វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានប្តេជ្ញា​ពង្រឹងបរិយាបន្ន​ហិរញ្ញវត្ថុ​ប្រកបដោយ​ការទទួលខុសត្រូវ និងកិច្ចការពារ​អតិថិជន​ក្នុងពេលលំបាក តាមរយៈ​ការរៀបចំ​ឥណទាន​ឡើងវិញ ក៏ដូចការផ្តល់​កម្ចីប្រកបដោយ​ការទទួលខុសត្រូវ ដើម្បី​អភិវឌ្ឍន៍វិស័យ ហិរញ្ញវត្ថុ​ប្រកបដោយនិរន្តរភាព។

ការប្តេជ្ញា​ចិត្តនេះ បានធ្វើឡើងកាល​ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នាក្រុង​សៀមរាប នៅក្នុងសន្និសីទ​មីក្រូ​ហិរញ្ញវត្ថុប្រចាំ​ឆ្នាំ២០២៣ ក្រោមប្រធានបទ​បរិយាបន្ន ហិរញ្ញវត្ថុ ប្រកបដោយ​ទំនួលខុសត្រូវ ភាពធន់ និងនិរន្តរភាព​វិស័យហិរញ្ញវត្ថុនៅ​កម្ពុជា ដោយមានការចូលរួមពី អ្នកបង្កើត​គោលនយោបាយ សេដ្ឋវិទូ ថ្នាក់ដឹកនាំ​អាជីវកម្ម ថ្នាក់ដឹកនាំធនាគារ និងមីក្រូ​ហិរញ្ញវត្ថុ ព្រមទាំងភាគី​ពាក់ព័ន្ធសំខាន់ៗ​ផ្សេងទៀតសរុប​ចំនួន ៣២០ នាក់ ដើម្បីពិភាក្សា​អំពីនិន្នាការ និងបញ្ហា​ប្រឈម ចុង ក្រោយបំផុត​នៅក្នុងវិស័យ។ នេះបើតាមសេចក្តីថ្លែង​ការណ៍ របស់សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា។

សេចក្តីថ្លែងការណ៍​បានបញ្ជាក់ទៀត​ថា សម្រាប់វិស័យ​មីក្រូ​ហិរញ្ញវត្ថុ គំនិតផ្តួចផ្តើម​ជាច្រើនត្រូវបានធ្វើឡើង​ដើម្បីកិច្ចការនេះ​រួមមានដូចជា ទី១ ស្តង់ដាកិច្ច​សន្យាឥណទាន និងខចែងស្តង់ដាកិច្ចសន្យា​ឥណទាន ដែលត្រូវបង្កើតឡើង ដើម្បីបង្កើន​នូវតម្លាភាព និងកិច្ចការពារ អតិថិជន​ក្នុងវិស័យ​ហិរញ្ញវត្ថុ។

 ទី២ ក្រមប្រតិបត្តិរ​បស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​ដែលបង្កើតឡើង​ដើម្បីលើកកម្ពស់​ការអនុវត្ត​អាជីវកម្ម​របស់វិស័យ​ធនាគារនិងហិរញ្ញវត្ថុប្រកបដោយ​ប្រសិទ្ធភាព ទំនុកចិត្ត គណនេយ្យភាព និងការទទួលខុសត្រូវ តាមរយៈការកំណត់ស្តង់ដា​ប្រតិបត្តិការអាជីវកម្ម សម្រាប់គ្រឹះស្ថានធនាគារ​និងហិរញ្ញវត្ថុ។

 ទី៣ គម្រោងសុវត្ថិភាព ហិរញ្ញវត្ថុ​សហគមន៍ ដែលធ្វើឡើងក្នុង​ខេត្តចំនួន៤ ក្នុង គោលដៅ​លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ សិទ្ធិ និងការការពារ​អតិថិជន​នៅតាមកម្រិត​មូលដ្ឋាន។

 ទី៤ កម្មវិធីបណ្តុះបណ្តាល​ដល់អគ្គនាយក និងភាគទុនិក/ក្រុមប្រឹក្សាភិបាល លើកិច្ចការពារអតិថិជនដែលបង្កើតឡើង​ដើម្បីពិនិត្យ​មើលតួនាទី​របស់ក្រុម​ប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រង​ជាន់ខ្ពស់ដើម្បី​ធានា ថា កិច្ចការពារអតិថិជន​ដ៏រឹងមាំ​នឹងត្រូវបាន​ដាក់បញ្ចូល ទៅក្នុង​ប្រតិបត្តិការអាជីវកម្ម​របស់ខ្លួន និងដើម្បីរក្សាបាន​នូវនិរន្តរភាព​នៅក្នុងគ្រឹះស្ថាន។
 
ទី៥ សិក្ខាសាលា​ថ្នាក់តំបន់​លើការពង្រឹង សមត្ថភាព​ថ្នាក់គ្រប់គ្រង​របស់គ្រឹះស្ថាន ហិរញ្ញវត្ថុ ដែលផ្តោតលើ​ថ្នាក់គ្រប់គ្រង នៅតាម សាខា​ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់​តំបន់របស់គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ។

ទី៦ កម្មវិធីការ​ផ្តល់កម្ចីប្រកប​ដោយការទទួលខុសត្រូវ បង្កើតឡើងក្នុង​គោលបំណងលើកកម្ពស់​សីលធម៌​វិជ្ជាជីវៈរបស់មន្ត្រី​ឥណទាន និង មន្ត្រីពាក់ព័ន្ធ​ការផ្តល់ ឥណទាន ដោយតម្រូវឱ្យ​ប្រឡងយក​វិញ្ញាបណ្ណប័ត្រ​រៀងរាល់បី​ឆ្នាំម្តង រួមទាំងកិច្ចខិតខំ ប្រឹងប្រែង​ជាច្រើនផ្សេងទៀត។

ចំណែកគំនិត​ផ្តួចផ្តើម ទី៧ វិធានផ្តល់​ឥណទាន ដែលត្រូវបានឡើង​ក្នុងគោលបំណង​ធានាថា សមត្ថភាព ខ្ចីប្រាក់របស់អតិថិជន​ត្រូវបានវាយតម្លៃ​ដោយហ្មត់ចត់​និងត្រឹមត្រូវ ដើម្បីកាត់បន្ថយ​ការជាប់បំណុល ច្រើនលើសលប់ និងបញ្ចៀស​ហានិភ័យ​ជាប្រព័ន្ធនានា។

ស្របពេលជាមួយ​គ្នានេះដែរ តាមរយៈអង្គសន្និសីទ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក៏បានជំរុញសមាជិក​របស់ខ្លួន​ឱ្យពិនិត្យមើល​លទ្ធភាពក្នុងការជួយ​អតិថិជន​តាមរយៈការរៀបចំឥណទាន​ឡើងវិញ ទៅតាមករណី​ជាក់ស្តែង នៅក្នុងវិស័យ​ទេសចរណ៍​នៅក្នុងខេត្តសៀមរាប វិស័យ​អចលនទ្រព្យ និងវិស័យ​ដែលរងផលប៉ះពាល់​ផ្សេងទៀត ជូនអតិថិជនដែលជួបការលំបាក​ផ្នែកហិរញ្ញវត្ថុ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវខ្ពស់។

សមាគម​មីក្រូ​ហិរញ្ញវត្ថុបញ្ជាក់​ថា៖«ការប្តេជ្ញាចិត្តនេះ​ផងដែរ បានធ្វើឡើង​ក្នុងបរិបទដែល​រាជរដ្ឋាភិបាលកម្ពុជា​បានរឹតបន្តឹង​កិច្ចការពារ​អតិថិជន​តាមរយៈការចេញ​សេចក្តីថ្លៃងការណ៍រួម​នាដើមឆ្នាំ២០២៣ របស់ក្រសួង​មហាផ្ទៃ និងធនាគារជាតិ​នៃ​កម្ពុជា (NBC) ក្នុងការទប់ស្កាត់​សកម្មភាពកម្ចី​ខុសច្បាប់ រួមទាំង ការពង្រឹងនូវ​កិច្ចការពារ​អ្នកប្រើប្រាស់​របស់គណៈកម្មការ​ការពារ​អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការ​ក្លែងបន្លំ (កបប) នៃក្រសួង​ពាណិជ្ជកម្ម»។  
 
សូមបញ្ជាក់​ថា វិស័យមីក្រូ​ហិរញ្ញវត្ថុ បានដើរតួនាទី​យ៉ាងសំខាន់​នៅក្នុងការជំរុញ​កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេលជាង៣ទសវត្សរ៍មកនេះ តាមរយៈការផ្តល់​សេវាហិរញ្ញវត្ថុ​ដល់ប្រជាពលរដ្ឋ​គ្រប់ស្រទាប់វណ្ណៈ។ 
 
ការរីកចម្រើន​ដ៏ឆាប់រហ័សនៃ​វិស័យនេះ ក៏បាននាំមកនូវ​បញ្ហាប្រឈម​មួយចំនួន ពិសេសក្នុងស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន ដែលទាមទារ​ឱ្យគ្រប់ភាគី​ទាំងអស់​រួមគ្នា​ដោះស្រាយ។ ការប្តេជ្ញា នាពេលនេះ គឺជាសក្ខីភាព​បង្ហាញ​នូវឆន្ទៈ​មុតមាំរបស់វិស័យនេះ ដើម្បី​ធានាបាននូវកំណើន​ប្រកបដោយ​បរិយាបន្ន និងនិរន្តរភាព​ក្នុងវិស័យ​មីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា៕