​ភ្នំពេញៈ អ្នកសេដ្ឋកិច្ច​មាន​សុទិដ្ឋិនិយម​ថា ការធ្វើ​ពាណិជ្ជ​កម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម នឹង​កាន់​តែមាន​កំណើន​ខ្ពស់ បន្ទាប់ពី​ការប្តេជ្ញា​នៃ​ប្រទេស​ទាំង​​ ២ ​ដើម្បី​ពង្រឹង និង​ពង្រីក​ការធ្វើ​ពាណិជ្ជកម្ម ស្រប​ពេលដែល​ការអនុវត្ត​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ ២ (Cambodia-UAE CEPA)​ ដែល​នឹង​ចូល​ជា​ធរមាន​នៅពេល​ឆាប់ៗ​។​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោកស្រី ចម និម្មល និង​រដ្ឋមន្ត្រី​ពាណិជ្ជ​កម្ម​អន្តរជាតិ​របស់​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (UAE) លោក Thani bin Ahmed Al Zeyoudi កាលពី​ថ្ងៃទី​ ២៩ ខែ​វិ​ចិ្ឆ​កា ឆ្នាំ ​២០២៣ នៅ​រដ្ឋធានី​អា​ប៊ុ​យ​​ដា​ប៊ី​ (​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​) បាន​ជួបពិភាក្សា​ពី​ការពង្រឹង និង​ពង្រីក​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី រួមទាំង​លទ្ធភាព​នៃ​ការទាញយក​ប្រយោជន៍​ពី​ការអនុវត្ត​កិច្ច​​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង​ ២ (Cambodia-UAE CEPA )​ដែល​គ្រោង​នឹង​ចូល​ជា​ធរមាន​នាពេលខាងមុខ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ធ្វើឡើង​ស្របពេល​កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ត្រៀម​អនុវត្ត Cambodia-UAE CEPA នាពេលខាងមុខ បន្ទាប់ពី​កិច្ចព្រមព្រៀង​នេះ​បាន​ចុះ​ហត្ថលេខា​ជា​ផ្លូវការ កាលពី​ថ្ងៃទី​ ៨ ខែមិថុនា ឆ្នាំ ​២០២៣​។​

​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ៣០ ខែវិច្ឆិកា​ថា អេ​មី​រ៉ា​ត​អារ៉ាប់​រួម គឺជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន និង​មាន​ជំនាញ​លើ​វិស័យ​ធនធាន​ប្រេង និង​ឧស្ម័ន ដូច្នេះ​វា​ជា​ឱកាស​របស់​កម្ពុជា​ក្នុងការ​ចាប់យក​ចំណែក​ទីផ្សារ​នាំចេញ​ផលិតផល​របស់ខ្លួន​ពិសេស​ផលិតផល​កសិកម្ម និង​វាយ​ន​ភណ្ឌ ព្រមទាំង​ចំណេះដឹង​ផ្នែក​រុករក​ប្រេង និង​ឧស្ម័ន ពី​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ផងដែរ​។ កិច្ច​​ព្រមព្រៀង​នេះ ក៏​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​​ទេសចរ​ពី​តំបន់​អារ៉ាប់​ឱ្យ​ចូលមក​ប្រទេស​កម្ពុជា​ផងដែរ​។

លោក​បន្តថា ទោះ​ពេលនេះ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ក៏ដូចជា​ជាមួយ​បណ្តា​ប្រទេស​នៅ​តំបន់​អារ៉ាប់​នៅមានកម្រិត​តិចតួច ប៉ុន្តែ​វា​នឹងមាន​ទំហំ​កាន់តែ​ធំ​នៅពេល​កិច្ច​ព្រម​​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ចូល​ជា​ធរមាន​។​

​លោក​និយាយថា​៖ «​ខ្ញុំ​រំពឹងថា នៅពេល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន វា​នឹង​ក្លាយជា​ច្រកទ្វារ​ដ៏​ធំ​សម្រាប់​ការនាំ​ចេញ​កសិផល​កម្ពុជា​ទៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អារ៉ាប់​ផងដែរ​»​។​

​លោក​លើកឡើង​ទៀតថា ទន្ទឹមនឹងនេះ​កម្ពុជា​ក៏​ត្រូវតែ​សិក្សា​ឱ្យបាន​លម្អិត​ពី​ប្រភេទ​ផលិតផល​ដែលមាន​តម្រូវការ​ខ្ពស់​នៅ​ទីនោះ ដើម្បី​សិក្សា​ពី​លទ្ធភាព​ដាំ​ដុះ ឬ​កែច្នៃ ត្រៀម​នាំចេញ​ក្រោម​លក្ខខណ្ឌ​ពិសេស​។​

​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុ​វិជាតិ ធ្លាប់​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​កម្ពុជា ហើយ​វា​នឹងមាន​វិសាលភាព​ធំ​ជាង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ដែល​ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​ចិន ប្រទេស​កូរ៉េ កន្លងមក ព្រោះ​កម្ពុជា​បាន​បញ្ចូល​ធាតុ​សំខាន់ៗ​មួយចំនួន​សម្រាប់​ការនាំចេញ​ទំនិញ​ទៅ​ទីផ្សារ​ប្រទេស​អារ៉ាប់​រួម ដែលមាន​ដូចជា ផលិតផល​កសិកម្ម អាហារ​ហា​ឡា​ល់ និង​ប្រភេទ​អាហារ​កែច្នៃ​ហា​ឡា​ល់ ដែល​ធ្វើ​អំពី​សាច់គោ និង​មាន់ ជាដើម​។​

​លោក​និយាយថា​៖ «​នៅពេល​កិច្ច​ព្រម​ព្រៀង​នេះ​ចូល​ជា​ធរមាន គឺ​វា​មិន​ត្រឹមតែ​បើក​ច្រក​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តាមរយៈ​នេះ ផលិតផល​កម្ពុ​ជាមួយ​ចំនួន​ក៏​អាច​នឹងត្រូវ​បញ្ជូនទៅ​លក់​បន្ត​នៅ​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​តំបន់​អ្រា​ហ្វិ​ក​ផង​ដែរ​។ អារ៉ាប់​រួម អាច​ក្លាយជា​ច្រក​សំខាន់​មួយ​សម្រាប់​ការនាំចេញ​ទំនិញ​កម្ពុជា​ទៅ​តំបន់​មជ្ឈិមបូព៌ា ឬ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាហ្រ្វិក​។

លោក​ថា បច្ចុប្បន្ន​កម្ពុជា​ក៏បាន​នាំចេញ​ផលិតផល​មួយចំនួន​ទៅ​ប្រទេស​អារ៉ាប់​ផងដែរ​ដូចជា ស្បែកជើង គ្រឿងបន្លាស់ និង​គ្រឿង​បង្គុំ ជាដើម​។​

​យោងតាម​ក្រសួងពាណិជ្ជកម្ម ក្នុង​ឆ្នាំ ២០២១ ការធ្វើ​ពាណិជ្ជកម្ម​ទំនិញ​រវាង​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម មាន​ទឹកប្រាក់​សរុប ១៥១​​ លាន​ដុល្លារ កើនឡើង ៥៣ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​​ ២០២០​។ មុខ​ទំនិញ​សំខាន់ៗ សម្រាប់​ពាណិជ្ជកម្ម​ទ្វេភាគី​រួមមាន សម្លៀកបំពាក់ ស្បែក​ជើង កង់ ផលិតផល​ធ្វើដំណើរ ថ្នាំជក់ អង្ករ បរិ​ធាន​អគ្គិសនី និង​បង្គុំ​យានយន្ត ជ័រកៅស៊ូ​ក្រាលផ្លូវ​ថ្នល់ ស្ករ​ចម្រាញ់​ចេញពី​មើម​រុក្ខជាតិ ចំណី​សត្វ ប្រេង ប្លា​ស្ទិ​ក យានយន្ត និង​ក្រដាស​៕