ភ្នំពេញ: កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានរាយការណ៍ពីការកើនឡើងនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅត្រីមាសទី៣ ឆ្នាំ ២០២៣ ទោះបីជាមានការធ្លាក់ចុះសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ដែលបណ្តាលមកពីផលប៉ះពាល់មកពីភាពតានតឹងនៃភូមិសាស្ត្រនយោបាយក៏ដោយ។
យោងតាមឯកសាររបស់ក្រុមហ៊ុន ដែលផ្ញើទៅផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី ២៤ ខែវិច្ឆិកា PAS នៅត្រីមាសទី៣ ឆ្នាំ ២០២៣ ប្រាក់ចំណូលសរុបមានចំនួន ៩៤,៨៧៧ ពាន់លានរៀល ដោយកើនឡើង ១១,៤៧ ភាគរយ និងប្រាក់ចំណេញសុទ្ធមានចំនួន ២២ ពាន់លានរៀល ដោយកើនឡើង ៨,៧១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។
ក្នុងរយៈពេល ៩ ខែ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣ ប្រាក់ចំណូលសរុបសម្រេចបានចំនួន ២៦៤,៥៦៨ ពាន់លានរៀល ធ្លាក់ចុះ ០,៨១ ភាគរយ ខណៈប្រាក់ចំណេញសុទ្ធមានចំនួនជិត ១១៨ ពាន់លានរៀល កើនឡើង ២០,១៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។
ភាពប្រសើរឡើងនៃដំណើរការអាជីវកម្មនៅក្នុងអំឡុងពេលនេះគឺដោយសារតែការកើនឡើងទំនិញកុងតឺន័រ និងទំនិញឆ្លងកាត់។ បរិមាណកុងតឺន័រឆ្លងកាត់មានចំនួន ២០៧ ៩០៧ TEUs (ឯកតាសមមូល ២០ ហ្វីត) កើនឡើង ១៦ ៤៧៩TEUs ស្មើនឹង ៨,៦១ ភាគរយធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ ២០២២។
ខណៈប្រាក់ចំណូលរបស់ PAS ក្នុង ១ ហ៊ុនមានចំនួន ២៥៦,៤៧ រៀលក្នុងត្រីមាសទី៣ ឆ្នាំ ២០២៣ នេះ។ គិតត្រឹមដំណាច់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣ ទ្រព្យសកម្មសរុបមានចំនួន ១,៥០៨ ប៊ីលានរៀល កើនឡើង ៥,៨១ ភាគរយ និងភាគហ៊ុនសរុបមានចំនួនជាង ៩៦៨ ពាន់លានរៀល កើនឡើង ១២,០៦ ភាគរយ។
លោក លូ គឹមឈុន ប្រធាន PAS បានឱ្យដឹងថា កំពង់ផែរបស់លោក នឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការអាជីវកម្ម និងសេវាកម្មរបស់ខ្លួន ដើម្បីសម្រេចបានលទ្ធផលល្អបំផុតសម្រាប់ជាប្រយោជន៍ដល់ម្ចាស់ភាគហ៊ុន។
លោកថា៖ «កំពង់ផែយើងបានពង្រឹងប្រសិទ្ធភាពការងារ និងកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដើម្បីបំពេញតម្រូវការអតិថិជនដែលកំពុងកើនឡើង និងកំណើនសេដ្ឋកិច្ចដែលកើនឡើង។ ជាមួយនឹងការកើនឡើងនៃបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ ក្រុមហ៊ុនផែបានជួសជុលកំពង់ផែថ្មី (សាងសង់កាលពីឆ្នាំ១៩៦៩ មានប្រវែង ៣៥០ ម៉ែត្រ) ឱ្យក្លាយជាចំណតផែកុងតឺន័របន្ថែមដែលមានប្រវែង ២៥៣ ម៉ែត្រ ដែលបច្ចុប្បន្នមានចំណតផែ ២ តែប៉ុណ្ណោះ»។
បើយោងតាមលោក គឹម ឈុន កំពង់ផែរបស់លោកកំពុងសាងសង់ចំណតផែកុងតឺន័រថ្មី (ដំណាក់កាលទី១) ដែលមានប្រវែង ៣៥០ ម៉ែត្រ គុណនឹង ១៤,៥ ម៉ែត្រ រួមទាំងការដំឡើងគ្រឿងចក្រលើកដាក់កុងតឺន័រទំនើប ប្រភេទ (QCs)ចំនួន ៣ គ្រឿង, ប្រភេទ RTGs ចំនួន ៩ គ្រឿង, រថលើកកុងតឺន័រទទេចំនួន ២ គ្រឿង និងរថយន្តកុងតឺន័រធំចំនួន ១៦ គ្រឿង និងប្រព័ន្ធ គ្រប់គ្រងចំណតផែកុងតឺន័រស្វ័យប្រវត្តិចំនួន ១ ឈុត។
លោកបានលើកឡើងថា៖ «ចំណតផែកុងតឺន័រថ្មីនេះនឹងអនុញ្ញាតឱ្យនាវាកុងតឺន័រធំៗ នៅក្នុងតំបន់ចូលចតនៅចំណតផែកុងតឺន័ររបស់ផែបាន។ ការណ៍នេះ វានឹងជួយធ្វើឱ្យប្រសើរឡើងនៃតម្លៃដឹកជញ្ជូនតាមមហាសមុទ្រនឹងមានតម្លៃដូចបណ្ដាប្រទេសជិតខាង និងក្នុងតំបន់ដែលនឹងរួមចំណែកដល់ការសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្ម រួមជាមួយនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា»។
សម្រាប់គម្រោងនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២៥ ហើយសមត្ថភាពផ្ទុកកុងតឺន័រនឹងកើនឡើងដល់ ១ លាន TEUs ក្នុងរយៈពេល ១ ឆ្នាំ នៅពេលដែលចំណតផែកុងតឺន័រថ្មីនេះនឹងត្រូវបានដាក់ឱ្យដំណើរការសម្រាប់ប្រតិបត្តិការក្នុងឆ្នាំ ២០២៥ នាពេលដ៏ខ្លីខាងមុខនេះ៕