ភ្នំពេញ: កម្មករប្រមាណ ១ លាននាក់ក្នុងវិស័យកាត់ដេរនៅក្នុងប្រទេសផលិតសម្លៀកបំពាក់ចំនួន ៤ រួមមាន ប្រទេសកម្ពុជា វៀតណាម ឥណ្ឌូនេស៊ី និងឥណ្ឌា បានទទួលអត្ថប្រយោជន៍ពីកម្មវិធីសុវត្ថិភាពកម្មកររបស់ IDH សម្រាប់វិស័យកាត់ដេរ ដែលជាគំនិតផ្តួចផ្តើមសុវត្ថិភាព ជីវិត និងអគារ (LABS)។
LABS បានដំណើរការនៅក្នុងប្រទេសឥណ្ឌា និងវៀតណាមចាប់តាំងពីឆ្នាំ ២០១៩ មក ដែលមានកម្មករជាង ៥៧២ ០០០ នាក់បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ។ គំនិតផ្តួចផ្តើមនេះបានពង្រីកមកកាន់ប្រទេសកម្ពុជា កាលពីខែឧសភា ឆ្នាំ ២០២២ ។
«LABS Initiative គឺជាកម្មវិធីដែលជំរុញដោយឧស្សាហកម្មសហការគ្នា ដែលមានបំណងលើកកម្ពស់អាយុជីវិត និងការបង្កើតស្តង់ដាសុវត្ថិភាពនៅក្នុងឧស្សាហកម្មសម្លៀកបំពាក់ ស្បែកជើង និងផលិតផលប្រើប្រាស់ផ្សេងៗ។ កម្មវិធីនេះ ផ្តោតលើការបង្កើតលក្ខខណ្ឌការងារកាន់តែមានសុវត្ថិភាពជាងមុនសម្រាប់កម្មកររោងចក្រ ខណៈពេលវាក៏ចូលរួមកាត់បន្ថយហានិភ័យសុវត្ថិភាពនានារួមមាន អគ្គិភ័យ គ្រោះថ្នាក់អគ្គិសនី និងបញ្ហារចនាសម្ព័ន្ធនៃរោងចក្រ»។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ IDH នៅថ្ងៃទី ៨ ខែធ្នូ។
លោក Pramit Chanda នាយកទទួលបន្ទុកសកលសម្រាប់វាយនភណ្ឌ និងផលិតកម្មនៅ IDH បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបង្កើតឥទ្ធិពលជាវិជ្ជមានរយៈពេលយូរអង្វែងលើជីវិតរបស់កម្មករ និងលើកកម្ពស់វប្បធម៌សុវត្ថិភាពនៅក្នុងឧស្សាហកម្មមួយនេះ។
លោក Chanda ថ្លែងថា៖ «ខណៈពេលដែលអបអរសាទរសមិទ្ធផលនេះ IDH ទន្ទឹងរង់ចាំក្នុងការពង្រីកការសម្រេចបានគំនិតផ្តួចផ្តើមរបស់ LABS ដើម្បីធ្វើឱ្យមានឥទ្ធិពលកាន់តែខ្លាំងនាពេលអនាគត»។
លោក Emerald Am អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ LABS Cambodia បានថ្លែងនៅក្នុងសិក្ខាសាលានាពេលថ្មីៗនេះថា បញ្ហាសុវត្ថិភាពត្រូវបានធ្វើឱ្យប្រសើរឡើងដល់រោងចក្រជាង ១០០ ដែលបានបញ្ចប់កម្មវិធីនេះ។
លោកថ្លែងថា៖«យើងមានរោងចក្រជិត ៥០០ នៅក្នុងប្រទេសចំនួន ៤។ វាមានសារៈសំខាន់ចំពោះក្រុមហ៊ុនដែលជាម្ចាស់ម៉ាកយីហោ ឬក្រុមហ៊ុនលក់រាយដើម្បីធានាសុវត្ថិភាពនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេ ដែល LABS ដំណើរការនៅក្នុងប្រទេសឥណ្ឌា វៀតណាម កម្ពុជា និងឥណ្ឌូនេស៊ី កាត់បន្ថយហានិភ័យអគ្គិសនី អគ្គិភ័យ និងសុវត្ថិភាពរចនាសម្ព័ន្ធនានា»។
លោក គង់ សាង ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរនៅកម្ពុជា បានឱ្យដឹងនៅក្នុងកម្មវិធីមួយកាលពីខែសីហាថា ប្រទេសកម្ពុជាមានរោងចក្រចំនួន ១ ០៧៧ ក្នុង នោះរោងចក្រកាត់ដេរចំនួន ៨០២ រោងចក្រផលិតស្បែកជើងចំនួន ១៤០ និងផលិតទំនិញសម្រាប់ធ្វើដំណើរចំនួន ១៣៤។ រោងចក្រទាំងនោះ មានកម្មករសរុប ៧៦៤ ៣៥៨ នាក់។
លោក បានលើកឡើងពីបញ្ហាប្រឈមទូទៅដែលវិស័យកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរកំពុងជួបប្រទះ។ វិស័យកាត់ដេរ និងទំនិញធ្វើដំណើរនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា។ នៅឆ្នាំ ២០២២ តម្លៃនាំចេញនៃវិស័យនេះសម្រេច បាន ១២,៥ ពាន់លានដុល្លារ ស្មើនឹងជិត ៦០ ភាគរយនៃតម្លៃនាំចេញសរុបរបស់កម្ពុជា និងស្មើនឹង ១០ ភាគរយនៃសេដ្ឋកិច្ចកម្ពុជា។
លោកបានថ្លែងពន្យល់ទៀតថា ដើម្បីធានាបាននូវការស្ទុះងើបឡើងវិញ និងអំពីការប្រកួតប្រជែងរបស់ខ្លួន ជាពិសេសជាមួយប្រទេសវៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងបង់ក្លាដែស វាមានសារៈសំខាន់ណាស់ដែលបញ្ហាប្រឈមមួយចំនួនត្រូវបានធ្វើការដោះស្រាយរួមមាន តម្លៃពលកម្ម និងដឹកជញ្ជូន ផលិតភាព ការសម្របសម្រួលផ្នែកពាណិជ្ជកម្ម ពន្ធ ការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្មទាំងអស់ត្រូវតែដោះស្រាយ រួមជាមួយនឹងនិរន្តរភាពសង្គម និងបរិស្ថានផងដែរ៕