ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យដែលមានអាជ្ញាប័ណ្ណផ្នែកវាយតម្លៃ ចំនួន ៣២ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) លើការប្ដេជ្ញាចិត្តដើម្បីពង្រឹងការអនុវត្តច្បាប់ដែលចូលជាធរមានកន្លងមក ខណៈថ្នាក់ដឹកនាំនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) រំពឹងថាសេវាកម្មវាយតម្លៃអចលនទ្រព្យនៅកម្ពុជានឹងកាន់តែមានគុណភាពល្អប្រសើរ និងប្រកបដោយវិជ្ជាជីវៈ ចាប់ពីដើមឆ្នាំ ២០២៤ តទៅ ដើម្បីទប់ស្កាត់ការបំប៉ោងលើតម្លៃអចលនទ្រព្យដោយក្រុមឈ្មួញគ្មានអាជ្ញាប័ណ្ណមួយចំនួន។
ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារវាយតម្លៃអចលនវត្ថុសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោក សន សៀប ប្រធានសមាគម CVEA បានឱ្យដឹងថា សេវាកម្មវាយតម្លៃ គឺជាផ្នែកដ៏សំខាន់នៅក្នុងវិស័យអចលនទ្រព្យ ព្រោះគ្រប់ប្រតិបត្តិការទិញលក់ ជួល ឬបញ្ចាំអចលនទ្រព្យ គឺសុទ្ធតែត្រូវការព័ត៌មាននៃការវាយតម្លៃឱ្យបានច្បាស់។
ការចុះ MoU របស់ក្រុមហ៊ុនទាំង ៣២ ដែលជាសមាជិក CVEA នាពេលថ្មីៗនេះពិតជាសំខាន់ណាស់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការអនុវត្តប្រកាសក្រសួងនាពេលកន្លងមក។
លោកបញ្ជាក់ថា៖ «តាមរយៈ MoU និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនជាសមាជិក CVEA ទាំងអស់ យើងសង្ឃឹមថា ចាប់ពីដើមឆ្នាំ ២០២៤ ទៅ ការវាយតម្លៃអចលនទ្រព្យនៅកម្ពុជានឹងធ្វើឡើងតាមស្តង់ដារួមតែ ១ មានរបាយការណ៍ផ្លូវការ និងធ្វើឡើងដោយវិជ្ជាជីវៈ និងបានការទទួលខុសត្រូវខ្ពស់»។
លោកបន្ថែមថា នៅពេលការវាយតម្លៃអចលនទ្រព្យ ត្រូវធ្វើឡើងដោយអ្នកជំនាញ និងឯករាជ្យដែលមានការទទួលស្គាល់ពីថ្នាក់ជាតិ និងអន្តរជាតិនោះ វាក៏ចូលរួមចំណែករក្សាតម្លាភាព និងស្ថិរភាពហិរញ្ញវត្ថុ ព្រមទាំងអាចទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើនផងដែរ។
យោងតាមលោក សន សៀប បច្ចុប្បន្នកម្ពុជាក៏ជាសមាជិកនៃសមាគមអ្នកវាយតម្លៃអាស៊ាន (AVA) ផងដែរ ដូច្នេះអ្នកដែលមានជំនាញ និងវិជ្ជាជីវៈ គឺអាចទៅវាយតម្លៃអចលនទ្រព្យនៅប្រទេសសមាជិក AVA បាន។
អនុប្រធានប្រតិបត្តិ និងជាប្រធានគណៈកម្មការវាយតម្លៃ សមាគម CVEA លោក សេង សុភ័ក្ត្រ បាននិយាយថា ទោះបីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ឱ្យអនុវត្តតាំងពីឆ្នាំ ២០១៧ ប៉ុន្តែការអនុវត្តជាក់ស្តែងរហូតមកដល់ពេលនេះ គឺមិនទាន់ត្រូវបានធ្វើឡើងដោយពេញលេញនោះទេ។
លោកលើកឡើងថា ការវាយតម្លៃអចលនទ្រព្យដែលធ្វើឡើងដោយអ្នកមិនមានការបណ្តុះបណ្តាល និងវិជ្ជាជីវៈត្រឹមត្រូវ គឺមិនត្រឹមតែធ្វើឱ្យអតិថិជនបាត់ទំនុកចិត្ត និងចំណាយថវិកាខ្ជះខ្ជាយប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យបាត់បង់ទំនុកចិត្តពីសំណាក់អ្នកវិនិយោគ និងបង្កើតភាពអនាធិបតេយ្យក្នុងវិស័យអចលនទ្រព្យទាំងមូលទៀតផង។
លោកអះអាងថា៖«តាមរយៈ MoU នេះយើងនឹងខិតខំពង្រឹងការអនុវត្តប្រកាសរបស់ក្រសួងសេដ្ឋកិច្ចឱ្យមានប្រសិទ្ធភាព និងដើម្បីឈានទៅវាយតម្លៃអចលនទ្រព្យនៅក្រៅប្រទេស»។
បើតាមលោក សុភ័ក្ត្រ តម្លៃសេវាកម្មវាយតម្លៃអចលនទ្រព្យនៅកម្ពុជាត្រូវបានកំណត់ចាប់ពី ១៧០ ដុល្លារឡើងទៅ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៧ បានចេញប្រកាសលេខ ៧៦០ សហវ.ប្រក ស្តីពី «ការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈអ្នកវាយតម្លៃ និងក្រមសីលធម៌វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ» និងប្រកាសលេខ ៧៦១ សហវ.ប្រក ស្តីពី «ថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈសម្រាប់ការផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ» ដែលប្រកាសទាំង ២ មានគោលបំណងធានាប្រសិទ្ធភាពនៃការគ្រប់គ្រង ត្រួតពិនិត្យ និងការយកកម្រៃសេវា កម្រៃជើងសាវិជ្ជាជីវៈ និងការអនុវត្តវិជ្ជាជីវៈ លើការអនុវត្តសេវាកម្មវាយតម្លៃអចលនវត្ថុនៅកម្ពុជា។
សមាជិកក្រុមប្រឹក្សាភិបាល CVEA លោក ចេង ខេង បាននិយាយថា លោកពិតជារីករាយ និងគាំទ្រយ៉ាងខ្លាំងចំពោះការផ្តួចផ្តើមរបស់សមាជិក CVEA ក្នុងការលើកកម្ពស់ការអនុវត្តច្បាប់ ក៏ដូចពង្រឹងសមត្ថភាពអ្នកពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យដើម្បីធ្វើយ៉ាងណាឱ្យវិស័យនេះកាន់តែរឹងមាំ ពិសេសងើបឡើងវិញបានលឿនពីវិបត្តិដែលកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកថ្លែងថា៖ «សូមចងចាំថា វិស័យអចលនទ្រព្យគឺជាសសរគ្រឹះសំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ចប្រទេស ដូច្នេះបើវិស័យអចលនទ្រព្យមានបញ្ហា សេដ្ឋកិច្ចជាតិក៏ជួបបញ្ហាដែរ»។
ក្នុងនាមជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាជិត ៣ ទសវត្សរ៍ លោក ចេង ខេង ក៏បានជំរុញឱ្យក្រុមហ៊ុន និងភ្នាក់ងារអចលនទ្រព្យទាំងអស់ត្រូវខិតខំអភិវឌ្ឍសមត្ថភាពឱ្យបានកាន់តែប្រសើរថែមទៀត។
លោកអះអាងថា៖ «នៅពេលការប្រើប្រាស់ជំនាញរបស់យើងមានវិជ្ជាជីវៈ និងមានសមត្ថភាពគ្រប់គ្រាន់នឹងមានគេឱ្យយើងជួយវាយតម្លៃនៅក្រៅប្រទេស។ ជាក់ស្តែងកន្លងមកក៏ធ្លាប់មានក្រុមហ៊ុនកម្ពុជាចេញទៅវាយតម្លៃអចលនទ្រព្យនៅប្រទេសមីយ៉ាន់ម៉ា និងឡាវដែរ»៕