ភ្នំពេញៈ ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជាបានលើកឡើងថា ទ្វីបអាស៊ី ពិសេសតំបន់អាស៊ីអាគ្នេយ៍ កំពុងក្លាយជាកន្លែងដ៏ទាក់ទាញការវិនិយោគវិស័យអចលនទ្រព្យ ខណៈវិស័យអចលនទ្រព្យនៅឆ្នាំ ២០២៤ ត្រូវបានរំពឹងថានឹងមានភាពល្អប្រសើរច្រើនបើធៀបនឹងឆ្នាំ ២០២៣។
នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៣ និងលើកផែនការសកម្មភាព ឆ្នាំ ២០២៤ របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បាននិយាយថា បន្ទាប់ពីឆ្លងកាត់ការវិវឌ្ឍជាច្រើនដំណាក់កាល និងច្រើនឆ្នាំមក បច្ចុប្បន្នទីផ្សារអចលនទ្រព្យ និងសំណង់ នៅទ្វីបអាស៊ី ពិសេសតំបន់អាស៊ាន បានចាប់ផ្តើមបង្ហាញវឌ្ឍនភាពលឿនជាងកន្លែងផ្សេងៗទៀតលើពិភពលោក។
លោកបន្តថា នេះជាឱកាសល្អសម្រាប់អ្នកនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាដែលត្រូវតែខិតខំអភិវឌ្ឍន៍សមត្ថភាពជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឱ្យបានកាន់តែល្អបន្ថែមទៀតដើម្បីបង្កើនទំនុកចិត្តដល់អ្នកវិនិយោគជាតិ និងអន្តរជាតិឱ្យចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។
ជាមួយនេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានចូលរួមយ៉ាងសកម្មផងដែរជាមួយផ្នែកឯកជនតាមរយៈការដាក់ចេញវិធានការនានាដើម្បីជួយគាំទ្រ ក្នុងន័យស្តារវិស័យអចលនទ្រព្យ និងសំណង់កម្ពុជាឱ្យងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះយ៉ាងគំហុកចាប់តាំងពីការផ្ទុះឡើងនៃវត្តមានជំងឺកូវីដ ១៩ កាលពីចុងឆ្នាំ ២០១៩។ ការកើនឡើងនៃវិស័យទេសចរណ៍ ជាចំណែកសំខាន់មួយក្នុងការស្តារមុខមាត់ទីផ្សារអចលនទ្រព្យ និងសំណង់។
លោកថ្លែងថា៖ «ទ្វីបអាស៊ី ពិសេសតំបន់អាស៊ាន រួមទាំងប្រទេសកម្ពុជា កំពុងក្លាយជាទីតាំងដ៏ល្អសម្រាប់ទីផ្សារអចលនទ្រព្យ និងសំណង់។ នេះជាឱកាសសម្រាប់ក្រុមហ៊ុន ឬភ្នាក់ងារដែលមានអាជ្ញាបណ្ណ និងវិជ្ជាជីវៈ ទាំងអស់ក្នុងការចាប់យកឱកាសនេះ»។
បើតាមលោក សន សៀប ការយល់ឃើញពីនិន្នាការទីផ្សារអចលនទ្រព្យនៅអាស៊ី ពិសេសតំបន់អាស៊ាននេះ គឺមិនមែនជាទស្សនៈរបស់លោកតែម្នាក់ឯងនោះទេ ប៉ុន្តែក៏មានម្ចាស់គម្រោងវិនិយោគវិស័យអចលនទ្រព្យច្រើនរូបដែលបានចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ីឆ្នាំ ២០២៣ របស់ PropertyGuru នៅទីក្រុងបាងកក ប្រទេសថៃ កាលពីចុងសប្តាហ៍មុនបានលើកឡើងផងដែរ។
លោកថ្លែងថា៖ «ក្នុងកម្មវិធីប្រគល់ពានរង្វាន់ PropertyGuru នៅប្រទេសថៃ កាលពីចុងសប្តាហ៍មុន មានម្ចាស់ក្រុមហ៊ុនកំពុងវិនិយោគលើគម្រោងអចលនទ្រព្យ និងសំណង់រាប់ពាន់កន្លែងនៅប្រទេសចិន ម៉ាឡេស៊ី និងកោះតៃវាន់ ជាដើម បានប្រាប់ខ្ញុំថា អាស៊ី ពិសេសអាស៊ាន គឺជាកន្លែងដ៏ពិសេសសម្រាប់ការបណ្តាក់ទុនលើវិស័យអចលនទ្រព្យ និងសំណង់»។
សមាជិកក្រុមប្រឹក្សាភិបាល CVEA លោក វ៉ា វិរៈ បាននិយាយថា កំណើនសេដ្ឋកិច្ចពិភពលោកតំបន់ និងការជួយអន្តរាគមន៍របស់រដ្ឋាភិបាលលើវិស័យអចលនទ្រព្យ និងសំណង់ នឹងជួយធ្វើឱ្យវិស័យអចលនវត្ថុនៅកម្ពុជាមានការរីកចម្រើនឡើងវិញក្នុងពេលឆាប់ៗ ខណៈឆ្នាំ ២០២៣ អាចចាត់ទុកជាពេលមិនសូវល្អឡើយសម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា ដោយរាប់តាំងពីការទិញ លក់ ជួល។
លោកបន្តថា បើផ្អែកតាមការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដូចជា ADB, IMF និង WB នោះ គឺកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ និងខ្ពស់ជាងឆ្នាំនេះដូច្នេះវិស័យអចលនទ្រព្យនៅឆ្នាំក្រោយ នឹងល្អប្រសើរជាងពេលនេះ។
លោកនិយាយថា៖ «ខ្ញុំគិតថាចាប់ពីពេលនេះទៅគឺជាឱកាសដ៏ល្អសម្រាប់អ្នកដែលចង់ទិញអចលនទ្រព្យ ឬចង់វិនិយោគលើវិស័យនេះ បើសិនក្នុងករណីគាត់មានលំហូរសាច់ប្រាក់ល្អត្រឹមត្រូវ ប៉ុន្ដែបើគាត់ប្រើប្រាស់កម្ចីដែលមានការប្រាក់ខ្ពស់គួរតែកុំវិនិយោគ»។
ចំណែកអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិល លោក ចេង ខេង ដែលត្រូវបានគេចាត់ទុកថាជាអ្នកប្រកបអាជីវកម្មក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាយូរជាងគេ គឺប្រមាណ ៣ ទសវត្សរ៍មកហើយនោះ បាននិយាយថា ចាប់តាំងពីដើមឆ្នាំ ២០២០ រហូតដល់ដើមឆ្នាំ ២០២៣ វិស័យអចលនទ្រព្យនៅកម្ពុជាមិនសូវមានដំណើរការល្អទេដោយសាររងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ ១៩ និងបញ្ហាជម្លោះភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅប្រទេសមួយចំនួន។
លោកបន្តថា ទោះយ៉ាងណាសញ្ញានៃការងើបឡើងនៃទីផ្សារអចលនទ្រព្យ និងសំណង់នៅកម្ពុជាបានចាប់ផ្តើមបង្ហាញពន្លឺវិជ្ជមានវិញជាបណ្តើរៗហើយ។
លោកអះអាងថា៖ «ជាទូទៅខ្ញុំមើលឃើញថា ចុងឆ្នាំ ២០២៣ នេះសកម្មភាពការទិញ-លក់ ជួល ក្នុងវិស័យអចលនទ្រព្យ និងសំណង់ បានផ្តើមកម្រើកឡើងវិញជាបណ្តើរៗហើយ។ ខ្ញុំគិតថា នេះជាសញ្ញាល្អ ដែលធ្វើឱ្យវិស័យនេះក្នុងឆ្នាំ ២០២៤ ខាងមុខនឹងដំណើរការល្អឡើងវិញ»។
ដើម្បីបន្តជួយគាំទ្រដល់វិស័យសំណង់ និងអចលនទ្រព្យ រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានប្រកាសបន្តអនុវត្តវិធានការមួយចំនួនពីរដ្ឋាភិបាល អាណត្តិទី៦ ដែលមានដូចជា ការបន្តពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់, បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់, បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន, បន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានតម្លៃស្មើ ឬក្រោម ៧ ម៉ឺនដុល្លារ, ការស្នើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុធ្វើការរៀបចំឥណទានឡើងវិញ, ការលើកលែងការពិន័យផ្សេងៗ, និងការពន្យារពេលអនុវត្តសេចក្តីសម្រេចស្តីពីកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុជាដើម៕