ភ្នំពេញ: ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ១១ ខែដើមឆ្នាំ ២០២៣ មានទឹកប្រាក់សរុបជាង ២០ ពាន់លានដុល្លារ កើនឡើងតិចតួចបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈឱនភាពជញ្ជីងទូទាត់អន្តរជាតិរបស់កម្ពុជាបានបង្ហាញភាពល្អប្រសើរដោយធ្លាក់ចុះពីជាង ៣ ពាន់លានដុល្លារ មកនៅត្រឹមជាង ១,៥ ពាន់លានដុល្លារ។ យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
យោងតាម GDCE ចន្លោះពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសដៃគូពាណិជ្ជកម្មទាំងអស់ ក្នុងទឹកប្រាក់សរុប ២០,៤៩ ពាន់លានដុល្លារ កើនឡើង ១,២ ភាគរយពីចំនួន ២០,២៤ ពាន់លានដុល្លារនារយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ខណៈទំនិញដែលកម្ពុជានាំចូលពីក្រៅប្រទេស មានទឹកប្រាក់ ២២ ពាន់លានដុល្លារ ធ្លាក់ចុះ ៥,៤ ភាគរយពីចំនួន ២៣,២៧ ពាន់លានដុល្លារ។
ជាមួយគ្នានេះដែរទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់សរុប ៤២,៥ ពាន់លានដុល្លារ ធ្លាក់ចុះ ២,៣ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមាន ៤៣,៥១ ពាន់លានដុល្លារ។
ចំនួនទឹកប្រាក់នាំចេញ-នាំចូលទំនិញនេះបានធ្វើឱ្យជញ្ជីងពាណិជ្ជកម្មកម្ពុជា រយៈពេល ១១ ខែ ឆ្នាំ ២០២៣ មានឱនភាពប្រមាណ ១,៥ ពាន់លានដុល្លារ មានភាពល្អប្រសើរជាងរយៈពេល ១១ ខែ ឆ្នាំ២០២២ ដែលមានឱនភាពរហូតដល់ ៣,០២ ពាន់លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១១ ខែវិច្ឆិកាថា ទោះបីអត្រាកំណើនចំនួនទឹកប្រាក់នាំចេញទំនិញកម្ពុជាមានចំនួនទាបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ប៉ុន្តែគេត្រូវដឹងថា នេះជាការបោះជំហានទៅមុខដ៏ល្អក្នុងបរិបទដែលនយោបាយ និងសេដ្ឋកិច្ចពិភពលោកមិនទាន់មានស្ថិរភាព។
ម្យ៉ាងទៀតគេដឹងថា ក្នុងដំណាក់កាលដែលប្រាក់ចំណូលរបស់បុគ្គល/គ្រួសារ ឬកំណើនសេដ្ឋកិច្ចប្រទេសមិនសូវល្អ វានឹងជំរុញឱ្យមនុស្សកាត់បន្ថយការចំណាយដែលមិនចាំបាច់ក្រៅពីចំណីអាហារប្រចាំថ្ងៃ។
លោកប្រាប់ទៀតថា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបានអនុម័តឱ្យក្រុមហ៊ុនកាន់តែច្រើនចូលមកបើករោងចក្រ/អាជីវកម្មនៅកម្ពុជានោះ នឹងធ្វើឱ្យសមត្ថភាពផលិតកម្មនៅកម្ពុជាកើនឡើងកាន់តែខ្ពស់។
លោកបញ្ជាក់ថា៖ «នៅពេលកំណើនសេដ្ឋកិច្ចពិភពលោកល្អឡើងវិញ ការនាំចេញទំនិញរបស់កម្ពុជានឹងកើនខ្ពស់បន្ថែមទៀត ខណៈការនាំចូលទំនិញសម្រាប់បំពេញ ឱ្យតម្រូវការប្រើប្រាស់ប្រចាំថ្ងៃអាចធ្លាក់ចុះបន្តិចដោយសារកំណើនផលិតកម្មក្នុងស្រុក ប៉ុន្តែទំនិញដែលវត្ថុធាតុដើមសម្រាប់បំពេញឱ្យការកែច្នៃ ឬផលិតដើម្បីនាំចេញ នឹងកើនឡើង»។
លោកបានពន្យល់ថា មូលហេតុដែលការនាំចេញទំនិញរបស់កម្ពុជាកើនឡើងនេះ គឺដោយសារគុណភាពទំនិញរបស់កម្ពុជាត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ ខណៈទីផ្សារនាំចេញមានកាន់តែច្រើន និងទទួលបានភាពអនុគ្រោះពន្ធផងដែរ។
ប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ បាននិយាយថា បន្ទាប់ពីធ្លាក់ចុះយ៉ាងគំហុករយៈពេលជាង ១ ឆ្នាំ នៅពេលនេះស្ថានភាពទីផ្សារនាំចេញផលិតផលស្បែកជើង និងវត្ថុប្រហាក់ប្រហែល បានបង្ហាញពីភាពល្អប្រសើរឡើងវិញខ្លះៗហើយ ដោយលោករំពឹងថា នៅឆ្នាំ ២០២៤ ខាងមុខ ការនាំចេញផលិតផលស្បែកជើង និងទំនិញចម្រុះជាច្រើនមុខផ្សេងទៀតនឹងកើនឡើង។
លោកបានអះអាងថា៖ «យើងមានសុទិដ្ឋិនិយមថា នៅឆ្នាំ ២០២៤ ការបញ្ជាទិញនឹងកើនឡើងវិញខ្លះៗ»៕