ភ្នំពេញៈ ផ្នែកឯកជនវិស័យទេសចរណ៍កម្ពុជារំពឹងថា ចំនួនភ្ញៀវទេសចរ និងអ្នកវិនិយោគវៀតណាម រួមទាំងជនបរទេសផ្សេងទៀតនឹងចូលមកកម្ពុជាកាន់តែច្រើន បន្ទាប់ពីថ្នាក់ដឹកនាំកម្ពុជា និងវៀតណាម សន្យានឹងពង្រឹង និងពង្រីកការហោះហើរត្រង់រវាងរដ្ឋធានីហាណូយ (វៀតណាម) មកខេត្តសៀមរាប ដែលជារមណីយដ្ឋានទេសចរណ៍ដ៏ល្បីនៅកម្ពុជា។
ក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ ២០២៣ ដែលរៀបចំធ្វើនៅរដ្ឋធានីហាណូយ កាលពីថ្ងៃទី ១២ ខែធ្នូ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ បានឯកភាពគ្នាជំរុញការហោះហើរត្រង់ពីរដ្ឋធានីហាណូយ និងខេត្តសៀមរាប ឱ្យកាន់តែសកម្មបន្ថែមទៀត។ តាមរយៈជើងហោះហើរនេះ ភាគីទាំង ២ រំពឹងនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនឱ្យគ្នាទៅវិញទៅមក។
ក្នុងឱកាសនោះក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet ក៏បានប្រកាសពីពិធីសម្ពោធផ្លូវហោះហើរដែលភ្ជាប់ពីរដ្ឋធានីហាណូយ មកខេត្តសៀមរាបផងដែរ។ ក្រុមហ៊ុន Vietjet នឹងចាប់ផ្តើមបើកការហោះហើរត្រង់ពីថ្ងៃទី ១៥ ខែធ្នូខាងមុខជាមួយនឹងជើងហោះហើរទៅមកចំនួន ៧ ដងក្នុង ១ សប្តាហ៍ ដោយប្រើពេល ១ ម៉ោង៤៥ នាទី។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងថា ការជំរុញឱ្យមានការហោះហើរកាន់តែច្រើនរវាងហាណូយ និងសៀមរាប នឹងជួយឱ្យកម្ពុជាទទួលបានភ្ញៀវបរទេសកាន់តែច្រើន ខណៈបច្ចុប្បន្នហាណូយមានជើងហោះហើរត្រង់ពីប្រទេសជាច្រើនលើពិភពលោកចុះចត។ នៅពេលការតភ្ជាប់ល្អ លំហូរភ្ញៀវវៀតណាម និងជនបរទេសផ្សេងទៀតមកកម្ពុជា នឹងមានចំនួនកាន់តែច្រើន។
លោកស្រីបញ្ជាក់ថា៖«តាមរយៈការជំរុញជើងហោះហើរនេះ កម្ពុជារំពឹងនឹងទទួលបានកំណើនភ្ញៀវទេសចរអន្តរជាតិ និងកំណើនវិនិយោគបរទេសកាន់តែច្រើន។ នៅពេលមានទេសចរកាន់តែច្រើន កំណើនសេដ្ឋកិច្ចក៏កើនឡើងដែរ»។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងថា ការពង្រឹង និងពង្រីកជើងហោះហើរត្រង់គឺជាផ្នែកសំខាន់មួយនៃការទាក់ទាញភ្ញៀវ ឬវិនិយោគិនបរទេសឱ្យមកកម្ពុជាកាន់តែច្រើន។ សេវាកម្មហោះហើរកម្ពុជា-វៀតណាម កំពុងបង្ហាញភាពវិជ្ជមាន។
លោកប្រាប់ថា៖«តាមរយៈដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសវៀតណាម យើងរំពឹងថា ជើងហោះហើររវាងប្រទេសទាំង ២ នឹងកាន់តែសកម្មថែមទៀត»។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បាននិយាយថា ជើងហោះហើរត្រង់ពីក្រុងសំខាន់ៗរបស់វៀតណាម រួមទាំងរដ្ឋធានីហាណូយ មកខេត្តសៀមរាប គឺមានជាហូរហែប្រហែល ១០ ឆ្នាំហើយ។ កិច្ចព្រមព្រៀងដែលកម្ពុជា-វៀតណាម បានធ្វើរួមគ្នាកាលពីថ្ងៃទី ១២ ខែធ្នូ នឹងជួយលើកទឹកចិត្តបន្ថែមទៀតឱ្យផ្នែកអាកាសចរណ៍នៃប្រទេសទាំង ២ ពង្រឹង និងពង្រីកការហោះហើររបស់ខ្លួនឱ្យកាន់តែច្រើន។
លោកថ្លែងថា៖«ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជើងហោះហើរ នឹងរួមចំណែកយ៉ាងច្រើនដល់វិស័យទេសចរណ៍នៅខេត្តសៀមរាប»។
បើតាមលោក ខៀវ ធី បច្ចុប្បន្នជើងហោះហើរមកពីវៀតណាម ដែលមកចុះចតនៅខេត្តសៀមរាប គឺមានមកពីហាណូយ និងហូជីមិញ ខណៈមុនមានវត្តមានជំងឺកូវីដ១៩ ក៏មានជើងហោះហើរត្រង់ពីទីក្រុងដាណាង និងទីក្រុងមួយចំនួនទៀតដែរ។
លោក ខៀវ ធី បានបន្ថែមថា ទន្ទឹមនឹងការបង្កភាពងាយស្រួលឱ្យភ្ញៀវមកកម្សាន្ត រដ្ឋាភិបាល និងផ្នែកឯកជនកម្ពុជា ក៏ត្រូវតែធ្វើការរួមគ្នាឱ្យកាន់តែសកម្មថែមទៀត ដើម្បីធ្វើឱ្យការមកកម្សាន្តរបស់ភ្ញៀវបរទេសនៅប្រទេសកម្ពុជាមានរយៈពេលកាន់តែយូរថ្ងៃ៕