ភ្នំពេញៈ កម្ពុជាបានឈរលើតារាងឈានមុខគេក្នុងបញ្ជីវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជាមួយនឹងលំហូរការវិនិយោគខ្លាំងដែលរំពឹងទុកនៅឆ្នាំ ២០២៤ ដោយសារតែសេដ្ឋកិច្ចស្ទុះងើបវិញដ៏រឹងមាំ ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករថា នឹងកើនឡើងចំនួន ៦,១ ភាគរយនៅឆ្នាំក្រោយ។ នេះបើយោងតាមរបាយការណ៍ថ្មីៗបានពីបញ្ជីតាមដានប្រចាំឆ្នាំរបស់ fDi Intelligence។
របាយការណ៍ fDi Intelligence បញ្ជាក់ថា ការសិក្សាដែលវាយតម្លៃដំណើរផ្លូវម៉ាក្រូសេដ្ឋកិច្ច និងការវិនិយោគផ្ទាល់ពីបរទេស (FDI) នៃគោលដៅ FDI ឈានមុខគេទាំង ៥០ លើពិភពលោក ដោយប្រើទិន្នន័យបានពី IMF និង fDi Markets ជាក្រុមហ៊ុនត្រួតពិនិត្យការវិនិយោគបរទេស បង្ហាញប្រទេសទាំងនោះដែលកំពុងចូលឆ្នាំថ្មីជាមួយនឹងសន្ទុះម៉ាក្រូសេដ្ឋកិច្ច និង FDI ដ៏រឹងមាំ ខណៈពិភពលោកនៅបន្តជម្នះនឹងការស្ទុះងើបឡើងវិញដែលមិនស្មើគ្នាក្រោយការរីករាលដាលជំងឺកូវីដ ១៩។
របាយការណ៍បន្តថា៖ «អាស៊ីបានដំណើរការយ៉ាងល្អនៅក្នុងបញ្ជីឃ្លាំមើលឆ្នាំនេះ ដែលមានប្រទេសចំនួន ៦ ឈរលើតារាងឈានមុខគេទាំង ១០ ក្នុងនោះ កម្ពុជានាំមុខគេលើតារាងឃ្លាំមើលទាំងមូល ចំណែកហ្វីលីពីន នៅលេខរៀងទី២, អ៊ីរ៉ាក់ លេខ ៤, កាហ្សាក់ស្ថាន លេខ៦, អាស៊ែបៃហ្សង់ លេខ ៧ និងឥណ្ឌានៅលេខ១០។ ប្រទេសអាហ្រ្វិក តែ ៣ ប៉ុណ្ណោះដែលបានឈរលើតារាងឈានមុខគេទាំង ១០ គឺប្រទេសកេនយ៉ា នៅលេខ៣, ណាមីប៊ី លេខ ៥, និងម៉ារ៉ុក នៅលេខ ៨។ ស៊ែប៊ី គឺជាប្រទេសតែមួយគត់ដែលនៅក្រៅតំបន់អាស៊ី និងអាហ្រ្វិក ដែលប្រទេសនេះក្លាយជាប្រទេសឈរលើគេក្នុងតារាងក្នុងចំណោមបណ្ដាប្រទេសឈានមុខគេទាំង ១០ ដោយបានចំណាត់ថ្នាក់ទី៩»។
លោក ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាវិនិយោគកម្ពុជា (CDC) បានថ្លែងក្នុងវេទិកាធុរកិច្ចកាលពីខែសីហាថា កម្ពុជាមានសក្តានុពលសេដ្ឋកិច្ច សន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច។ លោកបន្តថា វិស័យឯកជនជាកម្លាំងចលករដ៏សំខាន់សម្រាប់ការចូលរួមក្នុងការអនុវត្តសេដ្ឋកិច្ចជាតិ។
លោកថ្លែងថា៖ «យើងមើលឃើញថា FDI ក្នុងមួយឆ្នាំមានជិត ៤ ពាន់លានដុល្លារ។ ក្នុងឆ្នាំ ២០២០ អាស៊ានបានធ្លាក់ចុះយ៉ាងគំហុកប្រហែល ៤០ ភាគរយ ប៉ុន្តែ FDI នៅតែមានស្ថិរភាពសម្រាប់យើងក្នុងរង្វង់ ៣,៦ ពាន់លានដុល្លារ»។
នៅឆមាសទី១ វិនិយោគិនកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១ ដោយសារតែមានទំនុកចិត្តលើស្ថានភាពវិនិយោគក្នុងប្រទេស និងការជឿលើការដឹកនាំ។
សម្រាប់ FDI ការវិនិយោគពីប្រទេសចិនមានចំនួន ៤២,១ ភាគរយ បន្ទាប់មកប្រទេសថៃ ១,០៩ ភាគរយ, ជប៉ុន ០,៩៨ ភាគរយ, កោះកៃម៉ាន ០,៥២ ភាគរយ,សាម័រ ០,៥០ ភាគរយ, កូរ៉េខាងត្បូង ០,៤៥ ភាគរយ, តំបន់ British Virgin Islands ០,៣២ ភាគរយ សិង្ហបុរី ០,៣១ ភាគរយ និងម៉ាឡេស៊ី ០,១៩ ភាគរយ។
សម្រាប់ទុនវិនិយោគគិតត្រឹមរយៈពេល ៦ ខែដើមឆ្នាំ ២០២៣ មាន ១២៨ គម្រោង (១,៣ ពាន់លានដុល្លារ) ធៀបនឹង ១១១ គម្រោង (៣,១ ពាន់លានដុល្លារ) ក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើយោងតាម តួលេខរបស់ CDC។
យោងតាមរបាយការណ៍ចុងក្រោយរបស់ IMF កំណើនសេដ្ឋកិច្ចរបស់អាស៊ានត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៤,២ ភាគរយនៅឆ្នាំនេះ និង ៤,៦ ភាគរយនៅឆ្នាំ ២០២៤។
ទន្ទឹមនឹងនោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅក្នុងឆ្នាំនេះត្រូវបានកែតម្រូវពីចំនួន ៥,៨ ភាគរយមកនៅត្រឹម ៥,៦ ភាគរយដោយ IMF ក្នុងខែមេសា ដោយសារតែការព្យាករលើកមុន សម្រាប់ឆ្នាំ ២០២៤ មានចំនួន ៦,២ ភាគរយ បានកែតម្រូវធ្លាក់ចុះបន្តិចមកនៅត្រឹម ៦,១ ភាគរយ៕