ភ្នំពេញៈ ការនាំចេញទំនិញពីកម្ពុជា ទៅទីផ្សារប្រទេសចិន ក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៣ មានទឹកប្រាក់ជាង ១,៣ ពាន់លានដុល្លារ កើនឡើងជិត ២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ខណៈទឹកប្រាក់សរុបនៃពាណិជ្ជកម្មទ្វេភាគី មានជាង ១១ ពាន់លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
តារាងស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់ GDCE ឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ការនាំទំនិញពីកម្ពុជាទៅប្រទេសចិនមានទឹកប្រាក់ ១,៣១ ពាន់លានដុល្លារ កើនឡើង ១៨,៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមានចំនួន ១,១១ ពាន់លានដុល្លារ ចំណែកទំនិញដែលប្រទេសចិននាំមកកម្ពុជា មានចំនួន ៩,៧៦ ពាន់លានដុល្លារ កើនឡើង ៣,១ ភាគរយពីចំនួន ៩,៤៧ ពាន់លានដុល្លារ។ សម្រាប់ទឹកប្រាក់នៃពាណិជ្ជកម្មទ្វេភាគី គឺមានចំនួន ១១,០៨ ពាន់លានដុល្លារ កើន ៤,៧ ភាគរយពីចំនួន ១០,៥៨ ពាន់លានដុល្លារ។
ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ បានគ្របដណ្តប់ ២៦,០៦ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា រយៈពេល ១១ ខែ ឆ្នាំ២០២៣ ដែលមានចំនួន ៤២,៥ ពាន់លានដុល្លារ។ ផ្អែតតាមទិន្នន័យ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឱនភាព ៨,៤៥ ពាន់លានដុល្លារ ខណៈរយៈពេលដូចគ្នាឆ្នាំ២០២២ មានចំនួន ៨,៣៦ ពាន់លានដុល្លារ។
GDCE ឱ្យដឹងទៀតថា សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង២ មានទឹកប្រាក់សរុប ១,០១ពាន់លានដុល្លារ កើនឡើង ៥,៩៤ ភាគរយធៀបខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានចំនួន ៩៥៤,៩៧ លានដុល្លារ។ ក្នុងនោះទំនិញកម្ពុជានាំទៅចិន ១៣៦,០៧ លានដុល្លារ កើនឡើង ១១,៩ ភាគរយ និងទំនិញនាំពីប្រទេសចិនមកកម្ពុជា ៨៧៥,៦២ លានដុល្លារ កើនឡើង ៥,១ ភាគរយ។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភា បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី១២ ខែធ្នូ ថា ចំនួនទឹកប្រាក់នាំចេញទៅប្រទេសចិនដែលកើនឡើងជាបន្តបន្ទាប់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺអាចបានមកពីកំណើននៃការនាំចេញកសិផល ដែលត្រូវបានអាជ្ញាធរចិនអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសខ្លួនកាន់តែច្រើន ខណៈពីមុនមកការនាំចេញត្រូវធ្វើឡើងតាមរយៈប្រទេសជិតខាង។
ក្រៅកសិផលកម្ពុជាក៏បាននាំចេញផលិតផលវាយនភណ្ឌ និងគ្រឿងបង្គុំមួយចំនួនទៅទីផ្សារប្រទេសចិនផងដែរ។ លោកបន្តថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) កាលពីដើមឆ្នាំ២០២២ ក៏ជាចំណែកមួយ ដែលជួយឱ្យការនាំចេញទំនិញកើនឡើងផងដែរ។
លោកបានថ្លែងថា៖«ទោះបីចំនួនទឹកប្រាក់នាំចេញទំនិញទៅប្រទេសចិនកើនឡើង ប៉ុន្តែបរិមាណនេះនៅតែទាបនៅឡើយបើធៀបនឹងទំហំសេដ្ឋកិច្ច និងចំនួនប្រជាជនដ៏ច្រើននៅប្រទេសចិន។ កម្ពុជាចាំបាច់ត្រូវតែខិតខំធ្វើពិពិធកម្មទំនិញនាំចេញរបស់ខ្លួនឱ្យមានលក្ខណៈចម្រុះ និងច្រើនបន្ថែមទៀត»។
លោកប្រាប់ទៀតថា ជាមួយគ្នានេះចំនួនវិនិយោគិនចិនដែលកំពុងបណ្តាក់ទុននៅកម្ពុជាក៏មានច្រើនដែរនាពេលនេះ។
ទំនិញដែលកម្ពុជានាំទៅប្រទេសចិន មានភាគច្រើនជាផលិតផលកសិកម្ម និងវាយនភណ្ឌ ចំណែកការនាំចូលរបស់ចិនគឺមានផលិតផលចម្រុះជាច្រើនដូចជា វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌ គ្រឿងសំណង់ ឱសថ រថយន្ត គ្រឿងម៉ាស៊ីន ឧបករណ៍អេឡិចត្រូនិក អគ្គិសនី ចំណីអាហារ ថ្នាំគីមីកសិកម្ម ជាដើម។ នេះបើតាមលោក ហុង វណ្ណៈ។
ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ទុនវិនិយោគរបស់ជនជាតិចិន បាននាំមុខគេក្នុងការវិនិយោគផ្ទាល់នៅកម្ពុជា ដោយមានចំណែកប្រមាណ ៤៥ ភាគរយ នៃចំនួនសរុប ១៨៥,៧ ទ្រីលានរៀល តាមពីក្រោយដោយវិនិយោគិនកូរ៉េខាងត្បូង, សិង្ហបុរី, ជប៉ុន វៀតណាម ម៉ាឡេស៊ី និងថៃ ជាដើម។
អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ជា វុទ្ធី នៅក្នុងជំនួបទ្វេភាគីជាមួយគណៈប្រតិភូនៃសមាគមសភាពាណិជ្ជកម្មចិន ដែលដឹកនាំដោយលោក Lin Shiqiang ជាប្រធានសមាគម កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា បច្ចុប្បន្នមានវិស័យអាទិភាពចម្បងចំនួន២ នៅក្នុងច្បាប់វិនិយោគថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា ដែលវិនិយោគិនចិនគួរចាប់អារម្មណ៍ គឺការវិនិយោគក្នុងវិស័យ ដែលមានបច្ចេកវិទ្យាខ្ពស់ និងការវិនិយោគក្នុងវិស័យកសិកម្មនិងការកែច្នៃ សម្រាប់បម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ។
ក្នុងន័យដើម្បីទាក់ទាញវិនិយោគិនចិនឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត លោក ជា វិទ្ធី បានថ្លែងថា៖«ក្នុងច្បាប់វិនិយោគថ្មី វិស័យអាទិភាព មានចំនួន១៩ ដែលក្នុងនោះមានវិស័យអាទិភាព២ ដែលយើងកំពុងចង់បានខ្លាំងបំផុតនោះ គឺទី១ ការវិនិយោគក្នុងវិស័យដែលមានបច្ចេកវិទ្យាខ្ពស់ ប្រកបដោយនវានុវត្តន៍ និងការស្រាវជ្រាវ និងការអភិវឌ្ឍ និងទី២ ការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ឧស្សាហកម្មច្នៃចំណីអាហារដែលបម្រើទីផ្សារក្នុងស្រុក ឬការនាំចេញ»។
លោកបន្តថា បច្ចុប្បន្នវិនិយោគគិនចិន គឺជាអ្នកបណ្តាក់ទុននៅកម្ពុជាច្រើនជាងគេ ដោយក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគដែលមានទំហំទុនវិនិយោគប្រមាណជិត ៤ ពាន់លានដុល្លារ ក្នុងនោះទុនវិនិយោគរបស់ចិនមានប្រមាណ ៧៦ ភាគរយ។
បើតាមលោក ជា វុទ្ធី ដើម្បីសម្រួលដល់វិនិយោគិនចិន បច្ចុប្បន្ននៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏មាន តុចិន (China Desk) សម្រាប់រង់ចាំផ្តល់ការប្រឹក្សាជូនវិនិយោគិនចិនផងដែរ។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ក្នុងឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មកម្ពុជា-ចិន មានទឹកប្រាក់សរុប ១១,៦៩ ពាន់លានដុល្លារ កើនឡើង ៤,៤ ភាគរយធៀបឆ្នាំ២០២១ ក្នុងនោះកម្ពុជា នាំទំនិញទៅទីផ្សារប្រទេសចិន ១,២៤ ពាន់លានដុល្លារ ថយចុះ ១៧,៩ភាគរយ និងទំនិញចិននាំមកកម្ពុជាចំនួន ១០,៤៥ ពាន់លានដុល្លារ កើន ៧,៩ភាគរយ៕