ភ្នំពេញៈ ចក្រភពអង់គ្លេសបានប្តេជ្ញានឹងជួយលើកកម្ពស់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជា ដែលជាការរួមចំណែកដើម្បីបង្កើនការប្រកួតប្រជែងរបស់ប្រទេសកម្ពុជា ក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូន និងឡូជីស្ទិក។
ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេសធ្វើឡើងបន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា កាលពីថ្ងៃទី ៨ ខែធ្នូ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាតាលីករ ការកំណត់អត្តសញ្ញាណ និងធានាប្រភពថវិកា និងការសម្របសម្រួលការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធក្រោមយន្តការភាពជាដៃគូសាធារណៈ និងឯកជន នៅកម្ពុជា។
MoU នេះបានចុះហត្ថលេខារវាងលោក មាស សុខសេនសាន រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។ នេះបើយោងតាម MEF។
តាមរយៈ MoU នេះរដ្ឋាភិបាលចក្រភពអង់គ្លេស មានបំណងផ្តល់ការគាំទ្របច្ចេកទេស និងជំរុញការវិនិយោគដល់កម្ពុជា តាមរយៈក្របខ័ណ្ឌភាពជាដៃគូវិនិយោគរបស់ចក្រភពអង់គ្លេស, ដោយកៀរគរធនធាន ជំនាញឯកទេសពីវិស័យឯកជន និងការតភ្ជាប់ទៅប្រភពហិរញ្ញប្បទាននានា ក្នុងតំបន់ និងអន្តរជាតិ ដើម្បីមកបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។
ក្នុងឱកាសពិធីចុះហត្ថលេខានេះ លោក មាស សុខសេនសាន បានលើកបញ្ជាក់ពីសារៈសំខាន់នៃ «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល ដែលផ្តោតលើសរសរស្តម្ភគន្លឹះៗ ចំនួន ៥ ពោល គឺកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាពក្នុងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ ២០៥០។
លោកលើកឡើងថា ជាផ្នែកមួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម (SOPs) សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ត្រូវបានដាក់ឱ្យប្រើតាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកាលពីខែសីហា ឆ្នាំ ២០២២ ដែលនឹងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាពិសេសការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការលើកកម្ពស់ការផ្តល់សេវាសាធារណៈនៅកម្ពុជា។
លោកបានថ្លែងថា៖ «ផ្អែកលើមូលដ្ឋាននេះ ក្រសួងសេដ្ឋកិច្ចសហការជាមួយនឹងការិយាល័យបរទេស, សហធនរដ្ឋ និងការអភិវឌ្ឍ (FCDO) នៃចក្រភពអង់គ្លេស ប្តេជ្ញាបន្តពង្រឹងកិច្ចសហការរវាងប្រទេសទាំង ២ និងជំរុញនូវការវិនិយោគពីចក្រភពអង់គ្លេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា»៕