ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) គ្រោងនឹងធ្វើការប្រមូលមូលនិធិប្រមាណ ២៨ ពាន់លានរៀល ពីការបោះផ្សាយមូលបត្របំណុលរដ្ឋ តាមរយៈផ្លេតហ្វមរបស់ធនាគារជាតិនៃកម្ពុជា ដែលជាកិច្ចខិតខំប្រឹងប្រែងប្រមូលមូលនិធិបន្ថែមទៀតពីទីផ្សារមូលធនសម្រាប់ការវិនិយោគសាធារណៈ។
យោងតាមសេចក្តីជូនដំណឹងរបស់ MEF ស្តីពីទីផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ខ្លួននឹងបោះលក់មូលបត្របំណុលចំនួន ២៨ ០០០ យូនីត ជាមួយនឹងតម្លៃចារឹក ១ លានរៀល ក្នុង ១ យូនីត ដែលមានឥណប្រតិទានរយៈពេល ២ ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ និងអត្រាការប្រាក់ចំនួន ៤ ភាគរយក្នុង១ឆ្នាំខណៈពេលដែលការទូទាត់អត្រាការប្រាក់ធ្វើឡើងពីរដង។
អ្នកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារនៃ ផ.ម.ក. បានឱ្យដឹងថា ជាមួយនឹងការចេញលក់មូលបត្របំណុលដោយរដ្ឋាភិបាលនេះ បង្ហាញពីវឌ្ឍនភាពនៃទីផ្សារមូលធនដែលអាចបម្រើជាប្រភពមូលនិធិថ្មីៗ សម្រាប់ទាំងវិស័យសាធារណៈ និងឯកជន ដើម្បីគាំទ្រការវិនិយោគ ឬអាជីវកម្មរបស់ពួកគេ។
អ្នកស្រីលើកឡើងថា៖ «ទីផ្សារមូលធនកម្ពុជាបានឈានទៅដំណាក់កាលមួយទៀតនៃការអភិវឌ្ឍជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធពេញលេញ និងគ្រប់គ្រាន់។ ទីផ្សារមូលបត្របំណុលរដ្ឋាភិបាលមានសារៈសំខាន់ និងមានប្រយោជន៍ចំពោះគ្រប់ភាគីពាក់ព័ន្ធ»។
«វាផ្តល់ជម្រើសហិរញ្ញប្បទានបន្ថែមដល់រដ្ឋាភិបាល ជម្រើសវិនិយោគបន្ថែមដល់វិនិយោគិនស្ថាប័ន ឧបករណ៍ហិរញ្ញវត្ថុបន្ថែមសម្រាប់ការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុប្រកបដោយប្រសិទ្ធភាព ស្តង់ដាសម្រាប់គ្រប់ផលិតផលហិរញ្ញវត្ថុ និងកត្តាវិជ្ជមានជាច្រើនទៀត»។ នេះបើយោងតាមអ្នកស្រី នីតា។
កាលពីពាក់កណ្តាលខែមករា ក្រសួងហិរញ្ញវត្ថុបានបង្ហាញផែនការលក់មូលបត្របំណុលរដ្ឋក្នុងតម្លៃ ៨១៣ ពាន់លានរៀល (២០០ លានដុល្លារ) សម្រាប់ឆ្នាំនេះ ដែលបោះផ្សាយមូលបត្របំណុលជាច្រើនដង។
ក្រសួងបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា NBC និង CSX ត្រូវបានជ្រើសរើសជាភ្នាក់ងារសម្រាប់ចេញលក់មូលបត្របំណុលនេះ ដែលមានតម្លៃភាគហ៊ុនដែលមានតម្លៃ ១ លានរៀលក្នុង១ឯកតា និងការទូទាត់អត្រាការប្រាក់ពាក់កណ្តាលប្រចាំឆ្នាំ៕