ភ្នំពេញៈ ប្រទេសកម្ពុជា បានផលិតដុំមាសជិត ៩ តោន គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ចាប់តាំងពីការផលិតដំបូងកាលពីខែមិថុនា ឆ្នាំ ២០២១ ខណៈវាបានក្លាយជាប្រភពចំណូលថ្មីពីវិស័យធនធានរ៉ែធម្មជាតិមួយនេះ។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល (MME) បានថ្លែងក្នុងវេទិកាស្តីពី «គោលនយោបាយរ៉ែនិងថាមពលនៅកម្ពុជា» កាលពីថ្ងៃទី ២១ ខែវិច្ឆិកាថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៦ កំពុងចម្រាញ់រ៉ែមាសនៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជា ដោយបង្កើតប្រាក់ចំណូលបន្ថែមសម្រាប់ថវិកាជាតិ។
លោកថ្លែងថា៖ «គិតមកដល់ពេលនេះ កម្ពុជាផលិតមាសប្រមាណ ១ ០៤០ ដុំ ហើយសរុបមានប្រមាណ ៨ ៩៧៩ គីឡូក្រាម។ ជាមួយនឹងមាសនេះ រដ្ឋាភិបាលទទួលបានប្រាក់សួយសារអាករជាង ១៤,៤ លានដុល្លារ»។
លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីប៉ុន្មានខែថ្មីៗនេះថា Renaissance Minerals (Cambodia) Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចុះបញ្ជីនៅអូស្ត្រាលី Emerald Resources NL កំពុងប្រតិបត្តិការនៅខេត្តមណ្ឌលគិរី គឺជាក្រុមហ៊ុនឈានមុខគេមួយ លើការរុករកយករ៉ែមាស។
លោកបន្តថា នៅខេត្តព្រះវិហារក្រុមហ៊ុនខ្នាតតូច Delcom (Kampuchea) Pte Ltd កាលពីថ្ងៃទី ៤ ខែសីហា បានចាប់ផ្តើមការផលិតសាកល្បង ហើយចាប់តាំងពីពេលនោះមកបានផលិតដុំមាសពាក់កណ្តាលចម្រាញ់ចំនួន ២០ ដុំដែលមានទម្ងន់សរុបប្រហែល ២០ គីឡូក្រាម។
លោកបន្តថា ក្រុមហ៊ុនគ្រោងនឹងផលិតឱ្យបាន ៣៤០ គីឡូក្រាមក្នុង ១ ឆ្នាំ។ លោកប៉ាន់ប្រមាណថា ការណ៍នេះមានន័យថា នឹងទទួលសួយសារអាករប្រហែល ៦០ ម៉ឺនដុល្លារក្នុង ១ ឆ្នាំ។
លោកបានឱ្យដឹងថា ក៏មានក្រុមហ៊ុនចំនួន ៥ ផ្សេងទៀត ទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាសផងដែរ។
ដោយទទួលស្គាល់បញ្ហាការរុករករ៉ែមាសដោយគ្មានសណ្ដាប់ធ្នាប់នៅខេត្តរតនគិរី លោក ឌីប៉ូឡា បញ្ជាក់ថា មិនមានអាជីវកម្មរ៉ែមាសជាផ្លូវការនៅខេត្តភាគឦសាននេះទេ បើទោះបីមានអាជ្ញាប័ណ្ណរុករករ៉ែមាសដ៏សកម្មចំនួន ៣ ក្នុងនោះអាជ្ញាប័ណ្ណ ២ បានផ្តល់ឱ្យ Angkor Gold Corp ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកាណាដា និងក្រុមហ៊ុនចិន Oriental Wisdom។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ឱ្យដឹងថា ក្រុមហ៊ុន Renaissance បានមើលឃើញការកើនឡើងនៃផលិតកម្មមាស ហើយប្រាក់សួយសារក៏បានរួមចំណែកដល់កំណើនសេដ្ឋកិច្ចដែរ។
លោកលើកឡើងថា អាជីវកម្មរ៉ែបានផ្តល់ឱកាសការងារក្នុងតំបន់។ លោកបានស្នើថា៖ «រដ្ឋាភិបាលគួរតែបន្តដាក់សម្ពាធឱ្យក្រុមហ៊ុនគោរពបទប្បញ្ញត្តិរុករករ៉ែ ហើយគួរបន្តផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនប្រភេទនេះដើម្បីស្វែងរកមាសក្នុងវិស័យផ្សេងទៀត»។
គម្រោងរ៉ែមាសរបស់ក្រុមហ៊ុន Renaissance មានទីតាំងនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មលើគម្រោងនេះកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំមុន ហើយគ្រោងនឹងផលិតដុំមាសជាមធ្យមប្រចាំឆ្នាំ ៣ តោន។
កម្ពុជារំពឹងថា គម្រោងរ៉ែមាសអូរខ្វាវ នឹងអាចរកចំណូលបាន ១៨៥ លានដុល្លារ ក្នុង ១ ឆ្នាំនៃលំហូរសាច់ប្រាក់មុនបង់ពន្ធចំនួន ៤០ លានដុល្លារ បានពីសួយសារអាករ និងពន្ធនេះ ត្រូវបានផ្ទេរចូលក្នុងថវិកាជាតិ៕