ភ្នំពេញៈ គណៈប្រតិភូនៃសមាគមបច្ចេកវិទ្យាឧស្សាហកម្មសាធារណរដ្ឋកូរ៉េ (KOITA) បានបង្ហាញពីការចាប់អារម្មណ៍ខ្លាំងចំពោះការមកសិក្សាសមិទ្ធិលទ្ធភាព ព្រមទាំងស្វែងរកដៃគូបណ្តាក់ទុនផ្ទាល់នៅកម្ពុជានាពេលឆាប់ៗ ខណៈទំហំពាណិជ្ជកម្មប្រទេសទាំង ២ រយៈពេល ១០ ខែ ដើមឆ្នាំ ២០២៣ មានជិត ៦១៣ លានដុល្លារ។
ក្នុងជំនួបជាមួយ លោក សួន សុផល អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោក Shim MyoungSik ប្រធានក្រុមស្រាវជ្រាវទីផ្សារបរទេសពាក់ព័ន្ធនឹងបច្ចេកវិទ្យាថ្មីល្អឥតខ្ចោះនៃសមាគមបច្ចេកវិទ្យាឧស្សាហកម្មកូរ៉េ បានឱ្យដឹងថា លោក និងសមាជិក KOITA បានចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការមកសិក្សាឱកាសវិនិយោគ និងស្វែងរកដៃគូបណ្តាក់ទុននៅកម្ពុជានាពេលដ៏ខ្លីខាងមុខ។
លោកបន្តថា គណៈប្រតិភូដែលបានរួមដំណើរជាមួយលោក គឺមានមកពីវិស័យចម្រុះជាច្រើនដូចជា វិស័យយានយន្ត, អេឡិចត្រូនិក, ឌីជីថល, អគ្គិសនី, ថាមពលបៃតង, បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ជាដើម។
លោកបានថ្លែងថា៖ «យើងមានការចាប់អារម្មណ៍យ៉ាងក្រៃលែងក្នុងការមកសិក្សាសមិទ្ធិលទ្ធភាព ព្រមទាំងស្វែងរកដៃគូដើម្បីមកបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលដ៏ខ្លីខាងមុខ»។
អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) លោក សួន សុផល បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូ KOITA និងបានប្រាប់គណៈប្រតិភូអំពីចក្ខុវិស័យរបស់ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការចូលរួមលើកកម្ពស់ និងផ្តល់កិច្ចសម្រួលដល់ការវិនិយោគបរទេស និងក្នុងស្រុក ដើម្បីសម្រេចបាននូវវិស័យឯកជនដែលមានស្ថិរភាព និងភាពរឹងមាំក្នុងដំណើរអភិវឌ្ឍន៍ប្រទេសម្ពុជា។
លោកថ្លែងថា៖ «ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដាក់ចេញនូវយន្តការជាច្រើន ហើយក្នុងនោះរួមមានការធ្វើបច្ចុប្បន្នភាពថ្មីនៃរបបវិនិយោគដែលបាននិងកំពុងចូលរួមជាអនេកក្នុងការបង្កើតបរិយាកាសធុរកិច្ចឈ្នះ-ឈ្នះ និងបរិស្ថានវិនិយោគកក់ក្តៅជូនវិនិយោគិន សំដៅធានាបាននូវភាពជោគជ័យ និងការរីកលូតលាស់នៃគម្រោងវិនិយោគរបស់វិស័យឯកជននៅលើទឹកដីកម្ពុជា»។
បើតាមសចក្តីប្រកាសព័ត៌មានរបស់ CDC ជំនួបនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការសិក្សាស្វែងយល់អំពីរបបវិនិយោគ, កាលានុវត្តភាពធុរកិច្ច, និងបរិស្ថានវិនិយោគកម្ពុជាក្នុងដំណាក់កាលរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្រោយការរីករាលដាលជំងឺកូវីដ ១៩។
ស្ថិតិពាណិជ្ជកម្មអន្តរជាតិរយៈពេល ១០ ខែ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៣ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា និងកូរ៉េ មានទឹកប្រាក់សរុប ៦១២,៩៩ លានដុល្លារ ធ្លាក់ចុះ ៧ ភាគរយ ពីចំនួន ៦៥៨,៩ លានដុល្លារនារយៈពេលដូចគ្នាឆ្នាំ ២០២២។
ក្នុងចំណោមទឹកប្រាក់នេះ គឺកម្ពុជានាំទំនិញចេញទៅប្រទេសកូរ៉េ ចំនួន ២២៥,៦២ លានដុល្លារ កើនឡើង ១៨,៤ ភាគរយ ចំណែកកូរ៉េនាំមកកម្ពុជា ៣៨៧,៣២ លានដុល្លារ ធ្លាក់ចុះ ១៧,៣ ភាគរយ។
អ្នកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងនៅថ្ងៃទី៨ ខែតុលាថា ការកែសម្រួលប្រព័ន្ធច្បាប់វិនិយោគរបស់កម្ពុជា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី បានជួយឱ្យប្រទេសកម្ពុជាក្លាយជាមេដែកក្នុងការទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនផ្ទាល់ និងបញ្ជាទិញទំនិញពីកម្ពុជាកាន់តែច្រើន។
លោកបន្តថា បច្ចុប្បន្នក្រៅពីផលិតផលវាយនភណ្ឌ កម្ពុជាក៏បាននាំចេញផលិតផលកសិកម្មកាន់តែច្រើនទៅប្រទេសនានាលើពិភពលោក។
លោកប្រាប់ថា៖ «ចំនួនទឹកប្រាក់ដែលកម្ពុជាទទួលបានពីការនាំចេញទំនិញទៅប្រទេសកូរ៉េនារយៈពេលចុងក្រោយនេះបានកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែវានៅតែទាបជាការនាំចូលរបស់កូរ៉េ។ នេះជាបញ្ហាដែលកម្ពុជាត្រូវខិតខំធ្វើពិពិធកម្មទំនិញនាំចេញរបស់ខ្លួនឱ្យមានកាន់តែច្រើនមុខថែមទៀត ដើម្បីអាចឆ្លើយតបទៅគ្រប់ស្ថានភាពទីផ្សារនាំចេញ រួមទាំងប្រទេសកូរ៉េផងដែរ»។
ភាគច្រើននៃទំនិញកម្ពុជានាំទៅកូរ៉េ គឺជាផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកសិផល ជាដើម ចំណែកទំនិញដែលកូរ៉េនាំមកកម្ពុជា មានដូចជា រថយន្ត គ្រឿងយន្តកសិកម្ម ផលិតផលអេឡិចត្រូនិក ឱសថ ភេសជ្ជៈ និងវត្ថុប្រើប្រាស់ប្រចាំថ្ងៃ។ នេះបើតាម លោក វណ្ណៈ។
ធនាគារជាតិនៃកម្ពុជា(NBC) បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ទឹកប្រាក់នៃការវិនិយោគផ្ទាល់បរទេសនៅកម្ពុជាមានប្រមាណ ៤៥,៨ពាន់លានដុល្លារ កើនឡើង ៩ភាគរយបើធៀបនឹងចុងត្រីមាសទី១ ឆ្នាំ២០២២។ ប្រទេសកូរ៉េខាងត្បូងឈរនៅលេខ ២ ដោយមានទឹកប្រាក់ ៥,៥ពាន់លានដុល្លារ កើន ១០,៤ភាគរយធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២។
ក្នុងឆ្នាំ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៧៧៨,៩២៤លានដុល្លារ កើនឡើង ០,៦ភាគរយបើធៀបឆ្នាំ២០២១។ ក្នុងនោះកម្ពុជានាំចេញ ២៣៣,៦៣៨ លានដុល្លារ កើន ២០,៤ ភាគរយ និងកូរ៉េ នាំចូល ៥៤៥,២៨៦ លានដុល្លារ ធ្លាក់ចុះ ៦ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕