ភ្នំពេញៈ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា និងកាណាដា ក្នុងរយៈពេល ១០ ខែនៃឆ្នាំ ២០២៣ មានតម្លៃសរុបជាង ៧៥៦ លានដុល្លារ ធ្លាក់ចុះជាង ២២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ក្នុងនោះទឹកប្រាក់នាំចេញរបស់កម្ពុជាមានជាង ៧០០ លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE)។
ទិន្នន័យ GDCE ឱ្យដឹងថា ពីខែមករា-ខែតុលា ឆ្នាំ ២០២៣ ចរាចរណ៍ទំនិញរវាងប្រទេសកម្ពុជា និងកាណាដា មានតម្លៃសរុប ៧៥៦,១៣ លានដុល្លារ ធ្លាក់ចុះ ២២,៤ភាគរយធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ក្នុងនោះកម្ពុជានាំទៅកាណាដា ៧០២,៦៥ លានដុល្លារ (ស្មើនឹង ៩២,៩២ ភាគរយនៃទំហំពាណិជ្ជកម្មសរុប) ធ្លាក់ចុះ ២៥,៧ ភាគរយ ចំណែកទំនិញកាណាដានាំមកកម្ពុជា ៥៣,៤៨ លានដុល្លារ កើនឡើង ៨១,២ ភាគរយ។តាមទិន្នន័យនេះ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឧត្តមភាព ៦៤៩,១៧ លានដុល្លារ។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២២ ខែវិច្ឆិកាថា ការធ្លាក់ចុះចំនួនប្រាក់ពីការផ្លាស់ប្តូរពាណិជ្ជកម្មប្រទេសទាំង ២ គឺដោយសារតែវិបត្តិសេដ្ឋកិច្ចសកលដែលកើតឡើងជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ ២០២០ ធ្វើឱ្យប៉ះពាល់ដល់តម្រូវការទំនិញប្រើប្រាស់គ្រប់ប្រភេទ ពិសេសទំនិញក្រៅពីចំណីអាហារ។ ដោយសារតែទំនិញដែលប្រទេសកាណាដា បញ្ជាទិញពីកម្ពុជាភាគច្រើនជាផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ ដូច្នេះនេះជាមូលហេតុធ្វើឱ្យការនាំចេញកម្ពុជាធ្លាក់ចុះ។
លោកបន្តថា ទោះយ៉ាងណាការនាំចេញរបស់កម្ពុជាទៅកាណាដា កំពុងមានសង្ឃឹមឡើងវិញខ្លះៗហើយ តាមរយៈនៃការកម្រើកឡើងវិញនៃវិស័យទេសចរណ៍ ដែលនឹងជួយឱ្យមានការបញ្ជាទិញផលិតផលវាយនភណ្ឌពីកម្ពុជាកាន់តែច្រើន។
លោកបញ្ជាក់ថា៖«ការធ្លាក់ចុះនៃទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា ពិសេសការនាំចេញរបស់កម្ពុជា គឺដោយសារវិបត្តិសេដ្ឋកិច្ចសកល ដូច្នេះនៅពេលសេដ្ឋកិច្ចសកលងើបឡើងវិញ ការនាំចេញរបស់កម្ពុជាទៅប្រទេសកាដាណាក៏នឹងងើបឡើងវិញដែរ»។
ទោះយ៉ាងណា លោក វណ្ណៈ ជំរុញឱ្យកម្ពុជាត្រូវខិតខំបន្ថែមទៀតក្នុងការទាក់ទាញអ្នកវិនិយោគថ្មីៗ និងធ្វើពិពិធកម្មទំនិញរបស់ខ្លួន ដើម្បីឆ្លើយតបនឹងគ្រប់តម្រូវការទាំងក្នុងស្រុក និងទីផ្សារអន្តរជាតិ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា ការធ្លាក់ចុះទំហំពាណិជ្ជកម្មរវាងកម្ពុជា-កាណាដា ពិសេសការនាំចេញរបស់កម្ពុជា គឺដោយសារកំណើនសេដ្ឋកិច្ចសកលមិនច្បាស់លាស់ដែលជំរុញឱ្យក្រុមហ៊ុនជាច្រើនកាត់បន្ថយការបញ្ជាទិញ។ ស្ថានភាពនេះកើតឡើងតាំងពីដើមឆមាសទី ២ ឆ្នាំមុន។ លោកបន្តថា ទោះបីជាការនាំចេញរបស់កម្ពុជាធ្លាក់ចុះ ប៉ុន្តែសម្រាប់សមត្ថភាពផលិត គឺនៅតែរក្សាបានភាពខ្លាំងដដែល។
លោកថ្លែងថា៖«ការធ្លាក់ចុះទំហំពាណិជ្ជកម្មក្នុងអំឡុងនេះគឺដោយសារតែវិបត្តិសេដ្ឋកិច្ចសកល។ នៅពេលសេដ្ឋកិច្ចល្អឡើងវិញ ការនាំចេញរបស់កម្ពុជានឹងហក់ឡើងវិញ»។
បើតាមលោក លឹម ហេង ក្នុងបំណងចាប់យកចំណែកទីផ្សារនៅប្រទេសកាណាដាឱ្យបានកាន់តែធំ និងទាក់ទាញវិនិយោគិនកាណាដាមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន គឺកាលពីអំឡុងពាក់កណ្តាលឆ្នាំ ២០២២ សភាពាណិជ្ជកម្ម (CCC) ក៏បានបើកការិយាល័យតំណាងរបស់ខ្លួននៅទីក្រុងតូរ៉ុនតូ (ប្រទេសកាណាដា)។
ភាគច្រើននៃទំនិញកម្ពុជានាំទៅកាណាដា គឺជាផលិតផលសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង កង់ និងគ្រឿងបង្គុំអេឡិចត្រូនិកអគ្គិសនី ចំណែកទំនិញកាណាដា នាំមកកម្ពុជារួមមាន គ្រឿងអេឡិចត្រូនិក រថយន្ត ជាដើម។ នេះបើតាមលោក លឹម ហេង។
ក្នុងឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា មានតម្លៃសរុប ១,១៥ ពាន់លានដុល្លារ កើនឡើង ១៦,១ ភាគរយបើធៀបឆ្នាំ ២០២១។ ក្នុងនោះកម្ពុជានាំចេញទំនិញទៅកាណាដា ១,១២ ពាន់លានដុល្លារ កើន ១៧,៤ ភាគរយ និងកាណាដានាំចូលមកកម្ពុជា ៣៣,៨៨ លានដុល្លារ ធ្លាក់ចុះ ១៥,១ ភាគរយ៕