ភ្នំពេញៈ គម្រោង​វិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៧ ដែលមាន​ទុនវិនិយោគ​សរុប ៣២,៩​ លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​រាប់ពាន់​កន្លែង ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) អនុម័ត​ឱ្យ​វិនិយោគ ដោយ​ចំនួន ៤ ស្ថិតក្នុង​ខេត្តស្វាយរៀង និង ៣ នៅ​ខេត្ត​ព្រះសីហនុ​។​

បណ្តាញ​សង្គម​ផ្លូវការ​របស់ CDC កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឱ្យដឹងថា យោងតាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន CDC បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ឱ្យ​គម្រោង​វិនិយោគ​ចំនួន ៧ ដែល​ក្នុងនោះ ៤ ស្ថិតក្នុង​ខេត្តស្វាយរៀង រួមមាន គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ (Waterproof Storage Bag, Backpack Bag, Cooler Bag) របស់​ក្រុមហ៊ុន Vacation Industry Co., Ltd. ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន ស្វាយរៀង មាន​ទុនវិនិយោគ ៧,៣​លាន​ដុល្លារ​, គម្រោង​បង្កើត​រោងចក្រ​ផលិត​ដើម​គ្រី​ស្មាស់ និង​សម្ភារ​លំអ​ដើម​គ្រី​ស្មាស់ របស់​ក្រុមហ៊ុន Star United Christmas Decoration Co., Ltd នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ស្វាយរៀង ហ្គី​ហ្គា រី​សស៍ ក្រោម​ទុនវិនិយោគ ៦ ​លាន​ដុល្លារ​, គម្រោង​បង្កើត​រោងចក្រ​ផលិត​ដើម​ណូអែល អំពូល​ភ្លើង​លម្អ​ដើម​ណូអែល សម្ភារ​តុបតែង​លម្អ​ដើម​ណូអែល និង​វត្ថុ​អនុស្សាវរីយ៍ របស់​ក្រុមហ៊ុន CH Lighting Tree Co., Ltd នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ហាយ​-​ផាក មាន​ទុនវិនិយោគ ៥,៨​លាន​ដុល្លារ​, និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស៊ុមទ្វារ ស៊ុមបង្អួច និង​ជ្រី​ធ្វើ​អំពី​ឈើ របស់​ក្រុមហ៊ុន Glorious Building Material (Cambodia) Co., Ltd នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង ​(​បាវិត​) មាន​ទុនវិនិយោគ ១,២​ លាន​ដុល្លារ​។

ចំណែក​គម្រោង ៥ ទៀត​នៅ​ខេត្ត​ព្រះសីហនុ រួមមាន គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រណាត់ របស់​ក្រុមហ៊ុន Justmarvelous Co., Ltd នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជី ក្នុង​ទុនវិនិយោគ ៨,២ លាន​ដុល្លារ​, គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ ក្តារបន្ទះ គ្រឿង​តុបតែង​ពី​ឈើ និង​គ្រឿងសង្ហារិម​គ្រប់​ប្រភេទ របស់​ក្រុមហ៊ុន Kamelun Wood Co., Ltd នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ទុនវិនិយោគ ៣​លាន​ដុល្លារ​, និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ឈើ ​(​ក្តារ​ប៉ា​កេ ក្តារបន្ទះ និង​ក្តារ​ផ្សេងៗ​) របស់​ក្រុមហ៊ុន Angel Wood (Cambodia) Co., Ltd នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ក្រោម​ទុនវិនិយោគ ១,៤ ​លាន​ដុល្លារ​;​ ក្រុមហ៊ុន SCHNEITEC VIBRANT CO., LTD; និង ក្រុមហ៊ុន Justmarvelous Co., Ltd. វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ក្រណាត់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិត នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជី ស្ថិតនៅ​ខេត្ត​ព្រះសីហនុ ក្នុង​ទុនវិនិយោគ​ប្រមាណ ៨.២ លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣២៦ ​កន្លែង គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ស្ថានីយ៍​ផលិត​អគ្គិសនី​ដើរ ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ អានុភាព ៦០​ មេ​ហ្កា​វ៉ា​ត់ ជាមួយ​ប្រព័ន្ធ​ផ្ទុក​ថាមពល​អគ្គិសនី​ខេត្តស្វាយរៀង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កណ្តាល ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្តស្វាយរៀង ក្នុង​ទុនវិនិយោគ​ប្រមាណ ៦៥.៥​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៥​ កន្លែង​។​

ជាមួយគ្នានេះដែរ​ក៏មាន​គម្រោង​មួយចំនួនទៀត ដូចជា ក្រុមហ៊ុន​XIN ANG SHOES (CAMBODIA) MANUFACTURING CO., LTD គម្រោង​បង្កើត រោងចក្រ​ផលិត​ស្បែកជើង និង​គ្រឿង​បន្សំ​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ ប្រមាណ ១៣.៣​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤ ៣៧០ ​កន្លែង​; ក្រុមហ៊ុន​NEW HUICHEN (CAMBODIA) TEXTILE CO., LTD គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ចាក់​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ​៤៩៩ ផ្លូវ​លេខ​១២៦ ភូមិ​ស្តុក ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥.៨​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១ ៨៩៦​កន្លែង​; ក្រុមហ៊ុន SIN-TIANCHENG WADDING (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត គ្រឿង​បន្សំ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃទទឹង ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,៦ ​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត ការងារ​បាន​ចំនួន ២៣៨​កន្លែង​; ក្រុមហ៊ុន XING KUN DA LEATHER INDUSTRIAL CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ទំពូង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ក្នុង​ទុនវិនិយោគ​ប្រមាណ ៥.២​ លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ បាន​ចំនួន ១ ៧៩០ ​កន្លែង​; និង ក្រុមហ៊ុន GOLDEN VESSEL (CAMBODIA) ELECTRONIC AND LIGHTING CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ គីឡូម៉ែត្រ​លេខ​៦៩ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រៃ​ព្រហ្ម សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥.៤​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៦៧ ​កន្លែង​។

ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ (CCC) ឱ្យដឹងថា ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ​ ដើម្បី​ទាក់ទាញ​វិនិយោគិន​ឱ្យមក​បណ្តាក់ទុន ការធ្វើ​បច្ចុប្បន្នភាព​ច្បាប់​វិនិយោគ ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការកសាង​ហេ​ដ្ឋា​រចនាសម្ព័ន​ដឹកជញ្ជូន គឺ​សុទ្ធតែជា​ផ្នែក​ដ៏​សំខាន់​ដែល​ជួយ​ឱ្យ​កម្ពុជា​ទទួលបាន​ការបណ្តាក់ទុន​ថ្មីៗ និង​ការពង្រីក​ចង្វាក់​ផលិតកម្ម​ជា​បន្តបន្ទាប់​។ លោក​បន្តថា ក្រៅពី​ការរៀបចំ​ខាងក្នុង រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន​នៅ​កម្ពុជា ក៏បាន​ខិតខំ​ស្វែងរក​ទីផ្សារ​ថ្មីៗ​ដែលមាន​លក្ខខណ្ឌ​អនុគ្រោះ​សម្រាប់​ការនាំចេញ​ទំនិញ​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖«​ទោះជា​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​ពេលនេះ​ មិនទាន់​ល្អប្រសើរ ដែលនាំឱ្យ​ការបញ្ចេញ​ទុន​ពី​សំណាក់​វិនិយោគ​មិនសូវមាន​ច្រើន ប៉ុន្តែ​កម្ពុជា​នៅតែ​អាច​ទទួលបាន​គម្រោង​វិនិយោគ​ថ្មីៗ​ ជា​បន្តបន្ទាប់​។ ជាមួយគ្នានេះ អ្វីដែល​គួរឱ្យកត់សម្គាល់​មួយទៀត​នោះ គឺ​គម្រោង​វិនិយោគ​ថ្មីៗ ​នៅ​កម្ពុជា គឺមាន​លក្ខណៈ​ចម្រុះ​កាន់តែច្រើន ទាំង​ប្រភេទ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន ​(​វាយ​ន​ភណ្ឌ​) និង​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​»​។​

លោក​លើកឡើង​ទៀតថា សម្រាប់​សភាពាណិជ្ជកម្ម​កម្ពុជា ​ដែល​តំណាងឱ្យ​ផ្នែក​ឯកជន​នៅ​កម្ពុជា គឺ​បាន​ខិតខំ​យ៉ាងខ្លាំង​ផងដែរ​ក្នុងការ​ផ្សព្វផ្សាយ​ពី​សក្តានុពល និង​ច្បាប់​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​បាន​បើក​ការិយាល័យ​តំណាង​របស់ខ្លួន​នៅក្រៅ​ប្រទេស ​(​កាណាដា ជប៉ុន និង​អូស្ត្រាលី​)​ ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​ឱ្យមក​បណ្តាក់ទុន​ផ្ទាល់ និង​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​។​

អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លី​លី លោកស្រី កែវ មុំ បាន​ប្រាប់ថា ប្រសិនបើ​តម្លៃ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​អាច​ស្មើ ឬ​ទាប​ជាង​ប្រទេសជិតខាង​នោះ គឺ​កម្ពុជា ​នឹងមាន​ឱកាស​ច្រើន​ថែមទៀត​ ​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ ឱ្យ​បណ្តាក់ទុន​។ ដោយសារ​តម្លៃ​អគ្គិសនី​ផ្សារភ្ជាប់​នឹង​គ្រប់​ចង្វាក់​ផលិតកម្ម ដូច្នេះ​បើ​តម្លៃ​អគ្គិសនី​ទាប វា​ក៏​ជួយ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ផងដែរ​។​

លោកស្រី​និយាយថា​៖«​អគ្គិសនី​កាន់តែ​ទាប ធ្វើឱ្យ​ថ្លៃដើម​ផលិត​កាន់តែ​ទាប ដែល​នឹង​ជួយ​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​កាន់តែ​ខ្ពស់​ជាមួយនឹង​ទំនិញ​របស់​ប្រទេស​នានា ​លើ​ពិភពលោក​។ អ្នកវិនិយោគ​បរទេស​មុននឹង​ទៅ​បណ្តាក់ទុន​នៅ​ប្រទេស​ណា សំណួរ​មុនគេ គឺ​អគ្គិសនី​នៅ​ទីនោះ​មាន​គ្រប់គ្រាន់​ដែរ ឬទេ​? តើ​អគ្គិសនី​មានតម្លៃ​ខ្ពស់ ឬ​ទាប​?»៕