ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាក្នុងត្រីមាសទី៣ ឆ្នាំ ២០២៣ បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានាក្នុងទឹកប្រាក់ជិត ២៣០ លានដុល្លារអាមេរិក ដែលធ្វើឱ្យសន្និធិបំណុលសាធារណៈរបស់កម្ពុជា គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ ២០២៣ មានជាង ១០,៧ ពាន់លានដុល្លារអាមេរិក ក្នុងនោះជាង ៩៩ ភាគរយ ជាបំណុលសាធារណៈក្រៅប្រទេស។ ជាមួយនឹងឥណទានខាងលើរដ្ឋាភិបាលក៏បានទូទាត់សេវាបំណុលចំនួនជាង ១៩០ លានដុល្លារអាមេរិកផងដែរ។
អ្នកសេដ្ឋកិច្ចនិយាយថា រដ្ឋាភិបាលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសងត្រឡប់ ហើយឥណទានទាំងនោះក៏ត្រូវបានប្រើប្រាស់ចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ផងដែរ។
ឯកសារព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយកាលពីចុងសប្តាហ៍មុន បានឱ្យដឹងថា ដោយគិតទាំងបំណុលមរតក គឺនៅត្រឹមដំណាច់ត្រីមាសទី ៣ ឆ្នាំ ២០២៣ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១០,៧២ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៩,៥ ភាគរយត្រូវនឹងប្រមាណ ១០,៦៧ ពាន់លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ ៦៤ ភាគរយ និងក្របខ័ណ្ឌពហុភាគីប្រមាណ ៣៦ភាគរយ) និង ០,៥ ភាគរយ ត្រូវនឹងប្រមាណ ៥១,៩៩ លានដុល្លារអាមេរិកជាបំណុលសាធារណៈក្នុងប្រទេស។
យោងតាមឯកសារខាងលើ ក្នុងត្រីមាសទី៣ ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានាសរុប ២២៨,០៧លានដុល្លារអាមេរិក សមមូលនឹង ១៧៣,០៧ លានអេសដេអ៊ែរ។ សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ ២០២៣ រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងសម្បទានថ្មីជាមួយនឹងដៃគូអភិវឌ្ឍន៍នានាសរុប ១ ពាន់លានដុល្លារអាមេរិក សមមូលនឹង ៧៦២,៥២ លានអេសដេអ៊ែរ ស្មើប្រមាណ ៤៥ ភាគរយនៃពិតានដែលច្បាប់អនុញ្ញាត (១ ៧០០ លានអេសដេអ៊ែរ) ក្នុងនោះក្របខ័ណ្ឌទ្វេភាគីមានប្រមាណ ៤៥ ភាគរយ និងក្របខ័ណ្ឌពហុភាគី ៥៥ ភាគរយ។ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ គឺការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីសរុបក្នុង ៣ ត្រីមាសដំបូងឆ្នាំ ២០២៣ មានការថយចុះ ១៧ ភាគរយ។
ឯកសារបញ្ជាក់ថា៖ «ជារួមឥណទានទាំងនេះសុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៤៣ ភាគរយ។ គោលដៅការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាព ផលិតកម្ម»។
ទន្ទឹមនឹងការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានា នៅក្នុងត្រីមាសទី៣ ឆ្នាំ ២០២៣ រដ្ឋាភិបាលក៏បានទូទាត់សេវាបំណុលចំនួន ១៩០,២ លានដុល្លារអាមេរិក។ សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលសរុប ៤៣៧,៥៦ លានដុល្លារអាមេរិក។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១១ ខែធ្នូថា ពាក្យថាបំណុលវាមិនមែនជារឿងល្អឡើយ ប៉ុន្តែសម្រាប់ក្របខ័ណ្ឌប្រទេស ជាពិសេសប្រទេសក្រីក្រ ឬកំពុងអភិវឌ្ឍន៍ដែលកំពុងខិតខំបង្កើនឧត្តមភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ គឺសុទ្ធតែត្រូវការឥណទានជាចាំបាច់យកមកជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការកសាងសមត្ថភាពធនធានមនុស្ស ការវិនិយោគសាធារណៈដើម្បីបង្កើតការងារ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាដើម។
លោកបន្តថា ជាក់ស្តែងឥណទានដែលកម្ពុជាបានទទួលពីដៃគូទាំងទ្វេភាគី និងពហុភាគី នាពេលនេះ គឺត្រូវបានរាជរដ្ឋាភិបាលយកទៅប្រើលើមុខព្រួញចាំបាច់ និងចំគោលដៅយ៉ាងមានប្រសិទ្ធភាព។
លោកពន្យល់ថា មុននឹងផ្តល់ឥណទាន គឺម្ចាស់បំណុលតែងធ្វើការពិនិត្យយ៉ាងលម្អិតលើលក្ខខណ្ឌចម្បងៗមួយចំនួនដូចជា កម្មវត្ថុនៃការប្រើប្រាស់ឥណទាន, ពិតានបំណុល, នីតិវិធីសង, ប្រវត្តិនៃការសងបំណុល, និងសមត្ថភាពក្នុងការសងត្រឡប់ ជាដើម។
លោកថ្លែងថា៖ «ខ្ញុំគិតថារដ្ឋាភិបាលកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសងត្រឡប់ទៅឱ្យម្ចាស់បំណុលវិញតាមកាលកំណត់ ព្រោះមុននឹងផ្តល់ឥណទាន ម្ចាស់បំណុលក៏បានសិក្សា និងធ្វើការព្យាកររួចហើយ»។
យោងតាមលោក វណ្ណៈ ជាមួយនឹងការដាក់ចេញផែនការយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការនាំប្រទេសឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០ លោកជឿថា ឥណទានដែលកម្ពុជាកំពុងមាននៅពេលនេះនឹងមិនក្លាយជាឧបសគ្គនាពេលអនាគតឡើយ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ធ្លាប់បានអះអាងថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជានៅតែត្រូវបានវាយតម្លៃថាស្ថិតក្នុងភាពអាចគ្រប់គ្រងបានពោលគឺនៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» ដដែល ទោះបីទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ ១៩ និងកត្តាខាងក្រៅក្តី។
លោកអះអាងថា៖ «ការរក្សាបានចីរភាពបំណុលសាធារណៈ គឺអាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយរឹងមាំ ដែលមានជាអាទិ៍ ១. ក្របខ័ណ្ឌគតិយុត្ត, ២. គោលនយោបាយ, យុទ្ធសាស្ត្រ និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ, ៣. សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់ និង ៤. ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល។ល។»។
របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលចេញផ្សាយកាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៣ បានព្យាករថា បំណុលទូទៅសរុបរបស់រដ្ឋាភិបាលកម្ពុជានឹងកើនឡើងដល់ ៣៧,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២៣ នេះ ដោយកើនពី ៣៦,៥ ភាគរយក្នុងឆ្នាំ ២០២២ ដែលជាអត្រាមួយទាបជាងប្រទេសសមាជិកអាស៊ានជាច្រើន។
របាយការណ៍បង្ហាញថា បំណុលសរុបរបស់រដ្ឋាភិបាលបានព្យាករថា នឹងកើនឡើងដល់ ៣៧,៥ ភាគរយ នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២៣ ដែលទាបជាងប្រទេសឡាវដែលបានព្យាករក្នុងចំនួន ១២៣ ភាគរយ, មីយ៉ាន់ម៉ា ៦១,៣ ភាគរយ, សិង្ហបុរី ១៣៤,៥ ភាគរយ, ថៃ ៦១ ភាគរយ, ម៉ាឡេស៊ី ៦៧ ភាគរយ, ឥណ្ឌូនេស៊ី ៣៩,១ ភាគរយ និងហ្វីលីពីន ៥៦,៧ ភាគរយ ប៉ុន្តែខ្ពស់ជាងវៀតណាម គឺ ៣៦,៣ ភាគរយ ខណៈប្រ៊ុយណេ គ្មានបំណុល៕