវកម្ម នៅក្នុងត្រីមាសទី៣ ឆ្នាំនេះ ដោយសារតែការធ្លាក់ចុះសកម្មភាពសេដ្ឋកិច្ចដែលប៉ះពាល់ដល់តម្រូវការឧស្សាហកម្មរថយន្ត។
យោងតាមឯកសាររបស់ក្រុមហ៊ុនកាលពីថ្ងៃទី២២ ខែវិច្ឆិកា នៅត្រីមាសទី៣ ឆ្នាំ២០២៣ ក្រុមហ៊ុនRMAC ទទួលបានប្រាក់ចំណូលចំនួន ៣៦៦,៧ ពាន់លានរៀល ធ្លាក់ចុះ ៥៣,៣ ភាគរយធៀបនឹងត្រីមាសដូចគ្នាឆ្នាំ ២០២២។ ប្រាក់ចំណេញនៅត្រីមាសទី៣ឆ្នាំ២០២៣ មានចំនួន ១៣,២ ពាន់លានរៀល ធ្លាក់ចុះ ៨៦,៥ ភាគរយ ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២២។
ទ្រព្យសកម្មសរុបគិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៣ មានចំនួន ១ ០៦៦ ពាន់លានរៀល កើនឡើង ១៩,៩ ភាគរយ ធៀបនឹងទ្រព្យសកម្មសរុបចំនួន ៨៨៩ ពាន់លានរៀល គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២។ ទន្ទឹមនឹងនោះ បំណុលសរុបគិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២៣ មានចំនួន ៥៣១,៧ ពាន់លានរៀល ដែលមានចំនួន ១៧,៨ ភាគរយច្រើនជាងបំណុលសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលមានចំនួន ៤៥១,៤ពាន់លានរៀល។
លោក Kevin Whitcraft ប្រធានក្រុមប្រឹក្សាភិបាលបានសង្កេតឃើញថា សេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៣រួមជាមួយនឹងការព្យាករកំណើនរបស់ធនាគារពិភពលោកត្រឹមតែ ៣,២ ភាគរយប៉ុណ្ណោះ។ ស្ថានភាពនេះនឹងធ្វើឱ្យប៉ះពាល់ទៅដល់ការនាំចេញរបស់ប្រទេសកម្ពុជា ដែលជាចំណែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ។ អត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាមានការធ្លាក់ចុះមកនៅត្រឹម ៥ ភាគរយ។
អនុបាតនៃវិស័យហិរញ្ញវត្ថុមានការកើនឡើងយ៉ាងខ្លាំង ភ្ជាប់ជាមួយនឹងអត្រាឥណទាននៃផលិតផលក្នុងស្រុកសរុប (GDP) លើស ១០០ភាគរយ ដែលធ្វើឱ្យវិស័យហិរញ្ញវត្ថុងាយទទួលរងគ្រោះពីវិបត្តិមួយចំនួនដូចជាការកើនឡើងអត្រាការប្រាក់ សម្ពាធថវិកាគ្រួសារ ព្រមទាំងអាជីវកម្ម។
លោកថ្លែងថា៖ «ដោយយោងតាមការវិភាគរបស់យើង បានបង្ហាញថា វិស័យយានយន្តនៅកម្ពុជាកំពុងប្រឈមនឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៣ ជាមួយនឹងការធ្លាក់ចុះនៃការលក់ប្រមាណជា ៣០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ការធ្លាក់ចុះយ៉ាងខ្លាំងនេះ គឺដោយសារកត្តាមួយចំនួន រួមបញ្ចូលទាំងផលប៉ះពាល់ក្រោយការរីករាលដាលជំងឺកូវីដ១៩ ការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ការកើនឡើងអតិផរណា និងហានិភ័យហិរញ្ញវត្ថុ»។
យោងតាមលោក Kevin នៅក្នុងអំឡុងត្រីមាសទី៣ ឆ្នាំ២០២៣ ក្រុមហ៊ុន ប្រឈមនឹងការធ្លាក់ចុះនៃការលក់ ៥៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ខណៈដែលប្រាក់ចំណូលសុទ្ធនៅត្រីមាសនេះ បានធ្លាក់ចុះប្រមាណ ៨៦ ភាគរយ។
លោកបន្តថា ទោះបីជាយ៉ាងណាក៏ដោយ ពី ១ ឆ្នាំ ទៅ ១ ឆ្នាំ ក្រុមហ៊ុន RMAC នៅតែរក្សាការនាំមុខទីផ្សារយានយន្តមិនប្រណីតជាមួយនឹងម៉ាក Ford និង Changan។ ផ្អែកលើមូលដ្ឋានពី ១ ឆ្នាំ ទៅ ១ ឆ្នាំ ប្រាក់ចំណូលគឺធ្លាក់ចុះប្រមាណ -៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ប៉ុន្តែក្រុមហ៊ុន RMAC នៅតែរក្សាតារាងតុល្យភាពដ៏រឹងមាំ។
លោកលើកឡើងថា៖ «RMAC នឹងខិតខំប្រឹងប្រែងចែកចាយផលិតផលដែលមានតម្រូវការខ្ពស់ ក៏ដូចជាផ្ដល់សេវាដែលគ្មានគូប្រៀបទៅកាន់អតិថិជនប្រចាំរបស់ខ្លួន។ ក្រុមហ៊ុនរបស់យើង ក៏កំពុងធ្វើការវិនិយោគលើបណ្ដាញនៃអគារតាំងបង្ហាញរថយន្ត និងសេវាកម្មក្រោយការលក់ ដែលការធ្វើបែបនេះ គឺជាការបង្ហាញការប្ដេជ្ញាចិត្តរយៈពេលវែងរបស់យើងទៅកាន់ប្រជាជនកម្ពុជា»។
នៅក្នុងឯកសារលើកមុន ក្រុមហ៊ុន RMAC បានឱ្យដឹងថា ទីផ្សាររថយន្តនៅកម្ពុជាបានកើនឡើង ២៦ ភាគរយក្នុងឆ្នាំ២០២២ បើធៀបនឹងឆ្នាំមុន។ រថយន្តថ្មី និងរថយន្តប្រើប្រាស់រួចប្រហែល ៧១ ០០០ គ្រឿង ត្រូវបានលក់ធៀបនឹង ៥៧ ០០០គ្រឿងកាលពីឆ្នាំ ២០២១។
ឯកសារបន្តថា៖ «ការលក់រថយន្តថ្មីបានកើនឡើងដល់ជាង ២៨ ០០០ គ្រឿង ដែលតំណាងឱ្យការកើនឡើងចំនួន ៤៣ភាគរយកាលពីឆ្នាំ២០២១។ ទីផ្សាររថយន្តថ្មីនៅឆ្នាំ២០២២ តំណាងឱ្យ ៣៩ ភាគរយនៃទីផ្សារសរុប កើនឡើងពី ៣៤ ភាគរយកាលពីឆ្នាំ២០២១។ នៅឆ្នាំ២០២២ ការលក់រថយន្ត Ford ថ្មី កើនឡើង ៣១ ភាគរយ»។
តាមរយៈបណ្តាញក្រុមហ៊ុនសាខារបស់ខ្លួន ក្រុមហ៊ុន RMAC គឺជា«តំណាងផ្តាច់មុខ និងគ្រប់គ្រង» ម៉ាកយីហោរួមមាន ក្រុមហ៊ុន Ford Motor Company, Jaguar,Land Rover Piaggio JCB John Deere, JLG, Hako, PowerBoss, Minuteman, TCM, MeggerSebaKMT, John Deere, AVIS, The Pizza, Swensen's, Dairy Queen, Krispy Kreme, Bar B Q Plaza និង The Coffee Club ជាដើម៕