​ភ្នំពេញៈ ទោះបី​សេដ្ឋកិច្ចជាតិ និង​ពិភពលោក​នៅពេលនេះ​មិនទាន់មាន​ភាពប្រាកដប្រជា​ដោយ​ទទួលរង​ឥទ្ធិពល​ពី​ការ​អូសបន្លាយ​ពេល​នៃ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន និង​ការប្រកួត​​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​ក្តី ក៏​ដំណើរការ​នៃ​ប្រតិបត្តិការ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​នៅ​បន្ត​ភាព​ធន់​នឹង​វិបត្តិ ដោយ​នៅតែ​បង្ហាញ​នូវ​ភាព​រីកចម្រើន​គួរឱ្យកត់សម្គាល់​ក្នុង​ការចាក់​បញ្ចូល​នូវ​ប្រភព​ហិរញ្ញវត្ថុ​ដើម្បី​ជំរុញ​ចរន្ត​សកម្មភាព​ម៉ាក្រូសេដ្ឋកិច្ច​ក្នុងអំឡុងពេល​វិបត្តិ​នេះ​។​

​នេះ​បើតាម​លោក សុខ វឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​សមា​​គម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​​​ ​(CMA) ថ្លែង​ក្នុង​សន្និសីទ​មីក្រូហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​ ២០២៣ ​ស្តីពី​ «​បរិ​យា​​បន្ន​ហិរញ្ញវត្ថុ ប្រកបដោយ​ការ​ទទួលខុសត្រូវ ភាព​ធន់ និង​និ​​រ​ន្ត​រ​ភាព​របស់​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​» នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​ ២៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។​

​បើ​គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ ​២០២៣ ​វិស័យ​មីក្រូហិរញ្ញវត្ថុ​មាន​សមតុល្យ​ឥណទាន​សរុប​ជាង ៥​ ពាន់​លាន​ដុល្លារ និង​មាន​អតិថិជន​ឥណទាន​សរុប ជាង ១,៥​ លាន​នាក់ ខណៈ​សមតុល្យ​ប្រាក់​បញ្ញើ​នៅតាម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ មាន​ជាង ២​ ពាន់​លាន​ដុល្លារ និង​មាន​អតិថិជន​ដាក់​ប្រាក់​បញ្ញើ​សរុប​ជិត ​២ ​លាន​នាក់​។​

​លោក​ថ្លែងថា​៖«​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា នៅតែ​បន្ត​រក្សាបាន​នូវ​ស្ថិរភាព​តាមរយៈ​ការផ្តល់​សេវាកម្ម​ជាមួយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​កិច្ចការពារ​អតិថិជន​»​។​

​លោក​បន្ថែមថា សមាគម​ក៏​កំពុង​អនុវត្ត​យន្តការ​នៃ​ការដោះស្រាយ​បណ្តឹង និង​សំ​ណូ​ម​ពរ​អតិថិជន​តាម​ប្រព័ន្ធ​ហ​ត​ឡាញ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​អនុវត្តតាម​គោលការណ៍​គាំពារ​អតិថិជន ដែល​ក្នុងនោះ​រួមមាន ការដាក់​លេខ​បណ្តឹងតវ៉ា​របស់​គ្រឹះស្ថាន លេខ​បណ្តឹងតវ៉ា​របស់​សមាគម​ទាំង​ ២ នៅ​ទីតាំង​តែមួយ​នៅលើ​សៀវភៅ​ឥណទាន​កិច្ចសន្យា​ឥណទាន​ព្រមទាំង​សម្ភារ​ផ្សព្វផ្សាយ​ផ្សេងៗ​។​

​លោក ឡាយ សុខ​ហេង ប្រធាន​នាយក​​ដ្ឋា​ន​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ថ្លែង​ក្នុង​សន្និសីទ​ថា វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា នៅតែ​រក្សាបាន​ភាពល្អ​ប្រ​សើរ ទោះបី​មាន​ឧបសគ្គ​ពី​ខាងក្រៅ​បណ្តាលមកពី​ភាពមិនច្បាស់លាស់​នៃ​សេដ្ឋកិច្ចពិភពលោក​នៅពេល​បច្ចុប្បន្ន​ក៏ដោយ​។​

​លោក​ថ្លែងថា​៖ «​កំណើន​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​បន្ត​កើនឡើង​ក្នុង​ល្បឿន​ដ៏​ល្អ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​ភាគច្រើន​ដោយសារ​ការរួម​​ចំណែក​ពី​គ្រួសារ វិស័យ​ជួញដូរ និង​ពា​ណិ​ជ្ជ​កម្ម កសិកម្ម និង​វិស័យ​សេវាកម្ម​»​។​

​លោក​លើកឡើងថា​៖ «​មូលនិធិ​កម្ចី​ក្នុង​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​បាន​កើន​ជា​លំដាប់ ហើយ​ភាគច្រើន​ជា​រយៈពេល​វែង ដែល​ជួយ​ឱ្យ​ពួកគេ​គ្រប់គ្រង​ហានិភ័យ​សន្ទនីយ​ភាព​របស់​ពួកគេ​កាន់តែ​ប្រសើរ​។ ប្រាក់ចំណេញ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​បាន​ធ្លាក់ចុះ​តិចតួច ដោយសារ​ការ​ចំ​ណាយ​កាន់តែ​ខ្ពស់​។ ដើមទុន​របស់​ធនាគា​រ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅតែមាន​ភាពល្អប្រសើរ និង​ខ្ពស់ជាង​តម្រូវការ​បទ​ប្បញ្ញត្តិ ចំនួន ១៥ ភាគរយ​»​។​

​លោក លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ក្នុង​សន្និសីទ​ថា ការ​ព្យាករ​កំណើន​កម្ពុជា មាន​ចំនួន ៥,៤ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២៣ ហើយនឹង​កើន​ដល់ ៥,៨ ​ភាគរយ​នៅ​ឆ្នាំ ២០២៤ និង ៦,១​ ភាគរយ​ឆ្នាំ​ ២០២៥​។ លោក​បន្តថា បញ្ហា​ប្រឈម​ផ្នែក​រចនាសម្ព័ន្ធ និង​ឧបសគ្គ​សេដ្ឋកិច្ច​សកល​នៅតែ​បន្ត​។​

​លោក​បញ្ជាក់ថា ការប្រើប្រាស់​ផ្នែក​ឯក​​ជន​បាន​ធ្លាក់ចុះ ខណៈ​តម្រូវការ​ក្នុងស្រុក​ក៏​កំពុង​ធ្លាក់ចុះ​ផងដែរ ខណៈ​ការ​នាំចូល​ទំនិញប្រើប្រាស់ និង​ទំនិញ​ដែល​ប្រើប្រាស់​រយៈពេល​យូរ បាន​ធ្លាក់ចុះ​។ ជាមួយគ្នានេះដែរ កម្រិត​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​ក៏​ប្រឈម​នឹង​ការធ្លាក់ចុះ​នៃ​ប្រាក់​ឈ្នួល និង​កំណើន​យឺត​ក្នុង​ទីផ្សារការងារ កាត់​បន្ថយ​ការប្រើប្រាស់​ជាដើម​៕