ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាគ្រោងបោះផ្សាយមូលបត្ររដ្ឋដែលមានតម្លៃ ១០០ លានដុល្លារសម្រាប់ឆ្នាំ ២០២៤ ដើម្បីប្រមូលមូលនិធិបន្ថែមតាមរយៈទីផ្សារមូលធនសម្រាប់យកទៅគាំទ្រដល់គម្រោងវិនិយោគសាធារណៈ។
បើយោងតាមច្បាប់គ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ ២០២៤ (FML) ដែលបានឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រកាលពីថ្ងៃទី ១១ ខែធ្នូ អនុញ្ញាតឱ្យរដ្ឋាភិបាលអាចបោះផ្សាយមូលបត្ររដ្ឋ ដែលមានតម្លៃ ៤៤០ ពាន់លានរៀល (១០០ លានដុល្លារ) ដើម្បីសងប្រាក់ដើម និងការប្រាក់នៃការបោះផ្សាយមូលបត្រនេះកាលពីឆ្នាំ ២០២២។
FML បានឱ្យដឹងថា៖ «ការបោះផ្សាយនេះ គឺសម្រាប់ផ្តល់ហិរញ្ញប្បទានលើគម្រោងវិនិយោគដែលអាចផ្តល់ចំណូលត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័ស ដើម្បីធានាបានប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ និងថវិកាជាតិ»។
រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) បានចាប់ផ្តើមបោះផ្សាយមូលបត្ររដ្ឋតាំងពីឆ្នាំ ២០២២ ដោយបានជ្រើសរើសថ្នាលជួញដូរអនឡាញរបស់ធនាគារជាតិនៃកម្ពុជា (NBCP) ជាភ្នាក់ងារបោះផ្សាយ។ បច្ចុប្បន្ន MEF ក៏កំពុងធ្វើការជាមួយផ្សារមូលបត្រកម្ពុជា (CSX) ដើម្បីជ្រើសរើស CSX គឺជាភ្នាក់ងារបោះផ្សាយមួយទៀតផងដែរ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ដែលមិនអាចសុំការអត្ថាធិប្បាយបានពីថ្ងៃទី ១៣ ខែធ្នូ ធ្លាប់ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីពេលថ្មីៗថា នៅឆ្នាំ ២០២៣ រដ្ឋាភិបាលបានចេញមូលបត្រដែលមានតម្លៃ ២០០ លានដុល្លារ ហើយឆ្នាំ ២០២២ មានតម្លៃ ៣០០ លានដុល្លារ។
លោកបានពន្យល់ថា តាមក្របខ័ណ្ឌគោលនយោបាយ មូលបត្ររដ្ឋអាចទិញបានតែនៅលើទីផ្សារបឋមតែប៉ុណ្ណោះដែលភាគច្រើនទិញដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនធានារ៉ាប់រង បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងអង្គភាពស្រដៀងៗគ្នានេះជាច្រើនទៀត។
លោក សុខសេនសាន បានថ្លែងថា៖«វិនិយោគិនផ្សេងទៀតរួមទាំងសាធារណជន នឹងអាចវិនិយោគលើមូលបត្ររដ្ឋនៅលើទីផ្សារបន្ទាប់ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងតែជំរុញឱ្យមានឆាប់តាមដែលអាចធ្វើទៅបាន»។
លោក ហុង សុហួរ អគ្គនាយក CSX ឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចាត់តាំងស្ថាប័នចំនួន ២ គឺ CSX និងធនាគារជាតិនៃកម្ពុជា (NBC) ជាភ្នាក់ងារបោះផ្សាយមូលបត្ររដ្ឋ ដើម្បីប្រមូលមូលនិធិសម្រាប់ការវិនិយោគសាធារណៈ។
លោកថ្លែងថា៖ «សម្រាប់ការចូលរួមក្នុងការបោះផ្សាយទាំងនេះ យើងនឹងជួយកៀរគរមូលនិធិបន្ថែមក្នុងការបំពេញផែនការរបស់រដ្ឋាភិបាល»។
យោងតាមទិន្នន័យនៅពេលថ្មីៗរបស់ MEF នៅចុងត្រីមាសទី៣ ឆ្នាំ ២០២៣ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១០,៧២ ពាន់លានដុល្លារ ក្នុងនោះ ៩៩,៥ ភាគរយ ត្រូវនឹងប្រមាណ ១០,៦៧ ពាន់លានដុល្លារជាបំណុលសាធារណៈក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ ៦៤ ភាគរយ និងក្របខ័ណ្ឌពហុភាគីប្រមាណ ៣៦ភាគរយ) និង ០,៥ ភាគរយ ត្រូវនឹងប្រមាណ ៥១,៩៩ លានដុល្លារអាមេរិកជាបំណុលសាធារណៈក្នុងប្រទេស។
នៅត្រីមាសទី៣ ឆ្នាំ ២០២៣ រដ្ឋាភិបាលបានទូទាត់សេវាបំណុល ១៩០,២លានដុល្លារ។ ពីត្រីមាសទី១ ដល់ត្រីមាសទី ៣ ឆ្នាំ ២០២៣ រដ្ឋាភិបាលបានទូទាត់សេវាបំណុល ៤៣៧,៥៦ លានដុល្លារ ក្នុងនោះក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេសមានចំនួនប្រមាណ ៤២៦,៦៨ លានដុល្លារអាមេរិក និងក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេសមានប្រមាណ ១០,៨៨ លានដុល្លារអាមេរិក៕