កម្ពុជា និង អង់ទីហ្កា​និងបាប៊ុយដា បានប្តេជ្ញាចិត្ត​បង្កើនកិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី ដើម្បីផ្តល់ផលប្រយោជន៍​ទៅវិញទៅមក ខណៈភាគីទាំងពីរ ក៏បានពិភាក្សា​លើទំនិញ​ដែលមានសក្តានុពល​សម្រាប់ការធ្វើ​ពាណិជ្ជកម្ម ជាពិសេស អង្ករ និងគ្រាប់ស្វាយចន្ទី​ជាដើម។ 

ការបង្ហាញឆន្ទៈនេះ​ធ្វើឡើងនៅក្នុង​ជំនួបរវាង លោក សុខ ចិន្តាសោភា ឧបនាយក​រដ្ឋមន្ត្រី និងរដ្ឋមន្ត្រី​ការបរទេសនិងសហប្រតិបត្តិការ​អន្តរជាតិ និងលោក  E.P. Chet Greene រដ្ឋមន្ត្រី​ការបរទេសកសិកម្ម ពាណិជ្ជកម្ម និងកិច្ចការ បាប៊ុយដា​នៃ​ប្រទេសអង់ទីហ្កា និងបាប៊ុយដា ក្នុងឱកាស​អញ្ជើញមកបំពេញ​ទស្សនកិច្ច​ការងារនៅ​កម្ពុជា កាលពីថ្ងៃ​ទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។ 
 
សេចក្តីប្រកាសព័ត៌មាន​ស្តីពីជំនួបនោះ​បានឱ្យដឹងថា «ដំណើរទស្សនកិច្ចនេះ​គឺជាវឌ្ឍនភាពមួយដ៏សំខាន់​ក្នុងការលើកកម្ពស់​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ។ ទោះបីប្រទេស​ទាំងពីរស្ថិតក្នុង​ទីតាំងភូមិសាស្ត្រ​ឆ្ងាយពីគ្នា ក៏រដ្ឋមន្ត្រី​ការបរទេស​ទាំងពីរ បានបញ្ជាក់នូវ​ការប្តេជ្ញាចិត្តឥតងាករេ ក្នុងការបង្កើន​នូវកិច្ចសហប្រតិបត្តិការ​តាមវិស័យ​រវាងប្រទេស​ទាំងពីរ ដើម្បីជាប្រយោជន៍​រួមដល់​ប្រជាជន​នៃប្រទេស​ទាំងពីរ»។ 
 
នាឱកាសនោះ លោក សុខ ចិន្តាសោភា បានជម្រាបជូន​លោករដ្ឋមន្ត្រី Greene នូវទិដ្ឋភាពគ្រប់ជ្រុង​ជ្រោយស្តីពី ស្ថានភាពនយោបាយ​និងសេដ្ឋកិច្ច​របស់​កម្ពុជា។
 
ចំណែក លោក Greene បានវាយតម្លៃខ្ពស់​ចំពោះកំណើនសេដ្ឋកិច្ច​របស់​កម្ពុជា និងស្នើកម្ពុជាពិចារណា​ជ្រើសរើស​យកប្រទេស​អង់ទីហ្កានិង បាប៊ុយដា ធ្វើជា​ច្រកចូល​ទៅកាន់​ទីផ្សារនៃតំបន់​ការ៉ាបៀន (Caribbean)។  

បើតាមក្រសួង​ការបរទេស​កម្ពុជា ភាគីទាំងពីរ​ពិភាក្សាក៏បាន ផ្តោតលើ​ទំនិញ​ដែលមានសក្តានុពល​សម្រាប់ការធ្វើ​ពាណិជ្ជកម្ម ជាពិសេស អង្ករ និងគ្រាប់ស្វាយចន្ទី ព្រមទាំងកិច្ចសហប្រតិបត្តិការ​ក្នុងវិស័យ​ទេសចរណ៍​និងកសិកម្ម។ ការណ៍នេះ​បង្ហាញនូវ​ការប្តេជ្ញាចិត្ត របស់​កម្ពុជា ក្នុងការជំរុញ​ការផ្លាស់ប្តូរ​ផ្នែកសេដ្ឋកិច្ច។ 
 
ភាគីទាំងពីរ​បានពិភាក្សាលើ​ផែនការ​សកម្មភាព សំដៅលើកកម្ពស់​កិច្ចសហប្រតិបត្តិការក្នុង ក្របខ័ណ្ឌ​ទ្វេភាគី​និងពហុភាគី។ 
 
បន្ថែមពីនេះ លោក សុខ ចិន្តាសោភា បានទទួល​យកដោយ​ក្ដីរីករាយនូវ​ការអញ្ជើញ​ទៅបំពេញទស្សនកិច្ច​នៅប្រទេស​អង់ទីហ្កានិងបាប៊ុយដា ក្នុងពេលវេលា​សមស្រប។ ភាគីទាំងពីរ​បានសង្កត់ធ្ងន់​លើសារៈសំខាន់​នៃការគាំទ្រ​គ្នាទៅវិញ​ទៅមក នៅក្នុងវេទិកា​ពហុភាគី រួមទាំង ក្នុងស្ថាប័ននានា​របស់អង្គការ​សហប្រជាជាតិ។ រដ្ឋមន្ត្រី​ការបរទេស​នៃប្រទេស​ទាំងពីរក៏បានផ្លាស់ប្តូរ​ទស្សនលើ​បញ្ហាតំបន់​និងអន្តរជាតិ​ដែលជាប្រយោជន៍​និងកង្វល់​រួមផងដែរ៕