ភ្នំពេញៈ គម្រោងវិនិយោគឯកជនចំនួន ២១ ដែលមានទុនវិនិយោគជាង ៦០០លានដុល្លារត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យវិនិយោគនៅកម្ពុជា ដែលក្នុងនោះជាង ៨០ភាគរយមានប្រភពពីវិនិយោគិនក្នុងស្រុក។ នេះបើយោងតាម CDC។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីចុងសប្តាហ៍បានឱ្យដឹងថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ CDC បានអនុម័តលើគម្រោងវិនិយោគថ្មីចំនួន ២១ ដែលមានទុនវិនិយោគសរុបជិត ៦១៩លានដុល្លារ និងបង្កើតការងារបានជិត ២២ពាន់កន្លែង។ ក្នុងទឹកប្រាក់ខាងលើ គឺប្រភពទុនពីវិនិយោគិនខ្មែរ បានគ្របដណ្តប់ ៨២,៩ភាគរយ និងជាង ១៧ភាគរយ ជាវិនិយោគិនចិន។
យោងតាម CDC គម្រោងវិនិយោគដែលមានភាពលេចធ្លោក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ មានដូចជា គម្រោងសាងសង់វារីអគ្គិសនី ចំនួន ២កន្លែង នៅខេត្តកោះកុង មានអានុភាព សរុប ១៧០ មេហ្គាវ៉ាត់ គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០ មេហ្គាវ៉ាត់ នៅខេត្តស្វាយរៀង, និងគម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅរាជធានីភ្នំពេញ។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១០ ខែធ្នូថា ការទទួលបានកំណើនការមកបណ្តាក់ទុនជាបន្តបន្ទាប់នេះកើតឡើងពីកត្តារួមផ្សំមួយចំនួនដូចជា ភាពអំណោយផលនៃទីតាំងភូមិសាស្ត្រ ច្បាប់វិនិយោគមានលក្ខណៈអំណោយផល និងមានទីផ្សារអន្តរជាតិច្រើនចាំទទួលទិញទំនិញកម្ពុជាក្រោមលក្ខខណ្ឌពន្ធពិសេស។ បន្ថែមលើនេះកម្ពុជា ក៏ជាប្រទេសមានកម្លាំងពលកម្មវ័យក្មេង និងជំនាញច្រើន និងមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្បូរបែបផងដែរ។
លោកបន្តថា ចំនួនរោងចក្រ/សហគ្រាសនៅកម្ពុជាត្រូវបានរំពឹងថា នឹងកើនឡើងខ្ពស់បន្ថែមទៀតនៅពេលសេដ្ឋកិច្ច និងនយោបាយពិភពលោកល្អប្រសើរឡើងវិញ។
លោកបានថ្លែងថា៖«បន្តិចម្តងៗកម្ពុជាបានក្លាយជាប្រភពផ្គត់ផ្គង់ទំនិញទៅទីផ្សារអន្តរជាតិកាន់តែច្រើន ខុសគ្នាកាលពីមុនដែលពឹងផ្អែកលើការនាំចូលដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក»។
លោកបន្តថា កំណើនការវិនិយោគផ្ទាល់ គឺមិនត្រឹមតែជួយបង្កើនការងារ និងនាំចំណូលចូលជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយលើកកម្ពស់មុខមាត់ប្រទេស និងជួយឱ្យរដ្ឋាភិបាលឈានទៅសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០ ផងដែរ។
ទោះយ៉ាងណាអ្នកសេដ្ឋកិច្ចរូបនេះបានលើកទឹកចិត្តឱ្យរដ្ឋាភិបាល និងផ្នែកឯកជននៅកម្ពុជាត្រូវខិតខំបន្ថែមទៀតដើម្បីទាក់ទាញក្រុមហ៊ុនធំៗនិងក្រុមហ៊ុនប្រើប្រាស់បច្ចេកវិទ្យាទំនើបៗចូលមកបណ្តាក់ទុនឱ្យបានច្រើន។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) លោក លឹម ហេង បាននិយាយថា សភាពាណិជ្ជកម្មកម្ពុជាដែលតំណាងឱ្យផ្នែកឯកជននៅកម្ពុជា កន្លងមកបានបើកការិយាល័យតំណាងរបស់ខ្លួននៅប្រទេសមួយចំនួនដូចជា កាណាដា ជប៉ុន និងអូស្ត្រាលីដើម្បីបង្កើនសក្តានុពលក្នុងការទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកបណ្តាក់ទុកផ្ទាល់នៅកម្ពុជាកាន់តែច្រើន។
លោកបន្តថា ការិយាល័យតំណាង CCC មិនត្រឹមតែជាកន្លែងផ្តល់ព័ត៌មានស្តីពីច្បាប់ និងសក្តានុពលវិនិយោគនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយស្វែងរកទីផ្សារឱ្យទំនិញកម្ពុជាទៅក្រៅប្រទេសផងដែរ។
លោកនិយាយថា៖«ស្ថិភាពនយោបាយ កំណើនសេដ្ឋកិច្ចរឹងមាំ កម្លាំងពលកម្មសម្បូរនិងមានតម្លៃសមរម្យ និងភាពអំណោយផលនៃច្បាប់វិនិយោគ បានជួយឱ្យកម្ពុជាទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនក្នុងស្រុក និងក្រៅស្រុកឱ្យបណ្តាក់ទុនកាន់តែច្រើន»។
កាលពីថ្ងៃទី៦ ខែធ្នូ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងពេលជួបពិភាក្សាជាមួយវិនិយោគិនដែលមានបំណងវិនិយោគក្នុងវិស័យថាមពលបៃតង (អគ្គិសនី) លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពឱ្យបានច្បាស់ហើយធ្វើការឱ្យបានជិតស្និទ្ធជាមួយតួអង្គពាក់ព័ន្ធសម្រាប់ទទួលបានការគាំទ្រសម្រាប់ការវិនិយោគក្នុងវិស័យថាមពលបៃតងនេះ ដោយហេតុថា វិស័យថាមពលបៃតង ជាវិស័យដែលរាជរដ្ឋាភិបាលបានចាត់ទុកជាអាទិភាពនៅក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និង ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងទទួលបានការលើកទឹកចិត្តជាធរមានស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។
លោកបាននិយាយថា៖«ខ្ញុំមានជំនឿចិត្តថាគណៈប្រតិភូនឹងពិនិត្យលទ្ធភាពច្បាមយកឱកាសដើម្បីចាប់យកទីផ្សារដែលពោរពេញដោយថាមវន្ត ក៏ដូចជាធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីទទួលបានការអនុញ្ញាតវិនិយោគក្នុងវិស័យប្រកបដោយនវានុវត្តន៍នេះ»៕