ភ្នំពេញៈ ក្រុមហ៊ុន សែលកាត ឬ ខេមជ្ជីអេសអេម (CamGSM) ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ដ៏ធំ និងចំណាស់នៅកម្ពុជា បានក្លាយជាក្រុមហ៊ុនទី១ នៅក្នុងប្រវត្តិនៃផ្សារមូលបត្រកម្ពុជា (CSX) ដោយបានចុះបញ្ជីបោះផ្សាយជាផ្លូវការនូវសញ្ញាបណ្ណនិរន្តរភាព ព្រមទាំងកៀរគរទុនជិត ២០ លានដុល្លារសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន។
កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ក្រុមហ៊ុននេះ បានសម្រេចការបោះផ្សាយ និងចុះបញ្ជីលក់សញ្ញាបណ្ណនិរន្តរភាព ដែលការបោះផ្សាយប្រកបដោយភាពជោគជ័យនេះក្នុងទំហំបោះផ្សាយប្រមាណ ១៩,៩ លានដុល្លារ និងមានរយៈពេល ១០ ឆ្នាំ។
លោក ហុង សុហួរ អគ្គនាយកនៃ CSX បានថ្លែងក្នុងកម្មវិធីបោះផ្សាយថា សាច់ប្រាក់ដែលបានមកពីការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនេះ ក្រុមហ៊ុននឹងប្រើដើម្បីផ្តល់ហិរញ្ញប្បទាន និងធ្វើបុនហិរញ្ញប្បទានដល់គម្រោងដែលផ្តល់អត្ថប្រយោជន៍ដល់សង្គម និងបរិស្ថាន។
លោកថ្លែងថា៖ «ប្រភេទសញ្ញាបណ្ណនិរន្តរភាពនេះផងដែរ ក៏មានការគិតគូរទៅដល់សង្គម ដោយពង្រីកសេវាគ្របដណ្តប់ទៅកាន់ទីដាច់ស្រយាល ឬសហគមន៍ដែលទទួលបានសេវាមិនគ្រប់គ្រាន់ ដើម្បីកាត់បន្ថយគម្លាតឌីជីថល និងសំដៅបង្កើនសមភាពសង្គម»។
លោកពន្យល់ថា ផ្សារមូលបត្រកម្ពុជាផ្តល់ជម្រើសហិរញ្ញប្បទានទាំងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។ លើសពីនេះ CSX គឺជាប្រភពហិរញ្ញប្បទានមិនចេះរីងស្ងួត ហើយក៏ជាកន្លែងដែលផ្តល់ឧបករណ៍ហិរញ្ញវត្ថុថ្មីៗ ដែលមានភាពទាក់ទាញ និងផ្តល់អត្ថប្រយោជន៍ជាច្រើនជូនសង្គម និងសេដ្ឋកិច្ច។
លោកបន្តថា៖ «ផ្សារមូលបត្រកម្ពុជានឹងបន្តចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយពីអត្ថប្រយោជន៍ក្នុងការបោះផ្សាយសញ្ញាបណ្ណតាមវិស័យរួមមាន សញ្ញាបណ្ណបៃតង សញ្ញាបណ្ណសង្គម និងសញ្ញាបណ្ណនិរន្តរភាព និងបន្តគាំទ្ររាជរដ្ឋភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឆ្ពោះទៅកាន់សេដ្ឋកិច្ចដែលបំភាយកាបូនទាប ស្របតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតង ឆ្នាំ ២០១៣-២០៣០។ យើងក៏បានលើកកម្ពស់ ESGs ដែលកិច្ចការនេះត្រូវបានផ្តួចផ្តើមឡើងនៅឆ្នាំ ២០២២»។
លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (SERC) បាននិយាយថា នេះជាលើកទី២ ហើយ ដែលក្រុមហ៊ុននេះធ្វើការចុះបញ្ជីលក់មូលបត្រនៅលើ CSX ដោយក្រុមហ៊ុនសែលខាត បានបញ្ចប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង និងចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិដោយបានកៀរគរទុនចំនួនប្រមាណ ៥,២ លានដុល្លារ កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ ហើយនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំនេះ ក្រុមហ៊ុនក៏បានចុះបញ្ជីលក់សញ្ញាបណ្ណនិរន្តរភាពដោយគិតជាទំហំទឹកប្រាក់ប្រមាណ ១៩,៩ លានដុល្លារដែលមានតម្លៃចារឹកក្នុង ១ ឯកតាមូលបត្របំណុលស្មើនឹង ១ សែនរៀល ដោយក្រុមហ៊ុនបានធ្វើការកំណត់អត្រាគូប៉ុង SOFR បូក ៣ ភាគរយឬ ៥,៥ ភាគរយ យកមួយណាដែលខ្ពស់ជាង ក្នុង ១ ឆ្នាំជាមួយនឹងការទូទាត់គូប៉ុងប្រចាំឆមាស និងមានឥណប្រតិទាន ១០ ឆ្នាំ (២០២៣-២០៣៣)៕