ភ្នំពេញៈ កម្ពុជា-បារាំង ចាប់ផ្តើមបើកផ្លូវចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ច និងលំហូរវិនិយោគរវាងប្រទេសទាំង ២ ឱ្យកាន់តែមានកំណើនបន្ថែមទៀត។
កាលពីថ្ងៃទី ៧ ខែធ្នូ អគ្គនាយកដ្ឋានពន្ធដារ (GDT) ដឹកនាំដោយ លោកស្រី ប៊ុន នារី អគ្គនាយករងនៃ GDT បានរៀបចំកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ជុំទី១ ជាមួយភាគីបារាំង ដឹកនាំដោយលោក Florian De Filippo ប្រធានអង្គភាពសន្ធិសញ្ញានៃក្រសួងហិរញ្ញវត្ថុបារាំង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ GDT។
លោកស្រី ប៊ុន នារី បានបង្ហាញការស្វាគមន៍ចំពោះការបើកផ្លូវចរចា DTA រវាងប្រទេសទាំង ២ ដែលនេះជាដំណើរវិវឌ្ឍន៍មួយទៀតក្នុងការរួមចំណែកដល់កិច្ចសហប្រតិបត្តិការផ្នែកពន្ធដារ ជាពិសេសដើម្បីលើកកម្ពស់ការវិនិយោគ។
លោកស្រីបានថ្លែងថា ការណ៍ដែលនាំឱ្យមានការរៀបចំកិច្ចចរចាកិច្ចព្រមព្រៀង DTA ជុំទី១ នេះ ដោយផ្តើមចេញពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងហិរញ្ញវត្ថុសាធារណរដ្ឋបារាំងមកអគ្គនាយកដ្ឋានពន្ធដារកាលពីខែមេសា ឆ្នាំ ២០២២ និងនៅក្រោមការសម្របសម្រួលពីតំណាងស្ថានទូតបារាំងប្រចាំនៅកម្ពុជា។
លោកស្រីថ្លែងថា៖ «យើងមានជំនឿដ៏មុតមាំថា កិច្ចព្រមព្រៀង DTA កម្ពុជា-បារាំងនឹងក្លាយជាឧបករណ៍ថ្មីមួយថែមទៀតក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីផ្នែកពន្ធដារ ព្រមទាំងជំរុញការវិនិយោគរវាងប្រទេសទាំង២»។
យោងតាម GDT ភាគីទាំង ២ បានបង្ហាញជំហរក្នុងការពន្លឿនការចរចានេះ ដោយបានយល់ព្រមបន្តការពិភាក្សាលម្អិតលើគ្រប់មាត្រាទាំងអស់នៃសេចក្តីព្រាងកិច្ចព្រមព្រៀងនេះ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) បានលើកឡើងថា ចំពោះសារៈសំខាន់នៃកិច្ចព្រមព្រៀង DTA គឺមានសារៈសំខាន់ដល់វិនិយោគិន ជាពិសេសអ្នកដែលមកពីប្រទេសដែលធ្វើពាណិជ្ជកម្មធំៗជាមួយកម្ពុជា។
លោកប្រាប់ថា៖ «ក្រោមកិច្ចព្រមព្រៀងនេះ អ្នកវិនិយោគគឺបង់ពន្ធលើប្រាក់ចំណេញត្រឹមតែ ១០ ភាគរយប៉ុណ្ណោះបើធៀបនឹងការបង់ ១៤ ភាគរយដែលជាអត្រាជាប់ពន្ធបើសិនជាយើងពុំមានកិច្ចព្រមព្រៀង DTA នេះជាមួយគ្នា។ ដូច្នេះការបន្តកិច្ចព្រមព្រៀងបែបនេះទៅប្រទេសកាន់តែច្រើននឹងជួយជំរុញការវិនិយោគជាមួយប្រទេសដែលបានចុះហត្ថលេខានោះកាន់តែច្រើនដែរ»។
យោងតាមសភាពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា-បារាំង (CCIFC) បច្ចុប្បន្នមានសមាជិកភាពរួមមានក្រុមហ៊ុនបារាំងចំនួន ១៥០ ខណៈការស្ទង់មតិផ្នែកទីប្រឹក្សាពាណិជ្ជកម្មបរទេសបារាំងប្រចាំនៅកម្ពុជាបានរកឃើញថា មានក្រុមហ៊ុនបារាំងជាង ៥០០ កំពុងធ្វើអាជីវកម្មនៅកម្ពុជា។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង ក្នុងឆ្នាំ ២០២២ មានតម្លៃ ៥៤២,៣៧ លានដុល្លារ កើនជិត ៣០ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមាន ៤៣០,៧១ ដុល្លារ។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅប្រទេសបារាំង ៤២៣,១៣ លានដុល្លារ កើន ២៧,៩ ភាគរយ និងការនាំចូល ១១៩,២៤ លានដុល្លារ កើនឡើង ១៩,៤ ភាគរយ៕