ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ឧស្សាហកម្ម​ចិន​បាន​បន្ត​កើន​ឡើង​ក្នុង​ខែ​តុលា​នេះ ប៉ុន្តែ​ស្ថិត​ក្នុង​អត្រាយឺត បើ​ធៀប​នឹង​ខែ​មុន ដោយ​បាន​កើនឡើង​ចំនួន ២,៧% ធ្លាក់​ចុះពី ១១,៩% ក្នុង​ខែ​កញ្ញា និង ១៧,២% ក្នុង​ខែ​សីហា។

តួលេខនេះ​បាន​បង្ហាញ​ថា ទីក្រុង​ប៉េកាំង​ត្រូវ​ផ្តល់​ការ​គាំទ្រ​ផ្នែក​គោល​នយោបាយ​បន្ថែមទៀត ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ចិន ដែល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី២ នៅ​លើ​ពិភពលោក បន្ទាប់ពី​សហរដ្ឋ​អាមេរិក។ 

ក្នុង​រយៈពេល ១០ ខែ​ដំបូង​នៃ​ឆ្នាំ ២០២៣ ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ឧស្សាហកម្ម​ចិន​បាន​ធ្លាក់​ចុះ​សរុប ៧,៨%។ 

យ៉ាងណា​ក៏ដោយ តួលេខនេះ​មាន​ការ​ប្រសើរ​ឡើង​បន្តិច បើ​ធៀប​នឹង​រយៈពេល ៩ ខែមុន​ដែល​បាន​ធ្លាក់​ចុះ​រហូត​ដល់​ទៅ ៩%។ បញ្ហាប្រឈម​ជាច្រើន​ដែល​ចិន​កំពុង​ជួប​ប្រទះ​នៅ​ពេល​នេះ​រួមមាន​បញ្ហា​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ បំណុល​ក្នុង​ស្រុក កំណើន​អតិផរណា​សកល និង​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​ជាដើម។ កត្តា​ទាំងអស់​នេះ​បាន​រាំងស្ទះ​ដល់​ការ​ស្ទុះងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ចិន​ក្រោយ​វិបត្តិកូវីដ១៩។ 

លោក ស៊ូ ធៀនឆិន (Xu Tianchen) សេដ្ឋវិទូ​ជាន់​ខ្ពស់​នៅ​អង្គភាព Economist Intelligence Unit (EIU) បាន​និយាយ​ថា «ការកើនឡើង​ប្រាក់​ចំណេញ​រយៈពេល​បី​ខែនេះ បាន​បង្ហាញ​ថា សេដ្ឋកិច្ច​កំពុង​ងើប​ចេញ​ពី​ផលវិបាក​ដែល​បណ្ដាល​មកពី​កំណើន​អតិផរណា ការផ្គត់ផ្គង់​លើស​តម្រូវការ និង​តម្រូវ​ការ​ធ្លាក់ចុះ។ ប៉ុន្តែ ការ​ប្រែប្រួល​ប្រាក់​ចំណេញ​ចុះឡើង​របស់​ក្រុមហ៊ុន​នេះ នៅតែ​រងផល​ប៉ះពាល់​យ៉ាង​ខ្លាំងពី​ការ​ចំណាយដើម​ទៅ​លើ​ផលិតកម្ម»។ 

ការិយាល័យ​ស្ថិតិជាតិ (NBS) បាន​ផ្តល់​អនុសាសន៍​ឱ្យ​រដ្ឋាភិបាល​ចិន​ផ្តោត​លើការ​ជំរុញ​តម្រូវ​ការ​ក្នុងស្រុក និង​គាំទ្រ​ដល់​អាជីវកម្ម ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ពាណិជ្ជកម្ម។ នៅក្នុង​ខែតុលា ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ​ជាតិ​បាន​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ទាំង​ការ​បញ្ជាទិញ ការ​នាំចេញ និង​ការ​នាំចូល ពោល​គឺ​រយៈពេល ៨ ខែ​ជាប់ៗ​គ្នា​តែម្ដង។

ដោយឡែក ទិន្នផល​ឧស្សាហកម្ម​បាន​កើន​ឡើង ៤,៦% ដែល​ភាគច្រើន​បណ្ដាល​មក​ពី​ផលិតកម្ម​យានយន្ត និង​ភោជនីយដ្ឋាន។ 

ជាក់ស្ដែង ធនាគារ Goldman Sachs បានបង្ហាញថា គម្លាត​ប្រាក់​ចំណេញ​រវាង​វិស័យ​នានា​នៅ​តែ​បន្ត​ខុសគ្នាខ្លាំង។ ឧទាហរណ៍ ប្រាក់ចំណេញ​ក្នុង​វិស័យ​គ្រឿង​សង្ហារឹម​បាន​ធ្លាក់ចុះ ១១,៨% នៅ​ក្នុង ១០ ខែ​ដំបូង​នៃ​ឆ្នាំ ២០២៣ ខណៈ​ដែល​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក​បាន​កើនឡើង ២០,៨%។ 
 
យ៉ាងណា​ក៏ដោយ ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា LONGi Green Energy Technology បានធ្លាក់ចុះ ៤៤,១% នៅក្នុង​ត្រីមាស​ទីបី ដោយសារ​តែ​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច និង​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ។

ដោយឡែក ធនាគារ​កណ្តាល​របស់​ប្រទេស​ចិន និងអាជ្ញាធរ​ពាក់ព័ន្ធ​បាន​អំពាវនាវ​ឱ្យ​បង្កើន​ការ​គាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​ដល់​ក្រុមហ៊ុន​ឯកជន​តាមរយៈ​ប្រាក់កម្ចី ប័ណ្ណបំណុល និង​ភាគហ៊ុន​ឱ្យ​បានកាន់​តែ​ច្រើន។

លើសពីនេះ ទេសាភិបាល​ធនាគារ​កណ្តាល​បាន​លើក​ទឹក​ចិត្ត​ឱ្យ​មាន​កំណែ​ទម្រង់​រចនា​សម្ព័ន្ធថ្មី ខណៈដែល​កំណើន​វិនិយោគ​មានការ​ថយចុះ។ 

គួរដឹងដែរថា បន្ទាប់ពី​ការ​ចេញផ្សាយ​ទិន្នន័យ សន្ទស្សន៍ CSI300 របស់​ប្រទេស​ចិន​បាន​ធ្លាក់ចុះ ១,២១% ហើយ​ទីផ្សារ Hang Seng នៅ​ហុងកុង​បាន​ធ្លាក់ចុះ ១,០៧%។

បន្ថែម​លើនេះ ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុនរដ្ឋ​ចិន​ក៏​បាន​ធ្លាក់​ចុះ​ចំនួន ៩,៩% ក្នុង​រយៈពេល ១០ ខែដំបូងនេះ ខណៈ​ដែល​ក្រុមហ៊ុន​បរទេស​បាន​ធ្លាក់ចុះ ១០,២% រីឯ​ក្រុមហ៊ុន​ឯកជន​បាន​ធ្លាក់ចុះ ១,៩% នេះ​បើ​យោង​តាម​ការវិភាគ​របស់ការិយាល័យ​ស្ថិតិជាតិ៕